ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ការនាំចេញទំនិញពីតំបន់សដ្ឋកិច្ចពិសេស​ចំនួន២ របស់ ​រ៉ូយ៉ាល់គ្រុប ​សម្រេច​បានជិត​២ពាន់​លានដុល្លារ​ បង្ហាញពីភាពធន់នៃឧស្សាហកម្ម

ភ្នំពេញ ៖ គិតចាប់ពីខែមករា​ ដល់​ដំណាច់ខែសីហា ឆ្នាំ២០២៦ តំបន់​សេដ្ឋកិច្ចពិសេស​របស់ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​ចំនួន​ពីរ រួមមានតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ និង​តំបន់​សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់​គ្រុបកណ្ដាល​ បានសម្រេច​ការនាំចេញទំនិញសរុប​ចំនួន ១ ៩០៧លានដុល្លារអាម៉េរិក​ បើធៀបនឹង​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ​កន្លងទៅ ​មានកំណើន ​៤៥ភាគរយ ។​

យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បានឱ្យដឹងថា ទន្ទឹមនឹង​កំណើននៃការ​ចេញ​ពីតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​មានកំណើន​ប្រមាណ៤៥​ភាគរយនេះ ជាការ​កត់សម្គាល់​ និងយោងទៅលើ​របាយការណ៍បានបង្ហាញពីការ​នាំចូលទំនិញ​មក​កាន់​តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ​នេះ មានទំហំទឹកប្រាក់​ប្រមាណ ២ ១៦០លានដុល្លារ​ បើធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ​មានកំណើន​ប្រមាណ ៦១​ភាគរយ ។

របាយការណ៍បានបង្ហាញផងដែរថា គិតត្រឹមខែសីហា ឆ្នាំ ២០២៦​នេះ ក្នុងតំបន់​សេដ្ឋកិច្ចពិសេស​ទាំងពីរ​របស់ក្រុមហ៊ុន​ រ៉ូយ៉ាល់​គ្រុប មាន​បុគ្គលិកកម្មករ​កំពុង​បម្រើការ​ងារ​សរុប​ចំនួន ៦៣ ៣៤៤នាក់ កើនឡើង​ប្រមាណ១៧​ភាគរយ​ ។

អ្នកឧកញ៉ា​​ គិត​ ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប​ និងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប អេសអ៊ីហ្សិត​ បានមានប្រសាសន៍ថា ​ជា​រឿយៗកំណើននៃតួលេខចំនួន​បុគ្គលិក កម្មករ ការនាំចូល និងការនាំចេញ ក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ​បានបង្ហាញ​ពីភាពធន់​នៃវិនិយោគិន​និងភាពរឹងមាំ​នៃវិស័យ​ឧស្សាហកម្ម​របស់កម្ពុជា។​

អ្នកឧញ៉ា​បន្តថា កិច្ច​ខិតខំប្រឹ​ងប្រែង​ទាំងឡាយរបស់រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​បរិយាកាស​វិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញឧស្សាហូបនីយកម្ម​ និ​ងប្រយុទ្ធប្រឆាំង​នឹងការ​ឆបោក​តាមប្រព័ន្ធអនឡាញ បានរួមចំណែក​ដល់ការ​បង្កើត​បរិយាកាស​ដែល​មានសុវត្ថិភាព និងអំណោយផល​កាន់តែប្រសើរ​សម្រាប់ធុរកិច្ច​ និងការ​វិនិយោគ​។

អ្នកឧកញ៉ា​បន្ថែមថា ៖

«កំណើន​នៃតួលេខ​ដែល​បានកត់ត្រាកន្លងមកនេះ ក្នុង​តំបន់សេដ្ឋកិច្ចទាំង២របស់​រ៉ូយ៉ាល់គ្រុប​ក្នុងអំឡុងពេល៨ខែ​ដំបូង​នៃឆ្នាំ២០២៦​នេះ ឆ្លុះបញ្ចាំងពីការរីក​ដុះដាល​នៃសកម្មភាព​ឧស្សាហកម្ម​នៅក្នុង​តំបន់ទាំង២ និងការ​ចូលរួមចំណែកជា​បន្ត​បន្ទាប់ដល់​ការ​បង្កើត​ការងារ វិស័យ​ផលិតកម្ម​ និងពាណិជ្ជកម្ម​អន្តរជាតិ​របស់កម្ពុជា»។

យោងតាម​របាយការណ៍របស់​ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា​​បានបង្ហាញថា គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦​ តំបន់សេដ្ឋកិច្ចពិសេស​ទូទាំងប្រទេស​កម្ពុជា​កំពុងដំណើរការ​មានចំនួន ៣៩តំបន់​ ដោយស្រូបទាញ​គម្រោង​វិនិយោគសរុប​ចំនួន ១ ១២២គម្រោង ជាមួយទុនវិនិយោគសរុបបាន​ប្រមាណ ១៤,៥៩​ពាន់​លានដុល្លារអាម៉េរិក ។ ដោយឡែក​ ក្នុងរយៈពេល​៧ខែ ឆ្នាំ២០២៦​នេះ ​ការ​នាំចេញទំនិញដែលផលិត​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ទូទាំង​ប្រទេស​ដែលកំពុង​ដំណើរការ​​​មានទឹកប្រាក់ប្រមាណ ៦,២២​ពាន់​លានដុល្លារអាម៉េរិក  ​​។​

លោក​ អឿន ធារ៉ា​ ស្ថាបនិក និងជានាយក​ប្រតិបត្តិនៃក្រុមហ៊ុន​អចលនទ្រព្យ​ Cam Realty បានឱ្យដឹងថា ការ​វិនិយោគក្នុងតំបន់​សេដ្ឋកិច្ចពិសេស​ បានផ្ដល់​អត្ថប្រយោជន៍សំខាន់ៗច្រើនដល់​វិនិយោគិន រាជរដ្ឋាភិបាល និងវិស័យ​អចលនទ្រព្យនៅកម្ពុជា ។

លោក​បន្តថា ការ​វិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស អ្នកវិនិយោគ អាច​កាត់ថ្លៃដើមបានមួយចំនួន សន្សំសំចៃពេលវេលា និងទទួលបាននូវ​ការ​លើកទឹកចិត្ត​មួយចំនួនពីរាជរដ្ឋាភិបាល​ផងដែរ ។ ដោយឡែកសម្រាប់​រាជរដ្ឋាភិបាលវិញ នឹងអាចទាក់ទាញបាននូវលំហូរ​វិនិយោគផ្ទាល់ពីបរទេស​ចូលប្រទេស​កាន់តែច្រើន ដោយបង្កើត​ឱកាស​ការងារ​ដល់ពលរដ្ឋ​ក្នុងប្រទេស​បានច្រើន ជាមួយប្រាក់​បៀវត្សរ៍​សមរម្យ ។  អ្វីដែលពិសេស ​សកម្មភាពវិនិយោគក្នុង​តំបន់​សេដ្ឋកិច្ចបានធ្វើឱ្យចរន្ត​នៃការ​ទិញលក់ដីធ្លីសម្រាប់សាងសង់រោងចក្រ ឬបង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ស្របទៅតាមកំណើន​នៃការ​វិនិយោគក្នុងតំបន់​សេដ្ឋកិច្ចពិសេស​ ។​

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​បានមានប្រសាសន៍ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​កាន់តែច្រើនកាន់តែល្អ ពីព្រោះថា​រាជរដ្ឋាភិបាល​បានយកតំបន់សេដ្ឋកិច្ចពិសេស​គឺជាឃ្នាស់គាស់សេដ្ឋកិច្ច​ តាំងពីកម្ពុជា​ចាប់ផ្ដើម​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ដំបូងម្ល៉េះ ។ មិនត្រឹមតែប៉ុណ្ណោះទេ យុទ្ធសាស្ត្ររបស់សម្ដេច​តេជោ​ អតីត​នាយករដ្ឋមន្ត្រី និងសម្ដេច​ធិបតី ហ៊ុន ម៉ាណែត នៅតែបន្ត​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយវិស័យឯកជន​នៅតាមបណ្ដោយព្រំដែនជំរុញ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅតាមតំបន់ព្រំដែន​កម្ពុជា ។

អ្នកឧកញ៉ា​បន្តថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ចពិសេស​នៅតាមព្រំដែន នឹងអាច​ទាក់ទាញ​ការ​វិនិយោគ​កាន់តែច្រើន និងជំរុញការ​នាំចេញរបស់​កម្ពុជាទៅកាន់ទីផ្សារ​អន្តរជាតិ ជាក់ស្ដែង​ក្នុងរយៈពេល​២ឆ្នាំ​កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួល​បានគម្រោង​វិនិយោគ​ចុះបញ្ជីជាង ​១ពាន់​គម្រោង ដោយមួយចំនួនធំបោះទីតាំង​នៅតាមតំបន់សេដ្ឋកិច្ចពិសេស៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា