រដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤,២% ក្នុងឆ្នាំ ២០២៦ នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤,២% ក្នុងឆ្នាំ ២០២៦ នេះ

រដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤,២% ក្នុងឆ្នាំ ២០២៦ នេះ

កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦ ថាអាចសម្រេចបាន ៥ ភាគរយ ត្រូវបានវាយតម្លៃថានឹងអាចសម្រេចបានត្រឹម ៤,២ ភាគរយ ក្នុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ ស្តីពីក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (Medium Term Fiscal Framework – MTFF) ឆ្នាំ ២០២៧-២០២៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Advertisement

របាយការណ៍ បានបញ្ជាក់ថា ការបន្ទាបព្យាការណ៍នេះ គឺដោយសារកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផង ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនថ្លៃថាមពល ដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះឥទ្ធិពលដល់វិស័យសំខាន់ៗ តួយ៉ាង កសិកម្ម ដឹកជញ្ជូន ទេសចរណ៍ និងលក់ដុំ-រាយ ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងរបាយការណ៍ខាងលើថា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ កម្ពុជាបានទទួលរងនូវព្យុះកំបុតត្បូង ចំនួន ៣ ផ្ទួនៗគ្នា ពោលគឺ ១). ការអនុវត្តគោលនយោបាយពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ២). បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និង ៣). សង្គ្រាមនៅមជ្ឈិមបូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល។

សម្តេចធិបតី បានបន្តថា ទាំងអស់នេះបានបង្កើនភាពមិនប្រាកដប្រជា និងបង្កជាហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី ទៅមធ្យមខាងមុខ។

សម្តេចធិបតី មានប្រសាសន៍ដូច្នេះថា៖

“ជាក់ស្តែង សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលមិនទាន់ឃើញមានសញ្ញារលត់ទៅវិញ បានបង្កឱ្យមានការកើនឡើងយ៉ាងគំហុកនៃថ្លៃប្រេងឥន្ធនៈ និងឧស្ម័នបណ្តាលឱ្យមានសម្ពាធអតិផរណា និងប៉ះពាល់ដល់គន្លងកំណើនសេដ្ឋកិច្ចកម្ពុជា។”

ផ្អែកលើការព្យាករសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ AMRO ព្យាករកំណើន ៤.៣ ភាគរយ ខណៈធនាគារពិភពលោកព្យាករ ៣.៩ ភាគរយ សម្រាប់កម្ពុជា និងការព្យាករខ្លះទៀតមានចំនួយ ៤.២ ភាគរយ លោក​បណ្ឌិត ឌុច ដារិន្ទ ​សេដ្ឋវិទូ​ខ្មែរមួយរូប​ យល់ថា ការកែសម្រួលការព្យាករទាំងនេះ ដោយដារតែភាគច្រើនមកពីបញ្ហាប្រឈមពីខាងក្រៅ។

លោកបណ្ឌិត បានលើកឡើងបន្តថា បញ្ហាទាំងនោះ គឺរួមមាន សេដ្ឋកិច្ចពិភពលោកមានកំណើនយឺត ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ការកើនឡើងនៃភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃថ្លៃប្រេងសាំង ម៉ាស៊ូត និងប្រេងឆៅជាសកលដោយសាសង្គ្រាមនៅមជ្ឃិមបូព៌ា។

ក៏ប៉ុន្តែលោក​បណ្ឌិត ឌុច ដារិន្ទ យល់ថា និយាយពីសេដ្ឋកិច្ច គេក៏ត្រូវមើលទិន្នន័យជាក់ស្តែងទាក់ទងកត្តាចម្បងដែលជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៦។

ក្នុងរយៈពេលពីខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាសម្រេចបាន ១៦.៩ ពាន់លានដុល្លារ កើនឡើង ១៧.២ ភាគរយ។ ការនាំចេញមានទំហំ ៨.១ ពាន់លានដុល្លារ កើនឡើង ១៧.៧ ភាគរយ បើធៀបនឹងឆ្នាំមុន។ ក្នុងត្រីមាសទី ១ កម្ពុជាក៏ទាក់ទាញគម្រោងវិនិយោគថ្មីចំនួន ១៤៦ គម្រោង ទុនសរុប ២.៥ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៨២,០០០ កន្លែង។

លោក​បណ្ឌិត ឌុច ដារិន្ទ បានថ្លែងថា៖

“[ទិន្នន័យ] នេះបង្ហាញថា មូលដ្ឋានសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំ មានភាពធន់ និងទំនុកចិត្តវិនិយោគិននៅតែមាន។”

ដើម្បីបន្តរក្សាស្ថិរភាពនយោបាយ និងលំនឹងម៉ក្រូសេដ្ឋកិច្ច លោក​បណ្ឌិត ឌុច ដារិន្ទ យល់ឃើញថា កម្ពុជាគួរបន្តជម្រុញឧស្សាហកម្មតម្លៃបន្ថែមខ្ពស់ ដូចជា អេឡិចត្រូនិក គ្រឿងបន្លាស់ កង់ឡាន យានយន្ត កសិឧស្សាហកម្ម និងការកែច្នៃអាហារ។ លើសពីនេះកម្ពុជាគួរបន្តបង្កើនផលិតភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញឌីជីថល និងបច្ចេកទេស។

កម្ពុជាគួរបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក ថាមពល និងប្រព័ន្ធឌីជីថល ដើម្បីជម្រុញការកាត់បន្ថយថ្លៃដើមអាជីវកម្ម។ កម្ពុជាគួរបន្តគាំទ្រវិស័យអាជីវកម្មធនតូចនិងមធ្យម ដែលជាមូលដ្ឋានសេដ្ឋកិច្ចក្នុងស្រុក។ ជាចុងក្រោយកម្ពុជាគួរបន្តពង្រឹងបរិយាកាសវិនិយោគដែលជួយជម្រុញភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងចីរភាព។ នេះបើយោងតាមការលើកឡើងរបស់លោក​បណ្ឌិត ឌុច ដារិន្ទ។

ទន្ទឹមនេះ របាយការណ៍ MTFF ឆ្នាំ ២០២៧-២០២៩ បានឱ្យដឹងថា ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៧ ក៏ត្រូវបានកែសម្រួលពីអត្រា ៥,៥ ភាគរយ មកត្រឹម ៥ ភាគរយ ដោយសារកម្មវិបាក ដែលនៅសេសសល់ពីបញ្ហាប្រឈមនានាក្នុងឆ្នាំ ២០២៦ និងព្យាករថា នឹងសម្រេចបានជាមធ្យមប្រមាណ ៥,៥ ភាគរយ ក្នុងរយៈពេលមធ្យម (២០២៨-២០២៩) ដោយសារការរំពឹងទុក ការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច ដែលនឹងត្រលប់ទៅរកប្រក្រតីភាពវិញ ។

គួរគូសបញ្ជាក់ថា ការវាយតម្លៃទម្លាក់ការព្យាករនេះ ក៏មាននិន្នាការស្រដៀងគ្នាទៅនឹងស្ថាប័នអន្តរជាតិធំៗ ដែលបានកែតម្រូវកំណើនសេដ្ឋកិច្ចកម្ពុជាពីការព្យាករគោល ដែលបានដាក់ចេញកាលពីចុងឆ្នាំ ២០២៥ ដោយនៅរក្សាបានកំណើនក្នុងកម្រិតសមរម្យ។

តួយ៉ាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែតម្រូវកំណើនសេដ្ឋកិច្ចកម្ពុជាពីអត្រា ៤,២ ភាគរយ និង ៤,៧ ភាគរយ មក ៤ ភាគរយ និង ៤,៧ ភាគរយ ធនាគារពិភពលោកពីអត្រា ៤,៣ ភាគរយ និង ៤,៩ ភាគរយ មក ៣,៩ ភាគរយ និង ៤,៩ ភាគរយ, និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ពីអត្រា ៥,១ ភាគរយ និង ៥,៣ ភាគរយ មក ៤,៩ ភាគរយ និង ៥,២ភាគរយ សម្រាប់ឆ្នាំ ២០២៦ និង ២០២៧ រៀងគ្នា៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា