អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ភ្នំពេញ ៖ អភិបាលខេត្តចំនួន២ ដែលនៅជាប់គម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា បាន​ថ្លែង​ប្រាប់​បណ្តាអ្នកវិនិយោគអន្តរជាតិ​ពី​សក្ដានុពល ​និ​ងឱកាសបណ្តាក់ទុន​វិនិយោគក្នុងខេត្តរបស់ខ្លួនក្នុងពេលដែល​គម្រោង​ព្រែកជីក​ហ្វូណ​ន​តេជោ​កំពុង​ដំណើរការ​សាងសង់​ និងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា​ក៏កំពុងអនុវត្តគោលការណ៍លើកទឹកចិត្តពិសេស​ដល់​បណ្ដា​វិនិយោគិនបរទេស​ដែលចូលមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជានាពេលបច្ចុប្បន្ន​នេះ ។

ថ្លែង​នៅក្នុង​វេទិកា​សន្ទនា​សហប្រតិបត្តិការ​ និងអភិវឌ្ឍន៍​ឧស្សាហកម្មទន្លេមេគង្គ​-ឡានឆាង នៅទីក្រុង​ស៊ីនីង ខេត្តឈីង​ហៃ ប្រទេស​ចិន កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម វុី សំណាង អភិបាលខេត្ត​តាកែវ បានមានប្រសាសន៍ថា ខេត្តតាកែវ​នៃព្រះរាជាណាចក្រកម្ពុជាជាដែនដីប្រវត្តិសាស្ត្រ ដែលត្រូវបានទទួល​ស្គាល់ថា​ជា​ដែនដីអរិយធម៌ដ៏ចំណាស់ និងជា​អតីតរាជធានី នគ​រភ្នំ ឬអាណាចក្រ​ហ្វូណន​ ។ ខេត្តតាកែវ​ សំបូរ​ទៅដោយប្រាសាទ​បុរាណ និងទីតាំង​ប្រវត្តិសាស្ត្រជាច្រើន​ ព្រមទាំង​មានសិល្បៈតម្បាញ​សូត្រ ហូល​ផាមួងប្រពៃណី​ដ៏​ល្បីល្បាញ ។

ឯកឧត្តមបានមានប្រសាសន៍ថា៖

« យើងទាំងអស់គ្នា មានមោទនភាពយ៉ាង​ខ្លាំង​ក្នុងកា​រចូលរួម​ចំណែក​ថែរក្សា​ និងរំលេច​នូវ​អត្តសញ្ញាណ​ វប្បធម៌ ជាមួយ​នឹងមេគង្គ​-ឡានឆាង ឱ្យ​កាន់តែមានភាពលេចធ្លោ​ឡើងលើឆាកអន្តរជាតិ» ។​

ឯកឧត្តម​បន្តថា កម្ពុជា​បាន និងកំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុងគំនិច​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់ និងផ្លូវ​ ជាពិសេស ​ផ្សារ​ភ្ជាប់​ទៅនឹង​ផ្លូវសូត្រ​សមុទ្រ​សតវត្សរ៍ទី​២១ ដើម្បីបង្កើតច្រក​របៀងសេដ្ឋកិច្ច ការ​ដោះដូរពាណិជ្ជកម្ម និងការ​តភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និ​ងប្រជាជន ។ ផ្អែក​លើ​ចក្ខុវិស័យ​ប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលកម្ពុជា​បាន​បើក​ការ​ដ្ឋាន​សាងសង់​ គម្រោងព្រែកជីកហ្វូណ​នតេជោ ដែលជា​គម្រោងផ្លូវ​ទឹក​ប្រវត្តិសាស្ត្រ​ដ៏សំខាន់​បំផុតរបស់ជាតិ ។ គម្រោងនេះ ត្រូវឆ្លង​កាត់​ភូមិសាស្ត្រ​ខេត្ត​តាកែវ ដោយភ្ជាប់ប្រព័ន្ធផ្លូវទឹក​ទន្លេ​មេគង្គ តាមរយៈទន្លេ​បាសាក់ តភ្ជាប់​ដោយផ្ទាល់ទៅកាន់​ឆ្នេរ​សមុទ្រ​កម្ពុជា ។

ឯកឧត្តមបន្ថែមថា ៖

«ព្រែកជីក​ហ្វូណ​នតេជោ មិនត្រឹមតែជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ​រស់ឡើងវិញនៃផ្លូវទឹកប្រវត្តិសាស្ត្រ​បុរាណ ដោយភ្ជាប់​ដែនដីអរិយធម៌ចំណាស់ទៅកាន់ពិភពលោក​ទំនើប ដោយបើក​ច្រកចេញទៅកាន់​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍ទី​២១ ដោយផ្ទាល់»។

នៅក្នុងឱកាស​នោះដែរ​ ឯកឧត្តម ​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ក៏បានមានប្រសាសន៍​ប្រាប់បរទេស​ពីសក្ដានុពល ​និងឱកាស​វិនិយោគ​ក្នុង​ខេត្ត​របស់ខ្លួនផងដែរថា កែប ជា​ខេត្តមួយ​ដែលមានសក្ដានុពលច្រើនពីធម្មជាតិ មានទីតាំង​ភូមិ​សាស្ត្រ​ល្អ សម្រស់ធម្មជាតិស្រស់​បំព្រង ដោយមានចម្ងាយ​ផ្លូវត្រឹមតែ១៧៥គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ មានផ្លូវជាតិឆ្លងកាត់ចំនួន​២ខែ​ គឺផ្លូវជាតិលេខ​៣៣ និងផ្លូវជាតិលេខ​៣៣A ព្រមទាំងផ្លូវរថភ្លើង​ ១ខ្សែ  និង​មានស្ថានីយ៍​រថភ្លើង ១​កន្លែង ដែលជា​ចំណត​សម្រាប់លើកដាក់ទំនិញ ការឡើង​ចុះរបស់ប្រជាពលរដ្ឋ​គ្រប់រូប ភ្ញៀវទេសចរ​ ព្រមទាំង​សម្រាប់​ភ្ជាប់ទំនាក់ទំនង​ទៅកាន់រាជធានីភ្នំពេញ និង​បណ្ដាខេត្ត​នានាក្នុងប្រទេស​កម្ពុជា ។

ឯកឧត្តម​បន្តថា ខេត្ត​កែប មានសក្ដានុពល​ជាច្រើន​ដូចជា មានឆ្នេរ​សមុទ្រ​ដ៏ស្រស់ស្អាត មានព្រែក ព្រៃកោងកាងធំៗ ស្រែអំបិល ​ដែលជា​សក្ដានុពលដ៏សំខាន់​សម្រាប់​ប្រទេស​កម្ពុជា មានវាលទំនាប ខ្ពង់រាប ជម្រាលភ្នំ គម្របព្រៃ ឧទ្យានជាតិដ៏ស្រស់​បំព្រងនៅចំកណ្ដាល​ទីក្រុង មានកោះចំនួន១៣កោះ បាតសមុទ្រ​មាន​ផ្កាថ្ម ស្មៅសមុទ្រ និងជីវៈចម្រុះគ្រប់ប្រភេទ ។ ក្រៅពីនេះ ក៏មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង​ ទីលានទុកដាក់សំរាម​ស្ដង់ដារ​ ដែលជា​កត្តាអំណោយ​ផល​ខ្ពស់សម្រាប់​វិនិយោគិនក្នុងការ​វិនិយោគទាំងពេល​បច្ចុប្បន្ន និង​ទៅអនាគត ។

ឯកឧត្តម​បន្ថែមថា ៖ ​

«ក្រៅពី​សក្ដានុពល​ធម្មជាតិ និងការអភីវឌ្ឍ​បន្ថែមរបស់រដ្ឋបាលខេត្ត នាពេលអនាគត​ដ៏ខ្លី​ខាងមុខនេះ ខេត្ត​កែប នឹង​មានព្រែកជីក​ហ្វូណ​នតេជោ ឆ្លងកាត់ទាំង​ផ្ទៃដីគោក និងផ្ទៃទឹក ។​ នៅពេលនោះ ខេត្ត​កែប នឹង​ក្លាយ​ជាច្រកសេដ្ឋកិច្ច​ផ្លូវទឹកដ៏សំខាន់​បំផុត​សម្រាប់ប្រទេស​កម្ពុជា​ទាំង​មូល និងតភ្ជាប់ទៅកាន់​បណ្ដា​ប្រទេស​នានា​លើសកល​លោក​ ព្រោះខេត្តកែប ជាមាត់ច្រក​ទ្វារ​ព្រែកជីក​ហ្វូណ​នតេជោ​ សម្រាប់​តភ្ជាប់ជាមួយសមុទ្រ​ ទៅបណ្ដា​រាជធានី-ខេត្ត​ផ្សេងៗ និង​សម្រាប់តភ្ជាប់ទៅកាន់ទន្លេ​ផងដែរ»។

សូមជម្រាបថា ព្រែកជីកហ្វូណ​នតេជោ​ នឹ​ងក្លាយជា​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់គាំទ្រ​ដល់ខ្សែក្រវាត់​មួយផ្លូវ​មួយ​ ដែលជាគំនិតផ្ដួច​ផ្ដើមដោយរដ្ឋាភិបាលចិន​ ដើម្បីកសាង​បណ្ដាញ​ពាណិជ្ជកម្ម និងហេដ្ឋារចនា​សម្ព័ន្ធតភ្ជាប់ពីអាស៊ីទៅអឺរ៉ុប​ ដែលនឹងផ្ដល់​ផលប្រយោជន៍​ដ៏ធំធេង​ជូនប្រជាជន​ និងសកលលោក ។ 

គួរ​បញ្ជាក់ថា​ នៅក្នុងកិច្ច​សន្ទនា​សហប្រតិបត្តិការ និងអភិវឌ្ឍ​ន៍ឧស្សាហកម្មទន្លេ​មេគង្គ​-ឡាន​ឆាង នៅខេត្តឈីងហៃប្រទេស​ចិន ក៏មានការ​ចូលរួមពី​បណ្ដា​ប្រទេស​តាមដង​ទន្លេមគង្គ ដូចជា ​ប្រទេស​មីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេស​ឡាវ កម្ពុជា និង​វៀតណាម និង​ថ្នាក់ដឹកនាំកំពូលជាច្រើន​​ក្នុងខេត្តឈី​ងហៃប្រទេស​ចិន​ផងដែរ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា