​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

​ វិស័យសំណង់នៅកម្ពុជា បង្ហាញសញ្ញាងើបឡើងវិញជាមួយនឹងកំណើន​នៃការ​នាំចូលសម្ភារៈសំណង់និងដែក​

ការនាំចូល​សម្ភារៈសំណង់ និងដែក​ សម្រាប់បម្រើ​ក្នុងវិស័យសាងសង់​នៅកម្ពុជា ឃើញថា​មានការកើនឡើង​គួរឱ្យកត់សម្គាល់ ​តាំងពីឆ្នាំ ២០២៥ និង​រំពឹងថានឹង​បន្តកើនឡើង​ក្នុងឆ្នាំ ២០២៦ នេះ​។ តាមរយៈកំណើន​នៃការ​នាំចូល​សម្ភារៈសំណង់ និង​ដែក​ បានបង្ហាញពីការងើបឡើងវិញនៃវិស័យនេះ​ ប៉ុន្តែ​តាមការព្យាករណ៍ វិស័យនេះ នឹង​បន្ត​មានកំណើនយឺត។​

Advertisement

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​កម្ពុជា​ ក្នុងឆ្នាំ ២០២៥ កន្លងទៅ កម្ពុជា​បាននាំចូលសម្ភារៈ ដែក​ និងដែក​ថែប ក្នុងទំហំទឹកប្រាក់​រហូតដល់ជិ​ត ៤ ពាន់លានដុល្លារ ក្នុងនោះសម្ភារៈសំណង់មានទំហំទឹកប្រាក់ ២,៦៣ ពាន់​លានដុល្លារ ​មានកំណើន​ ៣០,៤២ ភាគរយ ចំណែក​ដែក និងដែក​ថែប​មានទឹកប្រាក់ ១,២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៤,១៩ ភាគរយ។

តាមរបាយការណ៍របស់​ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ​តម្លៃគម្រោង​សំណង់​ទទួលបានការ​អនុម័ត​ក្នុងឆ្នាំ ២០២៥ បានកើនឡើង​ ៤៨,៣ភាគរយ ដែលក្នុងនោះ សំណង់​ក្នុងវិស័យកម្មន្ត​សាល មាន​ប្រមាណ ៤៨,៩ ភាគរយនៃតម្លៃគម្រោង​សំណង់​សរុប កើនជាង ​១ ដង​ សំណង់​លំនៅឋាន​ មានប្រមាណ ៣២,៥ ភាគរយ​ កើនឡើង​ ៦៦,៥ ភាគរយ​ និងសំណង់​ក្នុងវិស័យទេសចរណ៍ ​មាន​ប្រមាណ ៥,១ ភាគរយ​ កើនឡើង ៧២,១ ភាគរយ ខណៈសំណង់ក្នងវិស័យ​ពាណិជ្ជកម្ម​មានប្រមាណ ១១,១ ភាគរយ។​

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន ​KFA បានមានប្រសាសន៍ថា ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​ទាំង​វិស័យឯកជន និងរដ្ឋ​មិនបានបញ្ឈប់ទេ ទោះបីក្នុង​ស្ថានភាព​ពិភពលោកជួបវិបត្តិ​យ៉ាងណាក្ដី ជាក់ស្ដែង​ ដូចដែលបានឃើញស្រាប់​ក្នុងឆ្នាំ ២០២៥ ការអភិវឌ្ឍ​សំណង់ទាំង​សំណង់​សាធារណៈ ដូចជា​សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ នានា​ដែលចាំបាច់​នៅតែ​បន្ត​ជា​ហូរ​ហែ ហើយវិស័យឯកជន ក៏ឃើញ​ថា​គម្រោង​អគារ​ខុនដូ លំនៅឋាន​​នៅតែបន្ត​សាងសង់ទៅ​មុខ​ដោយរលូន ។​

លោក​ឧកញ៉ា​ បានថ្លែង​ថា​៖

“ក្នុងឆ្នាំ ២០២៦ បើទោះបីជា​មានសង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ា​ក៏មិនទាន់​ឃើញសញ្ញា​ណា​​មួយ​ ធ្វើឱ្យបញ្ឈប់ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ផ្ទុយ​ទៅវិញ កម្ពុជា​រំពឹងថា​អាច​នឹងទទួល​ការ​វិនិយោគបន្ថែមពីតំបន់អាស៊ាន​ និង​តំបន់អាស៊ី ជាពិសេស​ទៅលើ​រោងចក្រឧស្សាហកម្ម កម្មន្តសាល ហើយការ​ស្វែងរកអចលនទ្រព្យ​ពីបណ្ដាជនបរទេស ​ដែល​ចូលមកកម្ពុជា​ក៏រំពឹងថានឹង​កើនឡើង​ដូចគ្នាផងដែរ”។​

លោកឧកញ៉ា បាន​បន្ថែមថា  កម្ពុជា​ជា​ប្រទេស​មានស្ថិរភាពនយោបាយ​ល្អ ដែលធ្វើ​ឱ្យវិនិយោគិន​នៅតែចង់​ចូលមក​ស្វែងរកការ​វិនិយោគ ជាពិសេស​រដ្ឋ​ភិបាលបានលើកទឹកចិត្ត​ផ្នែកពន្ធមួយចំនួន​ដល់​អ្នកវិនិយោគផងដែរ។ រឿង​សង្គ្រាម​ឈ្លានពាន​នៅព្រំដែន គឹជា​រឿង​មួយផ្នែក ប៉ុន្តែ​ផ្នែក​នយោបាយក្នុងប្រទេស​ គឺកម្ពុជា​រក្សា​បាន​ស្ថិរភាពល្អ មិនមានបញ្ហាទេ។

គួរ​បញ្ជាក់ថា ការនាំចូល​សម្ភារៈ និងបរិក្ខា​រសំណង់ នៅឆ្នាំ ២០២០ ​បានធ្លាក់ចុះយ៉ាង​គំហុក​ រហូតដល់ ​-១៧,៣ ភាគរយ ហើយបានកើនឡើង​វិញនៅឆ្នាំ ២០២១​ និង​ធ្លាក់ចុះវិញនៅឆ្នាំ ២០២២។ ចាប់តាំងពីឆ្នាំ ២០២៣ ​រហូតដល់ដំណាច់ឆ្នាំ ២០២៥ កន្លងទៅនេះ ការ​នាំចូលសម្ភារៈសំណង់​បានកើនឡើង​វិញជា​លំដាប់ ជាក់ស្ដែង​នៅឆ្នាំ ២០២៣ ​បានកើន ៤,៣ ភាគរយ ឆ្នាំ ២០២៤ ​កើន ៣៣,២ ភាគរយ និង​ឆ្នាំ ២០២៥ បានកើនឡើង​រហូតដល់​ ៤០,១ ភាគរយ​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា