ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ហៃ​ណា​ន៖​ ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ​។

កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​ធ្នូ ​ឆ្នាំ​២០២៥​ ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយពិសេស​នៅ​ទូទាំង​កោះ​ជា​ផ្លូវការ ​ដែល​ជា​វិធានការ​និមិត្ត​រូប​មួយ​របស់​ប្រទេស​ចិន ​ក្នុង​ការ​បន្ត​ជំរុញ​ការ​បើក​ទូលាយ​កម្រិត​ខ្ពស់​ ​និង​ការ​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​។

​ក្រោយ​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​គយ​ពិសេស​ ​ភាគលាភ​ពី​គោលនយោបាយ​របស់​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន ​ត្រូវ​បាន​បញ្ចេញ​ជា​បន្តបន្ទាប់​ ​ខណៈ​ប្រព័ន្ធ​អេកូឡូស៊ី​ឧស្សាហកម្ម​ត្រូវ​បាន​ពន្លឿន​ឱ្យ​ចេញ​ជា​រូបរាង​ ​ហើយ​កម្រិត​នៃ​ការ​បើកចំហ​ត្រូវ​បាន​លើកកម្ពស់​ដោយ​គ្រប់​ជ្រុងជ្រោយ​។

​តាម​ប្រភព​ដដែល​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​ទំហំ​នៃ​ការ​នាំចូល​ទំនិញ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ ​មាន​ចំនួន​សរុប​ ៣​.​៦២៤ ពាន់​លាន​យន់ ​ដែល​បាន​ជួយ​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់​។ (១ យន់ ស្មើនឹង ០.១៥ ដុល្លារ)

​ជាមួយគ្នា​នេះ​ ទំហំ​នៃ​ការ​លក់​ទំនិញ​នៅក្នុង​ស្រុក​ក្រោម​លក្ខខណ្ឌ​លើកលែង​ពន្ធ​គយ ​តាមរយៈ​គោលនយោបាយ​លើកលែង​ពន្ធ​គយ​របស់​ហៃ​ណាន មាន​ចំនួន​ ​៧៥​៩ លាន​យន់ ​ហើយ​បាន​ជួយ​កាត់បន្ថយ​ពន្ធ​គយ​បាន​ជាង ៤៤​.​៦​ លាន​យន់​។

​ក្រៅ​ពី​វិស័យ​ពាណិជ្ជកម្ម ​គោល​នយោបាយ​លើកលែង​ទិដ្ឋាការ​ ​(​visa​-​free entry​)​ ​របស់​ហៃ​ណាន ​ត្រូវ​បាន​ពង្រីក​ដល់​ប្រទេស​ចំនួន​ ៨៨ ​ដែល​បាន​ជំរុញ​ចលនា​អ្នក​ធ្វើដំណើរ​ចេញ​ចូល​តាម​ច្រកទ្វារ​ព្រំដែន​។

​ចំនួន​អ្នក​ធ្វើដំណើរ​ចេញ​ចូល​តាម​ច្រកទ្វារ​ព្រំដែន ​មាន​សរុប​ ១​.​៨១​ លាន​នាក់​ ​កើនឡើង​ ​២៧​.​១​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​ក្នុង​នោះ​ ​អ្នក​ដំណើរ​អន្តរជាតិ​ចំនួន​ ៤៧៣​,​០០០ ​នាក់​ ​បាន​ចូល​មក​តាម​ការ​លើកលែង​ទិដ្ឋាការ​ ​កើនឡើង​ ​៤០​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​

ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​គោលនយោបាយ​ពន្ធ​សូន្យ​ ការ​លើកលែង​ពន្ធ​គយ ​និង​ការ​ពង្រីក​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​ ​បាន​ឆ្លុះបញ្ចាំង​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​របស់​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន ​ដោយ​ឈរ​លើ​ការ​បើក​ទូលាយ​កម្រិត​ខ្ពស់​។

ក្រោយ​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​គយ​ពិសេស​ ​ភាគលាភ​នៃ​គោលនយោបាយ​របស់​ហៃ​ណាន ​ត្រូវ​បាន​បញ្ចេញ​ជា​បន្តបន្ទាប់​ ​ខណៈ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​នេះ​កំពុង​ឈានចូល ​«​ដំណាក់កាល​មាស​» នៃ​ការ​អភិវឌ្ឍ​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា