ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​។​

​តំបន់​នេះ​ត្រូវ​បាន​បង្កើតឡើង​តាម​រយៈ​កិច្ច​សហការ​រវាង​ក្រសួង​អប់រំ​ចិន ​និង​រដ្ឋបាល​ខេត្ត​ហៃ​ណាន ​ហើយ​ជា​តំបន់​តែ​មួយ​គត់​ក្នុង​ចំណោម​ឧទ្យាន​សំខាន់​ៗ​ទាំង ​១៣​ ​នៃ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន ​ដែល​ផ្តល់​អាទិភាព​លើ​ការ​អប់រំ​។ ​គោលដៅ​សំខាន់​គឺ​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​អប់រំ​រវាង​ចិន ​និង​បរទេស​ ពង្រឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​អន្តរជាតិ​ ​និង​បង្កើត​គំរូ​សម្រាប់​ការ​រួមបញ្ចូល​ការ​អប់រំ​ ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​។

តំបន់​នេះ​ត្រូវ​បាន​បង្កើតឡើង​នៅ​ខែ​មិថុនា ​ឆ្នាំ​ ​២០២០ ​និង​ចាប់ផ្តើម​ការ​អភិវឌ្ឍ​ ​និង​សាងសង់​នៅ​ខែ​កញ្ញា​ ​ឆ្នាំ​ដដែល​។ ​នៅ​ឆ្នាំ​ ២០២១​ ​តំបន់​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​អប់រំ​តាមរយៈ​ថ្នាក់​បណ្តុះបណ្តាល​ធនធាន​មនុស្ស​អន្តរជាតិ​នៃ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​។ មួយ​ឆ្នាំ​បន្ទាប់​ តំបន់​នេះ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​ ​និង​ទទួល​និស្សិត​ជំនាន់​ដំបូង​ពី​គ្រឹះ​ស្ថាន​អប់រំ​សហប្រតិបត្តិការ​អន្តរជាតិ​។

​ចំនួន​គ្រូ ​និង​និស្សិត​បាន​កើនឡើង​ជា​បន្តបន្ទាប់​ ​ដោយ​ឈាន​ដល់​ ​២​ ០០០ ​នាក់​នៅ​ឆ្នាំ​ ​២០២៣ ​និង​ ៥​ ០០០ ​នាក់​នៅ​ឆ្នាំ​ ​២០២៤ ​បន្ទាប់ពី​តំបន់​នេះ​បាន​ពង្រីក​ការ​ចុះ​ឈ្មោះ​សិក្សា​ ​បន្ថែម​វេទិកា​ស្រាវជ្រាវ​ ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​គម្រោង​ឧស្សាហកម្ម​។ ​នៅក្នុង​ឆ្នាំ​សិក្សា​ ​២០​២៥ ​ចំនួន​សរុប​បាន​កើនឡើង​លើស​ពី​ ​១ ​ម៉ឺន​នាក់​ ​ដែល​បង្ហាញ​ពី​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​អប់រំ​នៅក្នុង​តំបន់​។

​នៅ​ឆ្នាំ​ ​២០២៦ ​តំបន់​លីងសួយ លី​អា ​បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០​ ​ខណៈ​ក្រសួង​អប់រំ​បាន​អនុម័ត​លើ​គ្រឹះស្ថាន ​និង​កម្មវិធី​សិក្សា​សហ​ប្រតិបត្តិការ​រវាង​ចិន ​និង​បរទេស​សរុប​ចំនួន​ ​២៤​។

​ក្នុង​ចំណោម​គ្រឹះស្ថាន​ដែល​ទទួល​បាន​ការ​អនុម័ត​ ​មាន​សាលា​ ​Queen Mary ​Hainan ​នៃ​សាកលវិទ្យាល័យ​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ប៉េកាំង​ ​មហាវិទ្យាល័យ​ ​Coventry ​នៃ​សាកលវិទ្យាល័យ​សារព័ត៌មាន​ ​និងសារគមនាគមន៍​ចិន​ ​មហាវិទ្យាល័យ​ ​Glasgow ​Hainan ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​អេឡិចត្រូនិក​ចិន​ ​សាលា​អន្តរជាតិ​ Alberta ​ផ្នែក​កម្សាន្ត​ ​កីឡា​ ​និង​ទេសចរណ៍​ ​នៃ​សាកលវិទ្យាល័យ​កីឡា​ប៉េកាំង​ ​និង​វិទ្យាស្ថាន​អន្តរជាតិ​ Henley ​នៃ​សាកលវិទ្យាល័យ​ Tianjin​–​University ​of Reading​។​

​កម្មវិធី​អប់រំ​សហ​ប្រតិបត្តិការ​ចំនួន​ ១៤ ​ដែល​ទទួល​បាន​ការ​អនុម័ត​ ​គ្របដណ្តប់​លើ​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ក្នុង​ជំនាញ​ដូចជា​ ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ​ភាសា​អង់គ្លេស ​ច្បាប់​នីតិវិធី​ ​សេដ្ឋកិច្ច​ឌីជីថល ​ការ​គ្រប់គ្រង​ ​និង​អនុវត្ត​ទិន្នន័យ​មេ វិទ្យាសាស្ត្រ​ព័ត៌មាន​ ​និង​គណនា ​វិទ្យាសាស្ត្រ​ទិន្នន័យ​ វិទ្យាសាស្ត្រ​ ​និង​វិស្វកម្ម​កាបូន វិស្វកម្ម​រុករក​ធនធាន​ ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​បច្ចេកវិទ្យា​ត្បូង ​និង​សម្ភារៈ ​និង​ការ​រចនា​ផលិតផល​។

​កម្មវិធី​ទាំងនេះ​មាន​កិច្ច​សហការ​ជាមួយ​សាកលវិទ្យាល័យ​នៅ​ចក្រភព​អង់គ្លេស​ អាម៉េរិក​ ​កាណាដា ​និង​ម៉ាកាវ ​ដែល​បង្កើន​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សិក្សា​អន្តរជាតិ​ ​និង​ការ​អប់រំ​ពហុ​ជំនាញ​។

​ក្រៅ​ពី​ការ​ពង្រីក​កិច្ច​សហការ​ជាមួយ​សាកលវិទ្យាល័យ ​និង​ការ​ទទួល​និស្សិត​ ​តំបន់​លីង​សួយ​ លី​អា ​កំពុង​ផ្តោត​លើ​ការ​ភ្ជាប់​ការ​អប់រំ​ទៅ​នឹង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​។ ​ផែនការ​រយៈពេល​វែង ​គឺ​បង្កើត​បណ្តុំ​ឧស្សាហកម្ម​ជុំវិញ​វិស័យ​អប់រំ ​និង​រួមបញ្ចូល​ការ​អភិវឌ្ឍ​ការ​សិក្សា​ ​ធនធាន​មនុស្ស​ ទុន ការ​ច្នៃប្រឌិត ​និង​ផលិតកម្ម​ឧស្សាហកម្ម​ទៅ​ជា​គំរូ​អភិវឌ្ឍន៍​ដែល​មាន​ភាព​ស៊ីសង្វាក់​គ្នា​។

​ដើម្បី​គាំទ្រ​គោលដៅ​នេះ​ ​តំបន់​បាន​ប្រើប្រាស់​គំរូ ​«​ការ​ចែក​រំលែក​ធំ​ ​សាលា​តូច​» ​(​Big Sharing​,​ Small ​College​)​ ​ដោយ​ទាញ​យក​អត្ថប្រយោជន៍​ពី​ធនធាន​អប់រំ​របស់​សាកលវិទ្យាល័យ​ចិន ​និង​បរទេស​។

​តំបន់​នេះ​ក៏​បាន​អភិវឌ្ឍ​ប្រព័ន្ធ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ​«​Five ​Mutuals ​and ​One ​Consultation​» ​ដែល​រួមមាន​ការ​រៀនសូត្រ​ពី​គ្នា​ទៅវិញទៅមក​រវាង​គ្រឹះស្ថាន​ចិន ​និង​បរទេស​ ការ​ធ្វើ​សមាហរណកម្ម​ពហុ​ជំនាញ ការ​ផ្លាស់ប្តូរ​រវាង​វិទ្យាសាស្ត្រ​មនុស្សសាស្ត្រ​ ​និង​វិទ្យាសាស្ត្រ​ពិត​ ​ការ​ជ្រើសរើស​ជំនាញ​ឆ្លង​ដេប៉ា​តឺម៉ង់ ​ឬ​ឆ្លង​សាលា​ ការ​ទទួល​ស្គាល់​ក្រេឌីត​សិក្សា​ទៅវិញទៅមក​ ​និង​ការ​ពិភាក្សា​រួមគ្នា​លើ​ការ​គ្រប់គ្រង​។

​តាមរយៈ​ការ​ពង្រីក​ដៃ​គូ​សាកលវិទ្យាល័យ​អន្តរជាតិ​ ការ​ចែក​រំលែក​ធនធាន​អប់រំ ​និង​ការ​ភ្ជាប់​ការ​បណ្តុះបណ្តាល ​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ ​និង​ឧស្សាហកម្ម​ ​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ លី​អា ​កំពុង​ពង្រឹង​គោលដៅ​ ​«​រៀន​នៅ​ហៃ​ណាន ​ស្មើ​នឹង​រៀន​នៅ​បរទេស​» ​និង​ត្រូវ​បាន​រំពឹង​ថា​នឹង​ផ្តល់​ធនធាន​មនុស្ស​ ​និង​សមត្ថភាព​ច្នៃប្រឌិត​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់​នៃ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា