ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ហៃណាន ៖ ខេត្តហៃណាន កំពុងផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងកិច្ចអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសាន រួមមាន ផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ។

គម្រោងទាំងនេះត្រូវបានជំរុញដោយរដ្ឋបាលឧទ្យានជាតិខេត្តហៃណាន សហការជាមួយអាជ្ញាធរក្រុងអ៊ូជីសាន ក្នុងគោលបំណងសម្របសម្រួលកិច្ចការពារបរិស្ថានធម្មជាតិឱ្យស្របគ្នានឹងការអភិវឌ្ឍបៃតង ព្រមទាំងផ្តល់នូវក្របខ័ណ្ឌការងារសម្រាប់ការអភិវឌ្ឍតំបន់នេះនាពេលអនាគត អមដោយការអភិរក្សព្រៃត្រូពិច។ តំបន់អ៊ូជីសាន មានផ្ទៃដីសរុប ៥៣៤,០៨ គីឡូម៉ែត្រការ៉េ នៅភាគកណ្តាលកោះហៃណាន ដោយគ្របដណ្តប់លើក្រុងអ៊ូជីសាន និងស្រុកស្វយ័តឃ្យុងចុង។ តំបន់នេះជាទីតាំងនៃភ្នំអ៊ូជីដែលជាភ្នំខ្ពស់ជាងគេលើកោះហៃណានមានកម្ពស់ ១ ៨៦៧ ម៉ែត្រ និងជាជម្រកនៃប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចដ៏ធំមួយ។

ផែនការសាងសង់សារមន្ទីរ និងផ្លូវឡើងទៅលើកំពូលភ្នំដែលបានរៀបចំទុកនេះ គឺជាសមាសភាគសំខាន់នៅក្នុងគម្រោងផ្សារភ្ជាប់រវាងឧទ្យាន និងទីក្រុង។ គម្រោងទាំងនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការសម្របសម្រួលរវាងកិច្ចការពារអេកូឡូស៊ី ការអភិវឌ្ឍបៃតង និងសុខុមាលភាពសាធារណៈ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់អំពីកញ្ចប់ថវិកាគម្រោង កាលវិភាគសាងសង់ ឬចំនួនភ្ញៀវទេសចរដែលរំពឹងទុកនោះទេ។ ធនធានធម្មជាតិនៃតំបន់នេះ គឺជាគ្រឹះដ៏សំខាន់សម្រាប់តួនាទីអភិរក្ស ដោយសារទីនេះជាជម្រកនៃរុក្ខជាតិចំនួន ២ ១៤៦ ប្រភេទ ដោយក្នុងនោះមានរុក្ខជាតិ ៦ ប្រភេទស្ថិតក្នុងបញ្ជីការពារថ្នាក់ជាតិកម្រិតមួយ និង ៨៥ ប្រភេទស្ថិតក្នុងកម្រិតពីររបស់ចិន ខហើយរុក្ខជាតិ ២៨៤ ប្រភេទផ្សេងទៀតមានតែនៅលើកោះហៃណានប៉ុណ្ណោះ។

យោងតាមទិន្នន័យស្រាវជ្រាវបឋមបានឲ្យដឹងថា ជីវិតសត្វព្រៃនៅក្នុងតំបន់នេះមានដូចជា សត្វឆ្អឹងកងលើគោកចំនួន ៣៤៥ ប្រភេទ, សត្វស្លាប និងត្រីចំនួន ៦៧ ប្រភេទ, ព្រមទាំងសត្វល្អិតជាង ១ ៧០០ ប្រភេទ។ ក្នុងនោះមានសត្វព្រៃចំនួន ៩ ប្រភេទត្រូវបានចុះក្នុងបញ្ជីការពារថ្នាក់ជាតិកម្រិតមួយ និង ៦៩ ប្រភេទទៀតទទួលបានការពារកម្រិតពីរ។ ព្រៃត្រូពិចនេះក៏ដើរតួនាទីយ៉ាងសំខាន់ខាងផ្នែកបរិស្ថានដោយសារវាជាប្រភពដើមនៃទឹក និងចែកផ្លូវទឹកសម្រាប់ទន្លេវ៉ាន់ឈួន និងទន្លេចាងហ័រ។ ដូច្នេះហើយ កិច្ចការពារព្រៃនេះគឺជារឿងសំខាន់ពាក់ព័ន្ធនឹងការអភិរក្សប្រភពទឹក ការថែរក្សាដី និងទឹក ព្រមទាំងការអភិរក្សជីវចម្រុះនៅភាគកណ្តាលនៃខេត្តហៃណាន។

កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ ប្រធានាធិបតីចិន លោក Xi Jinping បានចុះពិនិត្យស្ថានភាពនៅតំបន់នេះ និងចាត់ទុកឧទ្យានជាតិព្រៃត្រូពិចហៃណានថាជា «ទ្រព្យសម្បត្តិជាតិ» ដោយបានលម្អិតថាវាជាអាងស្តុកទឹក ជម្រុកស្បៀង រតនសម្បត្តិជាតិ ជាពិសេសគឺជាអាងស្តុកកាបូនដ៏សំខាន់។ រដ្ឋបាលឧទ្យានជាតិខេត្តហៃណានអនុវត្តតាមការណែនាំនេះ ដោយកំពុងជំរុញគំនិតផ្តួចផ្តើម «អាងស្តុកទាំងបួន» ដោយផ្តោតលើតួនាទីចំនួន ៤ គឺការរក្សាប្រភពទឹក ការផលិតស្បៀង ការការពារធនធានធម្មជាតិ និងការស្តុកទុកកាបូន។ តាមរយៈការផ្សារភ្ជាប់រវាងឧទ្យាន និងទីក្រុង ខេត្តហៃណានកំពុងស្វែងរកការភ្ជាប់ទំនាក់ទំនងរវាងការការពារទ្រព្យសម្បត្តិអេកូឡូស៊ីទៅនឹងការអភិវឌ្ឍបៃតង និងផលប្រយោជន៍សាធារណៈ ខណៈដែលអាចបន្តរក្សាបាននូវមុខងារអភិរក្សរបស់ព្រៃត្រូពិចនេះឲ្យរឹងមាំ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា