ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ហៃណាន ៖ ភូមិម៉ៅណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណាន ប្រទេសចិន កំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក។ ភូមិនេះស្ថិតនៅក្នុងឃុំស៊ុយម៉ាន (Shuiman) នៃជើងភ្នំអ៊ូជី ដែលជាភ្នំខ្ពស់ជាងគេនៅលើកោះហៃណាន និងមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងអ៊ូជីសាន ដែលមានអ្នកស្រុករស់នៅអចិន្ត្រៃយ៍ចំនួន ១៦៦ គ្រួសារ ស្មើនឹងមនុស្សសរុប ៦៤៧ នាក់។ មុខរបរដាំតែ គឺជាសសរទ្រូងសេដ្ឋកិច្ចប្រពៃណីរបស់អ្នកស្រុកនៅភូមិម៉ៅណា និងជាប្រភពចំណូលចម្បងមួយរបស់ពួកគេ។ នៅឆ្នាំ២០២៥ ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ៗកើនដល់ ២៥,៣០០ យ័ន ពោលគឺកើនឡើង ៧.២ ភាគរយធៀបនឹងឆ្នាំមុន។

ការអភិវឌ្ឍរបស់ភូមិម៉ៅណាផ្តោតលើលក្ខណៈពិសេសចម្បង ៣ គឺ វប្បធម៌ជនជាតិលី ព្រៃត្រូពិច និងការផ្សារភ្ជាប់ដំណាំតែជាមួយនឹងវិស័យទេសចរណ៍ ខណៈដែលខិតខំរួមបញ្ចូលគ្នានូវការការពារប្រព័ន្ធអេកូឡូស៊ី ជាមួយនឹងការអភិវឌ្ឍឧស្សាហកម្ម និងការលើកកម្ពស់ជីវភាពរស់នៅ។ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២២ ប្រធានាធិបតីចិន លោក Xi Jinping បានអញ្ជើញទៅទស្សនកិច្ចនៅភូមិម៉ៅណា ដែលជាឱកាសយ៉ាងសំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ជនបទ។ ចាប់តាំងពីពេលនោះមក ភូមិនេះបានខិតខំបង្កើនសោភ័ណភាព និងបរិស្ថានរស់នៅប្រកបដោយសុខដុមរមនា ព្រមទាំងបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងទេសចរណ៍របស់ខ្លួន។ ថវិកាសរុបចំនួន ៩១០០៥ លានយ័ន ត្រូវបានវិនិយោគលើកសាងហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងទេសចរណ៍រួមមាន៖ ផ្ទះឫស្សីបាវសាន រោងសិប្បកម្មតែហឺរ៉ូ ចំការតែខុងចុងលីង និងផ្ទះសំណាក់អេកូទេសចរណ៍ក្នុងព្រៃ។ ទន្ទឹមនឹងនេះ ភូមិម៉ៅណាក៏កំពុងជួសជុលកែលម្អសោភ័ណភាពខាងក្រៅនៃអគារនានា ដើម្បីបង្ហាញពីលក្ខណៈសម្គាល់វប្បធម៌ជនជាតិភាគតិចលី និងបង្កើនល្បឿននៃការកសាងបណ្ណាល័យព្រៃត្រូពិចផងដែរ។

ការអភិវឌ្ឍវិស័យទេសចរណ៍ទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍វប្បធម៌នានាដូចជា ពិធីបុណ្យបេះតែដើមរដូវវស្សា ការប្រកួតបង្ហាញម៉ូដក្នុងព្រៃ និងពិពណ៌វប្បធម៌ក្រណាត់តម្បាញ និងសិល្បៈប៉ាក់ហៃណាន។ ជាមួយគ្នានេះ ភូមិក៏បានស្វាគមន៍គណៈប្រតិភូបរទេសជាច្រើនរួមមាន អគ្គរដ្ឋទូត និងតំណាងប្រព័ន្ធផ្សព្វផ្សាយបរទេសផងដែរ។ តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន Wuzhishan Tourism Investment Group ភូមិម៉ោណាបានបង្កើតក្រុមហ៊ុន Maona Village Industrial Development Co., Ltd. ក្រោមគំរូ «សាខាបក្ស + សហគ្រាស + កសិករ» ដែលបង្កើតសកម្មភាពទេសចរណ៍ជាច្រើនដូចជា ការប្រគំតន្ត្រី រោងសិប្បកម្មកុលាលភាជន៍លី ហាងសម្លៀកបំពាក់ប្រពៃណីលី បារភ និងតំបន់លក់ផលិតផលប្រចាំតំបន់។ សកម្មភាពទាំងនេះផ្តល់ការងារថេរដល់អ្នកស្រុកចំនួន ២៨ នាក់ និងទទួលបានភ្ញៀវទេសចរចំនួន ១៣១ ៣០០ នាក់គិតចាប់ពីខែមករាដល់ខែឧសភាឆ្នាំនេះ ព្រមទាំងទទួលបានចំណូលពីវិស័យទេសចរណ៍ចំនួន ៦,៥៦ លានយ័ន។ ភូមិម៉ៅណា ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាភូមិគំរូ « Village CEO» សម្រាប់គម្រោងផ្ទះសំណាក់ និងភោជនីយដ្ឋាននៅក្នុងតំបន់អេកូទេសចរណ៍ស៊ុយម៉ានម៉ោណា ដើម្បីពង្រឹងការរួមបញ្ចូលគ្នារវាងវិស័យកសិកម្ម វប្បធម៌ និងទេសចរណ៍តាមបែបទីផ្សារ។ កាលពីឆ្នាំ ២០២៥ កញ្ចប់ថវិការួមរបស់ភូមិសម្រាប់ការអភិវឌ្ឍន៍កើនដល់ជាង ៣ លានយ័ន (កើនឡើង ១៦,៦៣ ភាគរយធៀបនឹងឆ្នាំមុន)។

ទន្ទឹមនឹងនេះ ភូមិម៉ៅណាកំពុងជំរុញគំរូកសិកម្មបៃតង « Five-Zero» ជាគំរូហាមឃាត់ និងលុបបំបាត់ការប្រើប្រាស់សារធាតុគីមីចំនួន ៥ ប្រភេទរួមមាន៖ គ្មានជីគីមី គ្មានប្លាស្ទិកគ្របដី គ្មានថ្នាំកសិកម្មគីមី គ្មានថ្នាំសម្លាប់សត្វល្អិត និងគ្មានអ័រម៉ូន ខណៈដែលកំពុងសិក្សាលើវិធានការថែរក្សា និងគ្រប់គ្រងដីធ្លី។ ភូមិនេះទទួលបានពានរង្វាន់ និងប័ណ្ណសរសើរថ្នាក់ជាតិ និងថ្នាក់ខេត្តជាច្រើនដូចជា ភូមិទេសចរណ៍ជនបទគំរូថ្នាក់ជាតិ, ភូមិកម្សាន្តលំហែកាយដ៏ស្រស់ស្អាតរបស់ចិន, និង តំបន់អេកូទេសចរណ៍ហៃណានព្រមទាំងត្រូវបានទទួលស្គាល់ជា «ភូមិកាបូនសូន្យ» ទីពីរនៅក្នុងប្រទេសចិន និងដំបូងគេបង្អស់នៅក្នុងខេត្តហៃណាន។ តាមរយៈការបញ្ចូលគ្នានៃដំណាំតែ វប្បធម៌ ទេសចរណ៍ និងការពារបរិស្ថាន ភូមិម៉ៅណាកំពុងក្លាយខ្លួនជាគំរូឈានមុខគេក្នុងការស្តារ និងអភិវឌ្ឍន៍ជនបទ ព្រមទាំងខិតខំបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា