មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់កម្ពុជា បានបង្ហាញពីឆន្ទៈយ៉ាងមុតមាំក្នុងកិច្ចគាំទ្រ និងជួយសម្របសម្រួលយ៉ាងពេញទំហឹងចំពោះបណ្តាវិនិយោគិនជប៉ុន ដែលមានបំណងស្វែងរកឱកាសវិនិយោគ និងពង្រីកធុរកិច្ចនៅកម្ពុជា។

នៅក្នុងឱកាស​ជួបជាមួយ​ លោក​ Yohu Hayakawa អនុប្រធាន​ជាន់ខ្ពស់នៃទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ឯកឧត្តម​ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី​១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានថ្លែងថា កម្ពុជា បាន និង​កំពុងអនុវត្តនូវវិធានការនានាដែលផ្តល់ភាពងាយស្រួល និងលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ ដែលជាការបង្កើនភាពទាក់ទាញគម្រោង​វិនិយោគលើគ្រប់វិស័យ ជាពិសេស​ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត និង​ការ​អភិវឌ្ឍ​ប្រព័ន្ធឡូជីស្ទិក​នៅកម្ពុជា ។

លោក Yohu Hayakawa  អនុប្រធានទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន បានបង្ហាញពីការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំក្នុងការ​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដើម្បី​ធានា​ថា ​គ្រប់​គម្រោង​កិច្ច​សហប្រតិបត្តិការ​ជាមួយកម្ពុជាទាំងអស់​​ ​ ទទួលបានលទ្ធផល​យ៉ាង​ជោគជ័យ និងជា​ផ្លែផ្កា​ ។

តាមរបា​យការណ៍​ពី​ស្ថានទូត​ជប៉ុនប្រចាំកម្ពុជា​ បានឱ្យដឹងថា ​ក្នុងរយៈពេល​ជា​ង ​៣០ឆ្នាំកន្លងមកនេះ ពោល គឺចាប់ពី​ឆ្នាំ១៩៩៤ រហូតមក​ លំហូរ​វិនិយោគផ្ទាល់ពីប្រទេស​ជប៉ុន​​​នៅ​កម្ពុជា​មាន​ទំហំទឹកប្រាក់​ប្រមាណជិត ​៣ពាន់​លានដុល្លារ ដោយជាការ​កត់សម្គាល់​ឃើញថា ​គម្រោង​វិនិយោគជប៉ុន​​​ជាច្រើនបាន​លេចរូបរាង​ជា​បន្តបន្ទាប់ទាំង​គម្រោងវិនិយោគ​​សហការ​ជាមួយរដ្ឋាភិបាល និង​គម្រោង​វិនិយោគសហការ​ជាមួយវិស័យឯកជន ។

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ​ Advance Real Estate បានឱ្យដឹងថា វិនិយោគិន​ជប៉ុន​ គឺជា​អ្នកវិនិយោគដែលមានការ​គិតគូរច្បាស់លាស់​មុន​នឹង​បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសណាមួយ ។ ដោយឡែកនៅប្រទេសកម្ពុជា​ ឃើញមាន​ គម្រោងវិនិយោគជប៉ុន​ជាច្រើន ហើយ​ការ​វិនិយោគរបស់​ជប៉ុននេះដែរ ក៏​មានទាំង​ការ​វិនិយោគ​រយៈពេលខ្លី និង​ការ​វិនិយោគរយៈពេលវែង ។​

លោក​បន្តថា ឥរិយា​បថរបស់វិនិយោគិនជនជាតិ​ជប៉ុន ភាគច្រើនមិនរត់ចោល​គម្រោង ឬទុក​គម្រោងអភិវឌ្ឍរបស់ខ្លួន​ចោលនោះទេ ។ បើទោះបីជា​ពួកគេមានបញ្ហាហិរញ្ញវត្ថុក៏ដោយ​ ពួកគេ​នៅតែព្យាយាមដោះស្រាយ​ឱ្យរួចរាល់ ស្របទៅតាមច្បាប់នៃប្រទេសដែលពួកគេ​បណ្ដាក់ទុនវិនិយោគ​ ។

លោក​បណ្ឌិត​ អុិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​នៃធនាគារ​អេស៊ីលីដា​ ដែលជាដៃគូសហការ​មួយរបស់វិនិយោគិនជប៉ុន បាន​លើកឡើងថា ប្រទេសជប៉ុន​សំបូរទៅដោយសហគ្រាសធុន​ តូច និងមធ្យម ( SME ) ។ បើតាមតួលេខដែលធ្លាប់បានដឹង នៅក្នុង​ប្រទេសជប៉ុន​មានសហគ្រាសធុន​តូច និ​ងមធ្យម​រាប់លាន​សហគ្រាស ហើយកម្ពុជា​ត្រូវការ​អ្នកជំនាញ​ក្នុងវិស័យ SME ដើម្បី​ជួយ​លើ​កស្ទួយសេដ្ឋកិច្ច ដូច្នេះ បើសិនជា​កម្ពុជា​ទទួល​បាន​ SME ពីប្រទេស​ត្រឹមតែ ៥ភាគរយ ចូលមក​បណ្ដាក់ទុនវិនិយោគ ឬសហការ​ជាមួយ​ធុរជន និង​វិនិយោគិនកម្ពុជា នឹង​ធ្វើឱ្យកំណើន​សហគ្រាស​ធុនតូច និងមធ្យម នៅកម្ពុជា​កើនឡើង​ និងរីកចម្រើន ជួយបង្កើនចរន្តសេដ្ឋកិច្ចទាំងវិស័យរដ្ឋ និងវិស័យឯកជន៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា