ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត នាព្រឹកថ្ងៃសុក្រទី២១ ខែសីហា ឆ្នាំ២០២៦ ស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធ វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តម្លៃប្រមាណ ២៤លានដុល្លារអាម៉េរិក ដោយកសាងឡើងក្រោម​គំនិត​ផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន។

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ ។

ឯកឧត្តម ប្រាក់ សុខុន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការសាងសង់អគារថ្មីព្រឹទ្ធសភា បានឱ្យដឹងថា ព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់​ថ្លៃថ្លារបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បញ្ជាក់នូវការយកព្រះរាជហឫទ័យទុកដាក់ខ្ពស់ និងការប្រោសព្រះរាជទាននូវការ​គាំទ្រដល់ស្ថាប័នព្រឹទ្ធសភា ដែលជាអង្គនីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាការពង្រឹងនីតិរដ្ឋ​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការការពារឱ្យបានដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ។

ឯកឧត្តម បានគូសបញ្ជាក់ថា សំណង់អគារថ្មីនៃព្រឹទ្ធសភានេះ គឺត្រូវបានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីឆ្លើយតបទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ការលើកកម្ពស់​ប្រសិទ្ធភាព គុណភាព និងចីរភាពនៃស្ថាប័នព្រឹទ្ធសភា ។

ក្នុងឱកាសនេះព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តួចផ្តើមគំនិតបង្កើតទស្សនទាន និងដឹកនាំការកសាង “វិមានសាមគ្គីភាព”នៅលើទីតាំង​ជ័យភូមិជាញជ័យដ៏ពិសិដ្ឋនេះឡើង សម្រាប់ទុកជាបេតិកភណ្ឌជាតិដ៏វិសេសវិសាលមួយទៀតរបស់ជាតិ។ វិមាននេះក៏ជានិមិត្តរូប​នៃការតភ្ជាប់មោទនភាព បច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ដែលធ្លាប់មានអរិយធម៌​ចំណាស់ត្រចះត្រចង់ ឧត្តុង្គឧត្តម និងមានកិត្យានុភាពល្បីរន្ទឺនៅក្នុងតំបន់ និងនៅ លើសកលលោក ។

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលបន្តថា “វិមានសាមគ្គីភាព” នឹងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែអគារនេះ នឹងជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយ​បន្ថែមសោភណភាព និងភាពចម្រុះអមដោយ សំណង់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមន ដែលជាកេរដំណែលមរតកនៃស្ថាបត្យកម្ម និងជាស្នាព្រះហស្តដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត ក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្ម និងបំពេញព្រះរាជកិច្ច​នៅទីនេះ ។

ព្រះករុណាព្រះមហាក្សត្រ បានសម្ដែងព្រះរាជហឫទ័យរំភើបជាអនេក ពេលបានទតឃើញ “វិមានសាមគ្គីភាព”ដ៏ស្កឹមស្កៃ ដែលត្រូវបានកសាងរួចរាល់ជាស្ថាពរ ក្នុងទម្រង់សិល្បៈស្ថាបត្យ កម្មខ្មែរដ៏ល្អវិចិត្របែបនេះ ។

គួរបញ្ជាក់ថា «វិមានសាមគ្គីភាព» បានសាងសង់ឡើងក្នុងរយៈពេល ១៨ខែមានផ្ទៃក្រឡាសរុបជាង ២២ពាន់ម៉ែត្រការ៉េ ដោយមិនរាប់ផ្ទៃក្រឡាសួន និងក្រាលក្រានីត ៥ពាន់ម៉ែត្រការ៉េទៀត។ អគារនេះមានបណ្តោយ ៧៩ម៉ែត្រ, ទទឹង ៤៧ ម៉ែត្រ, កម្ពស់ ៣៥ម៉ែត្រ និងមាន ៤ជាន់កន្លះ ដែលដំបូលរាបស្មើរបស់អគារប្រើជា ព្រលានឧទ្ធម្ភាគចក្រ ។

រចនាបទខាងក្រៅនៃ «វិមានសាមគ្គីភាព» ជាប្រភេទស្ថាបត្យកម្មសហសម័យលាយបញ្ចូលគ្នារវាងស្ថាបត្យកម្មនៃរចនាបទខ្មែរ និង Colonial ជាមួយ​នឹងការគិតគូររចនាយ៉ាងហ្មត់ចត់ទៅលើគ្រឿងលម្អ ដែលបង្ហាញ និងលើកកម្ពស់វប្បធម៌ អត្តសញ្ញាណ​ជាតិខ្មែរ និងស្រប​ទៅនឹងតួនាទីនៃវិមានស្ថាប័ននីតិប្បញ្ញត្តិកំពូល ។

ដោយឡែកនៅផ្នែកខាងក្នុង នៅជាន់ផ្ទាល់ដី មានបន្ទប់បណ្ណាល័យធំទូលាយ បន្ទប់ធ្វើការសម្រាប់មន្ត្រី ព្រមទាំងបន្ទប់សម្រាប់​កងកម្លាំងរក្សា​សន្តិសុខ ។ នៅជាន់ទី១ មានសាលធំៗ និងសំខាន់ៗចំនួន២ សម្រាប់ការទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ អន្តរជាតិ និងសម្រាប់​ពិធីលៀងសាយភោជន៍ និងកិច្ចប្រជុំធំៗ ។ ជាន់ទី២ មានសាលជាការិយាល័យផ្ទាល់សម្តេច​ប្រធាន​ព្រឹទ្ធសភា, សាលជាបន្ទប់​សម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាផង ជំនួប និងចរចាទ្វេភាគីជាមួយគណៈប្រតិភូ​បរទេសផង។ មានសាល​សម្រាប់ប្រមុខរដ្ឋ ទទួលសារតាំងនៃតំណាងបណ្តាប្រទេសជាមិត្ត និងទទួលភ្ញៀវជាន់ខ្ពស់បរទេស។ ក្រៅពីនេះ មានបន្ទប់ជំនួប​ទ្វេភាគី, បន្ទប់ជប់លៀង, បន្ទប់រង់ចាំ ព្រមទាំងមានបន្ទប់ធ្វើការរបស់មន្ត្រីផងដែរ ។ នៅជាន់ទី៣ ជាការិយាល័យរបស់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា (គឺអនុប្រធានទី១ និងទី២) ព្រមទាំងមានការិយាល័យអគ្គលេខាធិការដ្ឋាន បន្ទប់ធ្វើការ បន្ទប់ប្រជុំ និងបន្ទប់ទទួល​ភ្ញៀវផងដែរ ៕
អត្ថបទ៖ វណ្ណលុក / រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា