វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

បរទេស​៖ ​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១​។ ​នេះ​បើ​យោង​តាម​ការ​ស្ទង់​មតិ​អ្នកសេដ្ឋកិច្ច​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

Advertisement

​ការ​ស្ទង់​មតិ​ដែល​ធ្វើឡើង​លើ​អ្នកសេដ្ឋកិច្ច​ចំនួន​ ​១៥​ ​នាក់​ ចន្លោះ​ថ្ងៃទី​៧​ ​ដល់​ថ្ងៃទី​១២​ ​ខែសីហា ​បាន​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​ថៃ​អាច​កើនឡើង​ ​១,៧​ ​ភាគរយ​នៅក្នុង​ត្រីមាស​មេសា​-​មិថុនា​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​ការ​ព្យាករណ៍​របស់​អ្នក​សេដ្ឋកិច្ច​ស្ថិត​នៅ​ចន្លោះ​ពី​ ​០,៩​ ​ភាគរយ​ ​ដល់​ ​២,២​ ​ភាគរយ ​ខណៈ​ទិន្នន័យ​ផ្លូវការ​គ្រោង​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ ​ខែសីហា​។

​លោក​ ​Eugene​ ​Tan​ ​អ្នកសេដ្ឋកិច្ច​រង​នៅ​ ​Moody​’​s​ ​Analytics​ ​បាន​លើកឡើង​ថា​ ​ការ​ចំណាយ​ឯកជន​ទំនងជា​កត្តា​ចម្បង​ដែល​ទាញ​កំណើន​ចុះ​។ ​ការ​ឡើង​ថ្លៃ​ប្រេង​បាន​ជំរុញ​ថ្លៃ​ដើម​ទំនិញ​ ​និង​សេវាកម្ម​ជាច្រើន​ ​ជាពិសេស​ការ​ដឹកជញ្ជូន​ ​ដែល​ធ្វើឱ្យ​គ្រួសារ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន​ក្នុង​ការ​ចំណាយ​។

​អ្នកសេដ្ឋកិច្ច​បាន​បញ្ជាក់​ថា​ ​បំណុល​គ្រួសារ​កម្រិត​ខ្ពស់​ និង​ការ​កើនឡើង​នៃ​ប្រជាជន​វ័យ​ចំណាស់​ ​ក៏​បាន​ក្លាយជា​ឧបសគ្គ​ចំពោះ​ការ​ចំណាយ​របស់​អ្នកប្រើប្រាស់​ ​បើ​ទោះបី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ថវិកា​ដើម្បី​គាំទ្រ​តម្រូវការ​ក្នុង​ស្រុក​ក៏ដោយ​។

​ចំណែក​វិស័យ​ទេសចរណ៍​ ​ដែល​ជា​សសរ​ស្តម្ភ​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ថៃ​ ​ក៏​មិន​សូវ​អាច​ជួយ​ទ្រទ្រង់​កំណើន​បាន​ឡើយ​។ ​គិត​ត្រឹម​ថ្ងៃទី​១​ ​ខែសីហា ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ ​៣,២​ ​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​មុន​ ​ដោយ​ភាព​មិន​ប្រាកដប្រជា​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ ​ការ​កើនឡើង​នៃ​ថ្លៃ​ធ្វើដំណើរ​ និង​អំណាច​ទិញ​ទាប​នៅ​ទីផ្សារ​សំខាន់​ៗ​ ​បាន​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​។

​លោក​ ​Chamadanai​ ​Marknual​ ​អ្នកសេដ្ឋកិច្ច​នៅ​ធនាគារ​ ​Krungthai​ ​បាន​លើកឡើង​ថា​ ​ការ​កើនឡើង​នៃ​ប្រជាជន​វ័យ​ចំណាស់​កំពុង​ធ្វើឱ្យ​កំណើន​កម្លាំង​ពលកម្ម​យឺត ​ខណៈ​ផលិតភាព​ទាប ​ភាព​មិន​ស៊ីសង្វាក់​គ្នា​នៃ​ជំនាញ​ ​និង​បំណុល​គ្រួសារ​ខ្ពស់​ បាន​រារាំង​ទាំង​ការ​វិនិយោគ​ ​និង​ការ​ចំណាយ​ក្នុង​ស្រុក​។

​ទោះជា​យ៉ាងណា​ ​ការ​វិនិយោគ​ឯកជន ​ជាពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អេឡិចត្រូនិក​ និង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​ត្រូវបាន​រំពឹង​ថា​នឹង​ជួយ​បន្ធូរបន្ថយ​ការ​ធ្លាក់​ល្បឿន​។ ​ការ​នាំចេញ​ក៏​ត្រូវបាន​រំពឹង​ថា​នឹង​គាំទ្រ​កំណើន​ផងដែរ​ ប៉ុន្តែ​អ្នកសេដ្ឋកិច្ច​ព្រមាន​ថា​ ​កម្លាំង​ជំរុញ​នេះ​អាច​ថយចុះ​នៅ​ឆមាស​ទី​២​ ​បន្ទាប់ពី​ការ​នាំចេញ​ត្រូវបាន​ជំរុញ​ខ្លាំង​នៅ​ដើម​ឆ្នាំ​។

​ការ​នាំចេញ​របស់​ថៃ​បាន​កើនឡើង​ ​២០,៨​ ​ភាគរយ​ក្នុង​ខែមិថុនា​ ​និង​កើន​ ​១៧,៦​ ​ភាគរយ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​សម្រាប់​ទស្សនវិស័យ​ទៅ​មុខ​ ​ការ​ស្ទង់​មតិ​របស់​រ៉យ​ទ័រ​កាលពី​ខែ​មុន​បាន​ព្យាករណ៍​ថា​ ​សេដ្ឋកិច្ច​ថៃ​នឹង​កើនឡើង​ ​២,៤​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​៣​ ​និង​ ​២​ ​ភាគរយ​សម្រាប់​ឆ្នាំ​២០២៦​ទាំងមូល​។ ​ចំណែក​ធនាគារ​កណ្តាល​ថៃ​ព្យាករណ៍​កំណើន​ ​២,៣​ ​ភាគរយ​សម្រាប់​ឆ្នាំ​នេះ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា