អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ភ្នំពេញ ៖ អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន សហជីព អង្គការនិយោជក អង្គការកម្មករនិយោជិត ប្រតិបត្តិករថ្នាលបច្ចេកវិទ្យា អ្នកជំនាញ និងភាគីពាក់ព័ន្ធ។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើងគឺដើម្បីពង្រឹងការយល់ដឹងអំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យានៅកម្ពុជា ពិនិត្យលក្ខខណ្ឌការងារ និងការគ្របដណ្ដប់របបសន្តិសុខសង្គមរបស់អ្នកធ្វើការតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងឈ្វេងយល់អំពីបទដ្ឋានអន្តរជាតិការងារថ្មីៗ ក្របខ័ណ្ឌគតិយុត្ត និងគោលនយោបាយដែលមានស្រាប់នៅកម្ពុជា ព្រមទាំងបទពិសោធរបស់បណ្ដាប្រទេសក្នុងតំបន់ ដើម្បីជាធាតុចូលសម្រាប់ការកំណត់អាទិភាព និងការពិភាក្សាគោលនយោបាយនាពេលខាងមុខ។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ប្រធានបទនេះមានសារៈសំខាន់ និងឆ្លើយតបទៅនឹងវឌ្ឍនភាពយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថល និងពិភពការងារ ខណៈការរីកចម្រើននៃថ្នាលបច្ចេកវិទ្យាបានបង្កើតឱកាសថ្មីៗ ប៉ុន្តែក៏នាំមកនូវបញ្ហាប្រឈមដែលទាមទារឱ្យមានការសិក្សា វាយតម្លៃ និងឆ្លើយតបប្រកបដោយតុល្យភាព។ កិច្ចពិភាក្សានេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធចែករំលែកបទពិសោធ និងកំណត់បញ្ហាប្រឈមនៃទម្រង់ការងារថ្មីៗ។

លោកជំទាវបានសង្កត់ធ្ងន់ថា ការចាប់យកនវានុវត្តន៍ និងការលើកកម្ពស់ការងារសមរម្យមិនមែនជាគោលដៅដែលផ្ទុយគ្នានោះទេ ប៉ុន្តែត្រូវរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ភាពប្រកួតប្រជែង និងការធានាការគាំពារសមស្របដល់អ្នកធ្វើការ។ ការកំណត់ជម្រើសគោលនយោបាយត្រូវផ្អែកលើបរិបទសេដ្ឋកិច្ច សង្គម រចនាសម្ព័ន្ធទីផ្សារការងារ លក្ខណៈអាជីវកម្ម និងសមត្ថភាពអនុវត្តរបស់កម្ពុជា ព្រមទាំងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

លោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការយកចិត្តទុកដាក់របស់កម្ពុជាចំពោះការលើកកម្ពស់ការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា ព្រមទាំងបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ ILO។

លោកស្រីក៏បានបង្ហាញពីក្ដីរំពឹងថា តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ធាតុចូលសម្រាប់ការកំណត់អាទិភាព និងសិក្សាជម្រើសគោលនយោបាយ ដើម្បីធានាការឆ្លើយតបរបស់កម្ពុជាចំពោះទម្រង់ការងារបច្ចុប្បន្ន និងការងារថ្មីៗនាពេលអនាគតប្រកបដោយតុល្យភាព បរិយាបន្ន និងចីរភាព៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា