អង្គការ ILO និងសមាគមហិរញ្ញវត្ថុពីរ រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ ILO និងសមាគមហិរញ្ញវត្ថុពីរ រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

អង្គការ ILO និងសមាគមហិរញ្ញវត្ថុពីរ រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

សមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការអន្តរជាតិខាងការងារ (ILO) បានប្រកាសជាផ្លូវការកម្មវិធីបណ្តុះបណ្តាលស្តីពី “ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ” ក្នុងគោលបំណងកសាងធនធាន និងបណ្តាញដ៏រឹងមាំនៃគ្រូបង្គោល ដើម្បីអាចបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងស្ថាបន័នហិរញ្ញវត្ថុ សហគមន៍ និងស្ថាប័ននានាទូទាំងប្រទេស។

Advertisement

ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ  ដោយមានការអញ្ជើញចូលរួមពី លោក រ័ត្ន សោភ័ណ ប្រធានសមាគម ABC, លោក ទុន សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិ នៃអង្គការ ILO, លោក សុខ វឿន ប្រធានសមាគម CMA និងលោកស្រី Frouke Boele ប្រធានគ្រប់គ្រងគម្រោងប្រចាំប្រទេស នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងមានវត្តមានចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សិក្ខាកាម ព្រមទាំងតំណាងស្ថាប័នហិរញ្ញវត្ថុ និងអ្នកសារព័ត៌មានប្រមាណ ៦០នាក់។

មានប្រសាសន៍ស្វាគមន៍ទៅកាន់សិក្ខាកាម និងអ្នកចូលរួម លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានកោតសរសើរដល់អង្គការ ILO និងសមាគមមីក្រូហិរញ្ញវត្ថុ ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងការអប់រំផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកបន្ថែមថា កម្មវិធីនេះ និងក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ភាពអង់អាច និងបំពាក់បំប៉នដល់ធនាគារិក ដើម្បីទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

លោកប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងទៀតថា៖

“នៅសមាគមធនាគារ ការកសាងសមត្ថភាពសម្រាប់បុគ្គលិកធនាគារ និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជារបៀបវារៈដ៏ចម្បងរបស់យើង ហើយយើងជឿជាក់យ៉ាងមុតមាំថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាការទទួលខុសត្រូវរួមគ្នា។”

លោក រ័ត្ន សោភ័ណ បានថ្លែងបន្តថា កម្មវិធីវិញ្ញាបនបត្រនេះ មានគោលបំណងកសាងធនធាន និងបណ្តាញដ៏រឹងមាំនៃគ្រូបង្គោល និងអ្នកជំនាញអប់រំផ្នែកហិរញ្ញវត្ថុដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលអាចបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងស្ថាបន័នហិរញ្ញវត្ថុ សហគមន៍ និងស្ថាប័ននានាទូទាំងប្រទេស។

លោកបញ្ជាក់ជូនថា ការវិនិយោគលើការអប់រំផ្នែកហិរញ្ញវត្ថុនៅថ្ងៃនេះ គឺជាការវិនិយោគលើសង្គមដែលមានភាពធន់ និងសមត្ថភាពផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ថ្ងៃអនាគត។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖

“នៅសមាគម បេសកកម្មចម្បងរបស់យើងគឺការលើកកម្ពស់និរន្តរភាព និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវនៃវិស័យមីក្រូហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា យើងជឿជាក់យ៉ាងមុតមាំថា និរន្តរភាពមិនអាចសម្រេចបានតែតាមរយៈការទទួលបានសេវាហិរញ្ញវត្ថុនោះទេ ប៉ុន្តែវាត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។”

លោកបន្តថា កម្មវិធីនេះនឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបំពាក់បំប៉នប្រជាពលរដ្ឋនូវចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។ ទន្ទឹមនឹងនេះ វាក៏នឹងជួយពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់គ្រឹះស្ថានហិរញ្ញវត្ថុ លើកកម្ពស់ការផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជានៃអង្គការអន្តរជាតិខាងការងារ (ILO) បានថ្លែងថា កម្មវិធីនេះបានបង្ហាញ “ព្រឹត្តិការណ៍យុទ្ធសាស្ត្រមួយ” ក្នុងភាពជាដៃគូយូរអង្វែងរវាងអង្គការ ILO និងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។

លោកបានកត់សម្គាល់ថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការទូទាត់ប្រាក់ឈ្នួលតាមប្រព័ន្ធឌីជីថល ជាពិសេសនៅក្នុងវិស័យកាត់ដេរ រោងចក្រនាំចេញ ៨០ ភាគរយដែលបានចុះបញ្ជីជាមួយកម្មវិធី Better Factories Cambodia បានទទួលយកការទូទាត់ឌីជីថល ក្នុងនោះមានកម្មករជាអ្នកប្រើប្រាស់ជាង ៦៥០,០០០ នាក់។

លោក ទុន សុភ័ណ បានបន្ថែមថា ចំណេះដឹងហិរញ្ញវត្ថុនៅតែមានសារៈសំខាន់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថកំពុងរីកចម្រើន ប៉ុន្តែលោកបានព្រមានថា ចំណេះដឹងមិនគ្រប់គ្រាន់អាចធ្វើឱ្យបងប្អូនកម្មករប្រឈមនឹងការបោកប្រាស ការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុខុសគោលដៅ និងបំណុលលើសលុប។

គួរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីសកលស្តីពីការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ ILO (ILO Global Programme on Financial Education) ដែលមានគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការកសាងសមត្ថភាព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រោយបញ្ចប់ការបណ្តុះបណ្តាល គ្រូបង្គោលទាំង ២០ នាក់មកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលបន្តនៅតាមស្ថាប័ន និងសហគមន៍របស់ខ្លួន ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាកាន់តែមានចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាពិសេសធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង និងប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពក្នុងបរិបទសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។

គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់វិស័យហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៅទូទាំងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការការពារអតិថិជន និងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា