IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

​បរទេស​៖ ​លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​។

យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ​កាលពី​ថ្ងៃ​អាទិត្យ​ ​បញ្ហា​ប្រឈម​សំខាន់​ៗ​រួមមាន​ការ​កើនឡើង​នៃ​អតិផរណា​ ​ការ​កើនឡើង​ចំណាយ​លើ​ការ​សង​បំណុល​ ​និង​ហានិភ័យ​ពី​ការ​វិនិយោគ​ហួស​កម្រិត​លើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​។

​ថ្លែង​នៅក្នុង​កិច្ច​ពិភាក្សា​ពិសេស​មួយ​នៃ​វេទិកា​សេដ្ឋកិច្ច​កាតា ​ដែល​រៀបចំឡើង​នៅ​ទីក្រុង​ញូវយ៉ក​ ​លោក​ស្រី​ ​Georgieva ​បាន​គូសបញ្ជាក់​ថា​ ​បញ្ហា​អតិផរណា​នៅតែ​បន្ត​កើតមាន​ ​ហើយ​មិន​អាច​ដោះស្រាយ​បាន​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ​។ ស្ថានភាព​នេះ​តម្រូវឱ្យ​ធនាគារ​កណ្តាល​នៃ​ប្រទេស​ជា​ច្រើន​បន្ត​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់​ខ្លួន​។

​លោក​ស្រី​បាន​បន្ថែម​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រក្សា​ស្ថិរ​ភាព​តម្លៃ​ទំនិញ​បាន​ធ្វើឱ្យ​ចំណាយ​លើ​ការ​សង​បំណុល​កាន់តែ​កើនឡើង​ ​និង​កាន់តែ​លំបាក​។ ​ទោះបី​មាន​ការ​យល់ដឹង​កាន់តែ​ច្រើន​អំពី​សារៈសំខាន់​នៃ​ការ​កាត់បន្ថយ​ចំណាយ ​និង​ការ​ពង្រឹង​ថវិកា​រដ្ឋ​ក៏​ដោយ​ ​សកម្មភាព​ជាក់ស្តែង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​នៅ​មាន​កម្រិត​នៅឡើយ​។

​លោក​ស្រី​ ​Georgieva ​ក៏​បាន​លើកឡើង​ពី​ហានិភ័យ​ដែល​អាច​កើត​ចេញ​ពី​ការ​ខ្ចី​ប្រាក់​ ​និង​ការ​ប្រើប្រាស់​ប្រភព​ដើមទុន​បង្វិល​សម្រាប់​ការ​វិនិយោគ​ក្នុង​វិស័យ​ AI ​ដែល​ត្រូវការ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​។

ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ ​AI ​មាន​ទំហំ​ធំ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​។ ​ប្រសិនបើ​បច្ចេកវិទ្យា​នេះ​មិន​អាច​សម្រេច​បាន​តាម​ការ​រំពឹងទុក​ខ្ពស់​របស់​វិនិយោគិន​ទេ ​នោះ​អាច​បង្ក​ការ​ខកចិត្ត​ ​និង​នាំឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ទាំងមូល​។​

​ហានិភ័យ​ផ្នែក​ហិរញ្ញប្បទាន​ក្នុង​វិស័យ​ AI ​ត្រូវ​បាន​កត់សម្គាល់​ថា​មាន​កម្រិត​ខ្ពស់​ជាង​គេ​នៅ​សហរដ្ឋ​អាមេរិក​ ​ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​ទៀត​នៅ​តំបន់​អាស៊ី ​និង​អឺរ៉ុប ​ដែល​ជា​ផ្នែក​មួយ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​បច្ចេកវិទ្យា​នេះ​។

​ទោះជា​យ៉ាងណា ​លោក​ស្រី​ ​Georgieva ​បាន​ចាត់ទុក​ថា​ ​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​ប្រមាណ​ ៣ ​ភាគរយ​ ​គឺជា​សមិទ្ធផល​ដ៏​ធំ​មួយ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ផលប៉ះពាល់ ​និង​ការ​វិវត្ត​អាក្រក់​ៗ​ដែល​ពិភពលោក​បាន​ជួប​ប្រទះ​កន្លង​មក​។

​លោក​ស្រី​ក៏​បាន​បង្ហាញ​ជំនឿ​លើ​ចំណាត់ការ​រហ័ស ​និង​ទាន់​ពេលវេលា​ដែល​ត្រូវ​បាន​អនុវត្ត ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ផ្គត់ផ្គង់​ថាមពល​។

​ជាមួយគ្នា​នេះ​ ​លោក​ស្រី​បាន​សង្កត់ធ្ងន់​ថា​ ​ទោះ​បី​មាន​ការ​លើកឡើង​ជា​ច្រើន​អំពី​ពិភពលោក​ដែល​កំពុង​បែក​បាក់ និង​កាត់បន្ថយ​ភាព​ជា​ធ្លុងមួយ​ក៏​ដោយ​ ​ប្រទេស​ទាំងអស់​នៅតែ​មាន​ទំនាក់ទំនង​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​ ​និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជានិច្ច​។

​លោក​ស្រី​ ​Georgieva ​បាន​បញ្ជាក់​ថា​ ​គ្រប់​ភាគី​ត្រូវ​បន្ត​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ព្រោះ​ហានិភ័យ​នៅតែ​មាន​កម្រិត​ខ្ពស់​ ​ហើយ​ភាព​មិន​ប្រាកដប្រជា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ស្ថានភាព​ធម្មតា​របស់​ពិភពលោក​បច្ចុប្បន្ន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា