IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដំឡើងការព្យាកររបស់ខ្លួនទៅលើកំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះ ដោយសារកំណើននៃការវិនិយោគលើវិស័យបញ្ញាសិប្បនិម្មិត (AI) បានជួយកាត់បន្ថយផលប៉ះពាល់មួយចំនួនពីការឡើងថ្លៃតម្លៃថាមពល ប៉ុន្តែក៏បានព្រមានផងដែរពាក់ព័ន្ធនឹងកំណើនបំណុលជាតិ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។

នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើន ៣,១ ភាគរយដែលកើនឡើងពីការព្យាករលើកមុនត្រឹម ៣ ភាគរយប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ កំណើននេះនៅតែទាបជាងអត្រាកំណើន ៣,៥ ភាគរយធៀបនឹងឆ្នាំ២០២៥ ហើយអតិផរណាត្រូវបានរក្សាការព្យាករនៅកម្រិត ៤,៧ ភាគរយដដែល។ ដោយឡែក ចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២៧ខាងមុខនោះវិញ IMF ក៏បានរក្សាការព្យាករក្នុងកម្រិតដដែល ពោល គឺក្នុងរង្វង់ ៣,៤ ភាគរយ ប៉ុន្តែបានបង្កើនការព្យាករលើអតិផរណាសកល ដែលឈានដល់ ៤,១ ភាគរយ កើនពីអត្រាលើកមុនដែលមានត្រឹម ៣,៩ ភាគរយប៉ុណ្ណោះ។ មូលហេតុ គឺដោយសារតែការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងត្រូវបានពន្យារពេលរហូតដល់ខែមីនាឆ្នាំក្រោយ ហើយស្ថានភាពរំពឹងថានឹងវិលត្រឡប់ទៅរកកម្រិតដើមមុនសង្គ្រាមនៅត្រឹមខែតុលា។

សូមជម្រាបដែរថា របាយការណ៍នេះនឹងត្រូវចេញផ្សាយជាផ្លូវការនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងបាងកក ប្រទេសថៃ ដែលជាការជួបជុំគ្នារវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីប្រទេសជាសមាជិកទាំង ១៩១ ដើម្បីពិភាក្សាអំពីតានតឹងភូមិសាស្ត្រនយោបាយ បំណុលសាធារណៈដែលកំពុងកើនឡើង និងបញ្ញាសិប្បនិម្មិត។ IMF បានលើកឡើងថា ការវិនិយោគពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត (AI) ផ្តល់ជាកម្លាំងរុញច្រានដល់សេដ្ឋកិច្ចពិភពលោក បានជួយឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងឆមាសទី១ នៃឆ្នាំ២០២៦ មានភាពល្អប្រសើរជាងការរំពឹងទុក បើទោះបីជាមានសង្គ្រាមនៅមជ្ឈិមបូព៌ា និងភាពតានតឹងពាណិជ្ជកម្មសកលក៏ដោយ។

យ៉ាងណាមិញ IMF បានបង្ហាញពីក្ដីបារម្ភទៅលើការប្រើប្រាស់ទុនបម្រុងប្រេង និងការស្វែងរកប្រភពផ្គត់ផ្គង់ថាមពលថ្មីដើម្បីជួយទប់ទល់នឹងវិបត្តិដែលកំពុងកើតមានគឺបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារទុនបម្រុងប្រេងពិភពលោកត្រូវបានទាញយកមកប្រើប្រាស់ប្រមាណ ២,៧ លានបារ៉ែលក្នុងមួយថ្ងៃ ដែលអាចបង្កឱ្យមានការឡើងថ្លៃដល់កម្រិតខ្ពស់ និងប៉ះពាល់ដល់សន្ទុះសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចសកល កំពុងកើតមានគម្លាតយ៉ាងខ្លាំង ខណៈដែលអ្នកទទួលរងផលប៉ះពាល់តិចតួចពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងជាអ្នកផ្គត់ផ្គង់ក្នុងខ្សែច្រវាក់បច្ចេកវិទ្យា AI ដែលទទួលបានកំណើនរឹងមាំ មានដូចជា កោះតៃវ៉ាន់ ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ១០,៧ ភាគរយ, កូរ៉េខាងត្បូង ៣,៣ ភាគរយ, និងអាម៉េរិក ២,៣ ភាគរយ។ ផ្ទុយទៅវិញ តំបន់ចាយលុយអឺរ៉ូមានកំណើនត្រឹម ១,១ ភាគរយ និង ចិន ៤,៥ ភាគរយ ខណៈដែលតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល ប្រឈមនឹងការធ្លាក់ចុះ ០,៣ ភាគរយ ដោយសារសម្ពាធថ្លៃថាមពល និងការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក។

ដោយឡែក សម្រាប់អត្ថប្រយោជន៍ដែលទទួលពីវិស័យ AI ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ចង្អុលបង្ហាញពីហានិភ័យដែលអាចកើតមានធ្ងន់ធ្ងរផងដែរ ដោយសារការវិនិយោគយ៉ាងគំហុកលើវិស័យឈីប មជ្ឈមណ្ឌលទិន្នន័យ និងថាមពល ក្នុងអំឡុងពេលដែលផលប្រយោជន៍ពិតប្រាកដមិនទាន់លេចចេញរូបរាង ក្នុងគ្រាដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយ៉ាងច្រើនកំពុងប្រជែងគ្នាចាក់លុយរាប់ពាន់លានដុល្លារសម្រាប់ការវិនិយោគ ហើយការចំណាយទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងនេះបានធ្វើឱ្យសេដ្ឋកិច្ចដើរលឿនក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើផលចំណេញពី AI មិនអាចសម្រេចបានតាមការរំពឹងទុកនោះទេ វាអាចបង្កឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះមកវិញយ៉ាងគំហុក ដោយភាគហ៊ុនអាម៉េរិកអាចធ្លាក់ចុះរហូតដល់ ២០ ភាគរយ ខណៈដែលកំណើនសេដ្ឋកិច្ចពិភពលោកអាចថយចុះ ១,១ ភាគរយនៅត្រឹមឆ្នាំ២០២៨។

ជាមួយគ្នានេះដែរ IMF បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះកម្រិតបំណុលសាធារណៈដែលកំពុងកើនឡើងខ្ពស់ ហើយបានព្យាករថា បំណុលសាធារណៈនៅក្នុងប្រទេសអភិវឌ្ឍន៍នឹងកើនឡើងពី ១០៨ ភាគរយក្នុងឆ្នាំ​២០២៥ រហូតដល់ ១១៥ ភាគរយត្រឹមឆ្នាំ២០៣១ ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍កើនពី ៧៤ ភាគរយរហូតដល់ ៨៤ ភាគរយ។ ការកើនឡើងនៃអត្រាការប្រាក់ និងការកើនឡើងនៃការចំណាយលើវិស័យការពារជាតិ នឹងធ្វើឱ្យការរៀបចំផែនការសារពើពន្ធត្រូវធ្វើឡើងវិញ និងក្លាយជាកិច្ចការប្រញាប់ប្រញាល់បំផុត ខណៈដែល IMF បានជំរុញឱ្យរដ្ឋាភិបាលនានាត្រូវតែជួយជ្រោមជ្រែងដល់ពលរដ្ឋឱ្យចំគោលដៅ និងស្ថិតក្នុងលក្ខខណ្ឌបណ្តោះអាសន្នតែប៉ុណ្ណោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា