សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។

កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា សហគមន៍ទើបប្រមូលផលត្រសក់ផ្អែមពូជតៃវ៉ាន់ និងពូជជប៉ុនបានចំនួន ១៨ ០០ គីឡូក្រាម ហើយបានលក់ចេញអស់ភ្លាមៗក្នុងតម្លៃបោះដុំ ២ដុល្លារ ក្នុង ១គីឡូក្រាម និងលក់រាយបាន ៤ដុល្លារ ក្នុង ១គីឡូក្រាម។

បើតាម កញ្ញា ហួន ស៊ីអឺ ក្រោយដាំបានរយៈពេល ៨៥ថ្ងៃ ត្រសក់បានហុចផលជាលើកទី១ ហើយការប្រមូលផលក្នុងការដាំមួយលើក គឺប្រមូលផលបានតែ ៣ដងប៉ុណ្ណោះ ឬគិតជារយៈពេលបានតែ ១សប្តាហ៍ប៉ុណ្ណោះ។ បច្ចុប្បន្ន សហគមន៍ នៅតែចំណាយប្រាក់ច្រើនទៅលើគ្រាប់ពូជដែលត្រូវទិញពីក្រៅប្រទេស និងថ្លៃសង់ផ្ទះសំណាញ់បន្ថែមឱ្យគ្រប់ចំនួន ៥០ខ្នង ដែលបានគ្រោងទុក។

តាមការគុណគូររបស់តំណាងសហគមន៍រូបនេះ រោង ឬផ្ទះសំណាញ់ ១ខ្នង ដែលមានទំហំ ៩០០ម៉ែត្រការ៉េ បូកជាមួយថ្លៃដាំដុះ និងថែទាំរហូតបានផល ត្រូវចំណាយប្រមាណ ៥០០ ដុល្លារ ហើយចាប់ពីដើមឆ្នាំ២០២៧ តទៅ សហគមន៍នឹងចំណាយប្រាក់ប្រមាណ ២៥​ ០០០ ដុល្លារ ដើម្បីដំណើរការដាំដុះពេញលេញ។

ចំពោះបច្ចេកទេសដាំដុះ និងការបង្កើនទិន្នផល មិនមែនជាបញ្ហាចោទសម្រាប់សហគមន៍ឡើយ ប៉ុន្តែការដែលមិនទាន់មានផ្សារទំនើប ឬក្រុមហ៊ុនណាមួយច្បាស់លាស់ ចុះកុងត្រាទិញជាក់លាក់ គឺជាកង្វល់របស់សហគមន៍។

ជុំវិញការលើកឡើងនូវកង្វល់របស់តំណាងសហគមន៍នេះ អ្នកស្រី មុំ សារី ម្ចាស់សហគ្រាសបណ្តុំផលិតផលកសិកម្មសហគមន៍ បានឱ្យដឹងថា ត្រសក់ផ្អែមទាំង ២ប្រភេទ របស់សហគមន៍នេះ ត្រូវបានអ្នកស្រីលើកយកទៅលក់រាយក្នុងពិធីតាំងពិព័រណ៍នៅកោះពេជ្រ រាជធានីភ្នំពេញ ចំនួន ២០ផ្លែ ដើម្បីឱ្យអតិថិជនសាកពីគុណភាព និងរសជាតិ។ បើមានអ្នកគាំទ្រច្រើន អ្នកស្រីនឹងជួយទិញយកទៅលក់ថែម ឬភ្ជាប់ទៅកាន់ផ្សារទំនើបផ្សេងៗ ដោយបង្កើតជាកិច្ចសន្យារទិញ-លក់ជាក់លាក់តែម្តង។

ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា សហគមន៍កសិកម្មនៅទូទាំងប្រទេសកម្ពុជា មានជាង ១ ៤០០ សហគមន៍។ ប៉ុន្តែកសិករដាំត្រសក់ផ្អែមមានតែបណ្តាញតូចៗ ស្ថិតនៅក្រោមឆ័ត្រសហគមន៍កសិកម្មចម្រុះ ដែលកសិករមានបណ្តាញតូចៗទាំងនេះនៅជួបបញ្ហាមួយចំនួន។

ឯកឧត្តម បានណែនាំថា បណ្តាញកសិករតូចៗ ត្រូវរក្សាទំនាក់ទំនងជាប់ជាមួយមន្ត្រីកសិកម្មឃុំ ដើម្បីទទួលបានព័ត៌មាន និងបច្ចេកទេសថ្មីៗពីក្រសួងកសិកម្ម។ ក្រសួង កំពុងជំរុញសកម្មភាពសហគមន៍កសិកម្មទំនើប ហើយផ្តោតលើប្រភេទដំណាំសក្តានុពលមួយមុខៗដាច់ពីគ្នា។ ជាក់ស្តែងសហគមន៍កាហ្វេនៅខេត្តមណ្ឌលគិរី ដែលទើបបង្កើតឡើងថ្មីៗនេះ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា