ត្រឹមរយៈពេល​ ២ ឆ្នាំ តំបន់​សេដ្ឋកិច្ច​ពិសេស​​​កោះកុង ចេ​ជាង​​ ទទួល​បាន​ទុន​វិនិយោគ​ជាង ៥៦០ លានដុល្លារ​​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹមរយៈពេល​ ២ ឆ្នាំ តំបន់​សេដ្ឋកិច្ច​ពិសេស​​​កោះកុង ចេ​ជាង​​ ទទួល​បាន​ទុន​វិនិយោគ​ជាង ៥៦០ លានដុល្លារ​​

ត្រឹមរយៈពេល​ ២ ឆ្នាំ តំបន់​សេដ្ឋកិច្ច​ពិសេស​​​កោះកុង ចេ​ជាង​​ ទទួល​បាន​ទុន​វិនិយោគ​ជាង ៥៦០ លានដុល្លារ​​

ភ្នំពេញ ៖ រយៈពេល​ត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ តំបន់​សេដ្ឋកិច្ចពិសេស​កោះកុង ចេជាង បាន​ទាក់ទាញទឹកប្រាក់​វិនិយោគប្រមាណជាង ៥៦០ លានដុល្លារអាម៉េរិក ជាពិសេស ​បង្កើតឱកាស​ការងារជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងស្រុក។

Advertisement

របាយការណ៍របស់​គណៈកម្មាធិការ​វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បាន​ឱ្យ​ដឹងថា តំបន់​សេដ្ឋកិច្ចពិសេស​កោះកុង ចេជាង ដែល​ស្ថិតនៅក្នុងស្រុក​ស្រែអំបិល ខេត្ត​កោះកុង ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះ​លឿន​ក្នុងការអភិវឌ្ឍ​បន្ទាប់ពីបានបង្កើតឡើង​ក្នុង​ឆ្នាំ ២០២៤។

ជាក់ស្ដែង ​ក្នុងរយៈពេលតែ ២ ឆ្នាំប៉ុណ្ណោះតំបន់​សេដ្ឋកិច្ចពិសេសនេះ បានអភិវឌ្ឍ​ន៍លើផ្ទៃដីប្រមាណ ៤៥ ភាគរយ​នៃផ្ទៃដីសរុប​ទៅហើយ ដែលមាន​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អា​ងស្តុកទឹក រោងចក្រផលិតទឹក​ស្អាត និងកន្លែង​ស្នាក់នៅ​បុគ្គលិក​កម្មកជាដើម។

​របាយការណ៍ បានបង្ហាញថា ចាប់តាំងពីបើក​ដំណើរ​ការ​រហូតមកដល់ឆ្នាំ ២០២៦ នេះ តំបន់សេដ្ឋកិច្ច​ពិសេស​កោះកុង ចេជាង ទទួល​បានគម្រោង​វិនិយោគ​ចំនួន​ ៧៦ ​គម្រោង ក្នុងទុន​វិនិយោគសរុបចំនួន ៥៦៧ ​លានដុល្លារអាម៉េរិក ក្នុងនោះគម្រោង​ចំនួន ៤១​ កំពុងសាងសង់ និង​គម្រោង​ចំនួន​ ៣៥ ទៀត​កំពុង​ដំណើរការ​សកម្មភាព​ ដែល​បានស្រូប​កម្លាំង​ពលកម្ម​ក្នុងស្រុក​សរុប​ចំនួន​ជាង ​៥០០០ នាក់​ ហើយកំពុង​មានតម្រូវការ​ប្រមាណ ​៣០០​០ នាក់​បន្ថែមទៀត។​

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​កម្ពុជា​បានលើកឡើងថា កា​រវិនិយោគ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស ទាំង​នៅរាជធានីភ្នំពេញ និង​តាមបណ្ដាខេត្ត​បាន​ធ្វើឱ្យ​តម្រូវការ​ដីធ្លី​មានកំណើន​ និងអាច​ទាក់ទាញ​គម្រោង​វិនិយោគ​ចូលមកបណ្ដាក់ទុនក្នុងតំបន់​សេដ្ឋកិច្ចពិសេស នោះបង្កើត​ឱកាស​ការងារ រួម​ចំណែកដល់ការ​នាំចេញរបស់​កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ។

អ្នកឧកញ៉ា​បណ្ឌិត​សំ សុខ​នឿន​ ប្រធានក្រុមប្រឹក្សាភិបា​លសម្ព័ន្ធ​ក្រុម​ហ៊ុន​ Sam SN Group បានមានប្រសាសន៍ថា ​អ្នកវិនិយោគលើ​​តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគច្រើន​ជ្រើសរើស​យក​ទីតាំង​នៅ​ជាយ​ក្រុង​ ជា​តំបន់​ដែល​ដីធ្លី​មានតម្លៃទាប​និងជាទីតាំង​ដែលមានដីធំៗ។

អ្នកឧកញ៉ាបានបន្តថា ការ​វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ចពិសេស​ គឺជា​ផ្នែកមួយ​នៃការទាក់ទាញ​គម្រោង​វិនិយោគ​ ចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែម ពីព្រោះថា​នៅក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស ឬតំបន់​ឧស្សាហកម្ម​ បានរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ធ្វើឱ្យ​អ្នកវិនិយោគ​មានភាពងាយស្រួល​មិនស្មុគស្មាញ។

អ្នកឧកញ៉ា​ បានឱ្យដឹងទៀត​ថា ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះដែរ ក៏បាន​ផ្ដល់ឱកាស​ការងារ ប្រាក់ចំណូល​ដល់ពលរដ្ឋនិង​រួម​ចំណែកដល់ការផលិត​ទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ បានមួយកម្រិតផងដែរ។

គួរ​បញ្ជាក់ថា យោងតាម​របាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត​ន៍បានឱ្យដឹងថា គិតឆ្នាំ ២០២៥ ​កន្លងទៅនេះ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ច​ចំនួន ​៣៤ តំបន់​ ស្ថិតនៅ ១១ រាជធានី-ខេត្ត​ ក្នុងនោះឃើញថា ខេត្ត​ស្វាយរៀង​មាន​តំបន់សេដ្ឋកិច្ច​ច្រើនជាង​គេរហូតដល់ ​១១ ​តំបន់។

ក្រៅពីនោះមាន​ខេត្តព្រះសីហនុ​មានចំនួន ​៦ តំបន់ ខេត្តកណ្ដាល ​៣ តំបន់ ខេត្ត​បន្ទាយមានជ័យ ​៣ តំបន់ ខេត្តកំពង់ស្ពឺ​ចំនួន ​២ តំបន់ កំពង់ចាម ១ តំបន់ កំពត ១ តំបន់ ក្រចេះ ១ តំបន់ ពោធិ៍សាត់ ១ តំបន់ និងរាជធានីភ្នំពេញចំនួន ១ ​តំបន់​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា