៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ភ្នំពេញ ៖ គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

Advertisement

​យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជាចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញអំពីតួលេខនៃការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិរយៈពេល ៤ខែដំបូង ដើមឆ្នាំ ២០២៦ មានចំនួនសរុប ៨៣១ ១៧៩ តោន ដែលអាចបង្កើតចំណូលបានប្រមាណជា ១,៤ពាន់លានដុល្លារ កើនឡើង ២៤.១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា ទោះជាមានការព្រួយបារម្ភពីការធ្លាក់ចុះនៃទិន្នផលគ្រាប់ស្វាយចន្ទីនៅដំណាក់កាលដំបូងសម្រាប់ដើមឆ្នាំ២០២៦ បង្កឡើងដោយការប្រែប្រួលអាកាសធាតុក៏ដោយ ប៉ុន្តែការប្រមូលផលជាក់ស្តែងបានកើនឡើងគួរជាទីមោទនៈ។

លោកបញ្ជាក់ថា ៖

«តាមការពិនិត្យជាក់ស្តែងយើងបានឃើញខេត្តមួយចំនួនពិតជារងផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុនេះ ប៉ុន្តែសម្រាប់ខេត្តដែលមានសក្តានុពលស្វាយចន្ទី ដូចជា ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗទៅវិញ និងមានតម្លៃខ្ពស់ជាងឆ្នាំមុនដល់ទៅជាង ២០%»។

កំណើននេះ កើនឡើងចំពេលកម្ពុជាជួបបញ្ហាប្រឈមទៅនឹងអាកាសធាតុរួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលបង្កឱ្យមានក្ដីព្រួយបារម្ភក្នុងចំ​ណោមអ្នកជំនាញឧស្សាហកម្ម និងកសិករជាម្ចាស់ស្វាយចន្ទីពីការធ្លាក់ចុះទិន្នផល​ និងគុណភាពថែមទៀត។ យ៉ាងណាក៏ដោយ បើទោះបីជាមានការចាប់ផ្ដើមដ៏ល្អក្នុងឆ្នាំនេះក៏ដោយ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានដាស់តឿនឱ្យកសិករមានការប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុដែលកំពុងមានការប្រែប្រួល។

លោកបានកត់សម្គាល់ថា ៖

«ទោះបីជាសកម្មភាពក្នុងត្រីមាសទី១ មានការកើនឡើងក៏ដោយ ប៉ុន្តែវាជាពេលវេលាដែលពិបាកប៉ាន់ស្មានក្នុងការកំណត់ ថាតើនិន្នាការកើនឡើងនេះនឹងបន្តពេញមួយឆ្នាំ ឬយ៉ាងណា? ដោយសារភាពមិនច្បាស់លាស់នៃអាកាសធាតុ»។

សូមជម្រាបថា លទ្ធផលនៃទិន្នផលដែលទទួលបានខាងលើនេះ កើតចេញពីកិច្ចខិតខំ និងការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ ដែលបានដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឃុំចុះជួយកសិករដោយផ្ទាល់ ខណៈដែលមន្ត្រីទាំងនោះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសិករវាយតម្លៃហានិភ័យ និងបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចគាំទ្រដោយផ្ទាល់ពីសំណាក់ម្ចាស់ចំការដាំដុះ។ ទន្ទឹមនឹងនេះ សមាគមស្វាយចន្ទីកម្ពុជាក៏បានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចុះជួយកសិករនាអំឡុងរដូវប្រមូលផលដើមឆ្នាំ២០២៦ តាមរយៈការរៀបវគ្គបណ្តុះបណ្តាល ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីផ្តើមជាគំនិតសម្រាប់ជាឧបករណ៍បំពាក់បំប៉នកសិករនូវចំណេះ ជំនាញ ពិសេសចេះសម្របខ្លួនទៅនឹងស្ថានភាពអាកាសធាតុ ដែលកាន់តែលំបាកជាងឆ្នាំមុនៗ បង្កើតឱ្យមានភាពស៊ាំ។

គួររំលឹកថា កាល​ពី​ឆ្នាំ​២០២៥ ​កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ឆៅ​ចំនួន ១ ០០០ ៧៥៧​តោន កើន​ឡើង ២៧%​ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ដែលអាចប្រមូល​ចំណូលបានប្រមាណ ១,៥ពាន់ លានដុល្លារ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា