រយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង​ ១១ពាន់លានដុល្លារ កើនឡើងជាង ២១% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង​ ១១ពាន់លានដុល្លារ កើនឡើងជាង ២១%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង​ ១១ពាន់លានដុល្លារ កើនឡើងជាង ២១%

ភ្នំពេញ ៖ បើទោះបីទទួលរងនូវផលប៉ះពាល់ពីតម្លៃនៃការដឹកជញ្ជូនទំនិញក៏ដោយ ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងនៅក្នុងរយៈពេល ០៤ខែ ដើមឆ្នាំ២០២៦កន្លងទៅនេះ ទំហំនៃការនាំចេញរបស់កម្ពុជា​ មានទឹកប្រាក់ជាង១១ពាន់លានដុល្លារ កើនឡើងប្រមាណជាង ២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទឹកប្រាក់ប្រមាណជា ៩ពាន់លានដុល្លារអាមេរិក។  

Advertisement

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ថា​ ទោះជារងផលប៉ះពាល់ពីតម្លៃចង្វាក់ផលិតកម្ម ក៏ដូចជាតម្លៃនៃការដឹកជញ្ជូនទំនិញ ដោយសារការឡើងថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិក៏ដោយ ក៏ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្តកើនឡើងជាលំដាប់។

ឯកឧត្តមបញ្ជាក់ថា​ ៖

«មិនមែនថាយើងមិនមានបញ្ហាប្រឈមទេក្នុងការនាំចេញ ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ការប្រឈមរបស់យើងគឺថ្លៃដឹកញ្ជូនកើនឡើង ថ្លៃធានារ៉ាប់រងកើនឡើង ដោយសារវិបត្តិសមុទ្រ Hormuz នោះនៅបន្តអូសបន្លាយ ប៉ុន្តែអាស្រ័យដោយភាពជឿជាក់ និងការបញ្ចាទិញកាលពីឆ្នាំទៅ យើងនៅតែអនុវត្តការនាំចេញបានល្អប្រសើរ ហើយយើងក៍បានដាក់វិធានការប្រុងប្រយ័ត្នផងដែរសម្រាប់ត្រីមាសបន្ទាប់» ។   

សូមបញ្ជាក់ថា ទីផ្សារសំខាន់សម្រាប់នាំចេញរបស់កម្ពុជានៅតែបន្តឈរជើងរឹងមាំ មានដូចជា អាម៉េរិក ទីផ្សារ RCEP ទីផ្សារអាស៊ាន និងការធ្វើពាណិជ្ជកម្មទៅកាន់សហភាពរអ៊ឺរ៉ុបជាដើម ដែលមានមុខទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់ ស្បែកជើង ពិសេសកាបូបធ្វើដំណើរនៅតែមានតម្រូវការខ្ពស់ក្នុងឱកាសនៃពិធិបុណ្យឈប់សម្រាករយៈពេលខ្លីរបស់អ្នកកាន់គ្រឹះសាសនា។

លើសពីនេះផលិតផលថ្មីៗរបស់កម្ពុជា ដូចជា សម្បកកង់រថយន្ត និងផលិតផលដំឡូងមីជាដើម បាន និងកំពុងច្បាមយកទីផ្សារថ្មីៗបន្ថែមទៀត ដែលទើបនឹងបានចុះអនុស្សាណៈយោគយល់គ្នា បូករួមនឹងកិច្ចសន្យាបញ្ជាទិញ ហើយត្រូវបានអនុវត្តជាបណ្តើរៗនៅក្នុងរយៈពេល ០៤ខែកន្លងទៅ និងបន្តទៅមុខទៀត។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ បានមានប្រសាសន៍ថា ទោះរងផលប៉ះពាល់ពីតម្លៃនៃការដឹកជញ្ជូនទំនិញជាសកលក៏ដោយ ក៏ការនាំចេញរបស់កម្ពុជាបន្តកើនឡើង ក្រោមហេតុផលភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដែលបន្តកើនឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៣ ដែលអាចទាក់ទាញវិនិយោគិនបរទេសចូលមកបណ្តាក់ទុនកាន់តែច្រើនឡើងៗ។

លោកថា ៖

«ការចូលមកណ្តាក់ទុនពីសំណាក់វិនិយោគិនបរទេសនេះ ជាចលករសំខាន់ក្នុងច្បាមយកចំណែកទីផ្សារថ្មីៗបន្ថែមទៀត ហើយកាលណាមានវិនិយោគចូលមកបណ្តាក់ទុនច្រើន រកស៊ីច្រើននៅប្រទេសយើងច្រើន យើងនឹងពង្រីកទីផ្សារកាន់តែច្រើន ដែលធ្វើឱ្យការនាំចេញបន្តមានកំណើន ពិសេសផលិតផលវាយណភណ្ឌកាត់ដេរ និងផលិតផលកសិកម្មកំពុងមានតម្រូវការខ្ពស់ពីប្រទេសក្នុងតំបន់​ ដូចជា ចិន និងវៀតណាមជាដើម»។  

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញសរុបរបស់កម្ពុជាកាលពីឆ្នាំ២០២៥ មានតម្លៃជាទឹកប្រាក់ប្រមាណជា ៣១ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងឆ្នាំ២០២៤ ដែលមានតម្លៃប្រមាណជា ២៦ពាន់លានដុល្លារ៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា