ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ការនាំចេញបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ដែលក្នុងនោះទៅកាន់បណ្ដាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣២ បានបរិមាណអង្ករចំនួន ១៧៩ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣ លានដុល្លារ និងការនាំអង្ករទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ មានចំនួន ១៧០ ៤៨៣ តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៧ លានដុល្លារ។

ការនាំចេញទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៥ ប្រទេស មានបរិមាណចំនួន ២២៨ ៧៨០ តោន គិតជាទឹកប្រាក់ចំនួន ៩៨.៩០ លានដុល្លារ និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ។ល។ មានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨០ លានដុល្លារ។

ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១ ភាគរយ ប្រភេទអង្ករសគ្រាប់វែង ២២.៥៨ ភាគរយ អង្ករចំហុយ ១.៨២ ភាគរយ អង្ករសរីរាង្គចំនួន ១.២៤ ភាគរយ អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥ ភាគរយ និងអង្ករផ្សេងៗចំនួន ០.២ ភាគរយ។

យោងតាមរបាយការណ៍ខាងលើ ឱ្យដឹងថា ប្រទេសកម្ពុជាក៏បាននាំចេញស្រូវជាង ២.៧ លានតោន ដែលគិតជាទឹកប្រាក់ចំនួន ៥៩៧ លានដុល្លារផងដែរ។

គួរបញ្ជាក់ផងដែរថា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បាននិងកំពុងព្យាយាមជំរុញ និងពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថ្មីៗបន្ថែម។ ជាក់ស្ដែង ថ្មីៗនេះ ឧកញ៉ាឡាយ ឈុនហួ ប្រធាន CRF បានដឹកនាំប្រតិភូសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California ដើម្បីស្វែងយល់ពីបណ្ដាញចែកចាយ និងឱកាសពង្រីកទីផ្សារអង្ករកម្ពុជា ក្នុងសហគមន៍ខ្មែរ និងទីផ្សារអាម៉េរិកទូលំទូលាយ។

ឧកញ៉ា ឡាយ ឈុនហួ បានមានប្រសាសន៍ថា កិច្ចការនេះមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដើម្បីឱ្យក្រុមហ៊ុននាំចេញអង្ករកម្ពុជា អាចកែលម្អគុណភាពផលិតផល ការវេចខ្ចប់ ការកសាងម៉ាក និងយុទ្ធសាស្ត្រទីផ្សារ និងអ្នកនាំចូល ទីផ្សារសហរដ្ឋអាម៉េរិកដែលជាទីផ្សារសក្ដានុពលខ្ពស់ សម្រាប់អង្ករកម្ពុជា ជាពិសេសអង្ករក្រអូបប្រណិត ដែលមានការទទួលស្គាល់ពីគុណភាពនៅលើទីផ្សារអន្តរជាតិ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា