ប្រជាជន និងទេសចរឥណ្ឌា អាចស្កេនតាមខេអេចឃ្យូអរកូត ទូទាត់ថ្លៃទំនិញនិងសេវាប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាជន និងទេសចរឥណ្ឌា អាចស្កេនតាមខេអេចឃ្យូអរកូត ទូទាត់ថ្លៃទំនិញនិងសេវាប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា

ប្រជាជន និងទេសចរឥណ្ឌា អាចស្កេនតាមខេអេចឃ្យូអរកូត ទូទាត់ថ្លៃទំនិញនិងសេវាប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ៖ ប្រទេសកម្ពុជា និងឥណ្ឌា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១ (ឥណ្ឌាស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា)។

Advertisement

ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី ១ នារសៀលថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញនិងសេវាតាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង ៤,៥ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ស្របពេលដែលកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា។

ពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែននេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា លោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅ ធនាគារកណ្ដាលឥណ្ឌា និងតំណាងក្រសួងទេសចរណ៍ សមាគមពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា។

​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល បានថ្លែងថា៖

“ប្រទេសកម្ពុជា និងឥណ្ឌា បានផ្តួចផ្តើមបង្កើតការទូទាត់​តាមប្រព័ន្ធឌីជីថលឆ្លង​ដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឱ្យកាន់តែមាន​ភាពងាយស្រួល និងមានប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការប្រើប្រាស់រូបិយ​បណ្ណជាតិរវាង​កម្ពុជានិងឥណ្ឌា។”

លោកជំទាវបណ្ឌិត ជា សិរី បានឱ្យដឹងទៀតថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែននេះ នឹងពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា កាន់តែទូលំទូលាយ សំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រទេសទាំងពីរ។

គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះ សម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការ រវាងបណ្តាញទូទាត់ជាតិ NIPL នៃប្រទេសឥណ្ឌា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារ ទំនាក់ទំនងនៅកម្ពុជា។ គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ ឆ្លុះបញ្ចាំងពី ទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា នៅលើពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសជាដៃគូនានា ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់អាស៊ាន។

សមិទ្ធផលដែលសម្រេចបាននាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យ សាធារណៈ និងវិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនង ការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ រួមចំណែកគាំទ្រ ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍។

ប្រព័ន្ធទូទាត់ឆ្លងដែនបែបឌីជីថល រវាងប្រទេសទាំងពីរ នេះអនុញ្ញាតឱ្យអតិថិជន និងភ្ញៀវទេសចរអាចធ្វើការទូទាត់ប្រាក់យ៉ាងងាយស្រួល ដោយគ្រាន់តែស្កេនកូដ QR រវាងប្រព័ន្ធ KHQR របស់កម្ពុជា និងប្រព័ន្ធទូទាត់របស់ឥណ្ឌា។ ការទូទាត់នេះត្រូវបានសម្របសម្រួលតាមរយៈ៖ ធនាគារ អេស៊ីលីដា៖ បានសហការជាមួយសាជីវកម្មទូទាត់រូបិយបណ្ណជាតិឥណ្ឌា (NPCI) ដើម្បីបង្កើតការទូទាត់ឆ្លងដែននេះ។ប្រព័ន្ធ បាគង (Bakong)៖ ត្រូវបានគ្រោងទុក និងពង្រីកលទ្ធភាព ដើម្បីតភ្ជាប់ជាមួយប្រព័ន្ធ UPI របស់ឥណ្ឌា ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា កិច្ចសហប្រតិ​បត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកអន្តរប្រតិបត្តិការនៃការ ទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ត តាមរយៈប្រព័ន្ឋ QR ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយផ្តល់នូវមធ្យោបាយដល់អតិថិជន ជាមួយ នឹងជម្រើសការទូទាត់ឆ្លងដែន ល្បឿនរហ័ស និងមានសុវត្ថិភាព ដែលជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ភ្ញៀវទេសចរដែលជាជនជាតិឥណ្ឌានៅកម្ពុជា អាចប្រើប្រាស់កម្មវិធី UPI ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បានងាយស្រួលនៅតាមទីតាំងរបស់អាជីវករចំនួនជាង ៤.៥ លាន នៅប្រទេសកម្ពុជា។ ភ្ញៀវទេសចរកម្ពុជានៅប្រទេសឥណ្ឌា នឹងអាចស្កេន UPI QRs ចំនួនជាង ៧០៩ លានទីតាំង ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ យ៉ាងងាយស្រួលដោយ​ប្រើកម្មវិធីទូទាត់​ប្រាក់ Bakong (KHQR) របស់កម្ពុជា។

សូមជម្រាបថា៖ ក្រៅពីឥណ្ឌា កម្ពុជាបានបង្កើតការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយបណ្តាប្រទេសជាច្រើនរួចមកហើយ រួមមាន សិង្ហបុរី ថៃ, វៀតណាម, ឡាវ, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, ជប៉ុន និងចិន (តាមរយៈ AliPay និង UnionPay)ខណៈ ហ្វីលីពីនត្រូវបានរំពឹងថានឹងចូលរួមក្នុងពេលឆាប់ៗខាងមុខនេះ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា