រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ កម្ពុជាមិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្មដោយសារបញ្ហាថាមពលនោះទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣ ០៨៣ រោងចក្រ ផ្តល់ការងារបានជាង ១,២៦ លាននាក់ ក្នុងនោះស្ត្រីមានជាង ៧១ ភាគរយ។ ដោយឡែកនាពេលបច្ចុប្យន្ន បើទោះជាមានការរំខានក្នុងការផ្គត់ផ្គង់ប្រេងនៅលើសកលលោកក៏ដោយ ប៉ុន្តែនៅកម្ពុជា មិនទាន់មានរោងចក្របិទទ្វារ ឬផ្អាកខ្សែច្រវាក់ផលិតកម្ម ដោយសារបញ្ហាថាមពលនោះទេ។

Advertisement

ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» រៀបចំឡើងនៅវិមានរដ្ឋសភា នាថ្ងៃទី១២ ខែមីនា ឆ្នាំក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រហូតមកទល់ពេលនេះ ទាំងសង្គ្រាមឈ្លានពាន ទាំងពន្ធបដិកា និងសង្គ្រាមដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា មិនបានធ្វើឱ្យរង្គោះរង្គើដល់ខឿនឧស្សាហកម្មរបស់កម្ពុជានៅឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា៖ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមប្រមាណជាង ៧៥ ម៉ឺនមូលដ្ឋាន ប្រើកម្លាំងពលកម្មជិត ៣លាននាក់ ដោយមិនទាន់គិតអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនលាននាក់ទៀតនោះទេ។ តួនាទីសំខាន់របស់សហគ្រាសក្នុងស្រុកទាំងនេះ គឺបានរួមចំណែកក្នុងការកសាងភាពធន់របស់ជាតិ។ កម្ពុជាកំពុងពង្រឹងភាពធន់សេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍឧស្សាហកម្ម ការលើកកម្ពស់នវានុវត្តន៍ និងការគាំទ្រសហគ្រាសក្នុងស្រុក ទោះបីជាប្រឈមនឹងសម្ពាធពីខាងក្រៅ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក៏ដោយ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ៖

«ប្រវត្តិសាស្ត្របានបញ្ជាក់ប្រាប់យើងថា នៅពេលកម្ពុជាទទួលរងការគំរាមកំហែង កម្ពុជានឹងងើបឡើង, នៅពេលគេព្យាយាមបិទខ្ទប់ទីផ្សាររបស់យើង យើងបង្កើតទីផ្សារថ្មីៗ, នៅពេលគេព្យាយាមកាត់ផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់របស់យើង យើងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ហើយនៅពេលគេគៀបសង្កត់យើងកាន់តែខ្លាំង យើងច្នៃប្រឌិត និងបង្កើតនវានុវត្តន៍កាន់តែច្រើន»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការគាំទ្រកាន់តែខ្លាំងចំពោះការផលិត និងកែច្នៃក្នុងស្រុក និងលើកកម្ពស់មនសិកាស្នេហាជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ភាពខ្លាំងសេដ្ឋកិច្ចគឺជាគ្រឹះសម្រាប់សន្តិសុខជាតិ ហើយកម្ពុជាត្រូវបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពផលិតក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនភាពម្ចាស់ការ។ការឆ្លើយតបដ៏មានឥទ្ធិពលបំផុតចំពោះការគំរាមកំហែងសេដ្ឋកិច្ច មិនមែនជាកំហឹងនោះទេ ប៉ុន្តែគឺ ផលិតភាព នវានុវត្តន៍ និងសាមគ្គីភាពជាតិ៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា