អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

អតិផរណា​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​តំបន់​អឺរ៉ុប ​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​

​បរទេស​៖ អត្រា​អតិផរណា​នៅ​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​បាន​កើនឡើង​លឿន​ជាង​ការ​រំពឹងទុក​ក្នុង​ខែ​កញ្ញា​ ​ដែល​បង្កើន​សម្ពាធ​លើ​ធនាគារ​កណ្តាល​អឺរ៉ុប ​(​ECB​)​ ​ក្នុង​ការ​ពិចារណា​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​នៅ​ឆ្នាំ​នេះ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ Politico​។​

​ទិន្នន័យ​បឋម​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា​ ​អតិផរណា​នៅ​អាល្លឺម៉ង់​បាន​កើន​ដល់​ ៣​.​៣​ ភាគរយ​ក្នុង​ខែ​កញ្ញា​ ​ពី​ ​២​.​៩​ ​ភាគរយ​ក្នុង​ខែ​សីហា​ ​ខណៈ​បារាំង​កើន​ដល់​ ៣​.​៤​ ​ភាគរយ​ពី​ ​២​.​៦ ​ភាគរយ​។ ​អ៊ីតាលី​មាន​អតិផរណា​ ​៤​.​១​ ​ភាគរយ​ ​កើន​ពី​ ​៣​.​២​ ​ភាគរយ ​ខណៈ​អេស្ប៉ាញ​កើន​ដល់​ ៥​ ​ភាគរយ​ ​ពី​ ​៤​.​៦​ ​ភាគរយ​។

​តួ​លេខ​អតិផរណា​របស់​ប្រទេស​ទាំងនេះ​សុទ្ធតែ​ខ្ពស់​ជាង​ការ​ព្យាករណ៍​ ​និង​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​ ​ការ​កើនឡើង​នេះ​ត្រូវ​បាន​ជំរុញ​ជា​ចម្បង​ដោយ​តម្លៃ​ថាមពល​ ​ខណៈ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​បន្ត​រំខាន​ដល់​ទីផ្សារ​ប្រេង ​និង​ឧស្ម័ន​។

ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ឆៅ ​និង​ឧស្ម័ន​ធម្មជាតិ​បាន​ជំរុញ​ឱ្យ​អតិផរណា​នៅក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ ​ដែល​មាន​ ២​១ ​ប្រទេស​ កើន​លើស​កម្រិត​ ៣ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​គោលដៅ​អតិផរណា​ ២ ​ភាគរយ​របស់​ ECB​។​

​ទីភ្នាក់ងារ​ស្ថិតិ​អឺរ៉ុប ​(​Eurostat​)​ ​គ្រោង​នឹង​ចេញផ្សាយ​តួលេខ​អតិផរណា​សម្រាប់​តំបន់​ចាយ​លុយ​អឺរ៉ូ​ទាំង​មូល​នៅ​ថ្ងៃ​សុក្រ​។

​នៅ​ឆ្នាំ​នេះ​ E​CB ​បាន​ដំឡើង​អត្រា​ការប្រាក់​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ ​ដោយ​អត្រា​ចុងក្រោយ​ស្ថិត​នៅ​ ២​.​៥ ​ភាគរយ ​កាលពី​ដើម​ខែ​កញ្ញា​។​

​ប្រសិនបើ​ E​CB ​សម្រេច​ដំឡើង​អត្រា​ការប្រាក់​បន្ថែម​ទៀត​ ​វា​អាច​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​ ​និង​ថ្លៃ​ដើម​នៃ​ការ​ខ្ចី​ប្រាក់​កាន់តែ​មាន​សម្ពាធ​ ​ខណៈ​រដ្ឋាភិបាល​ប្រទេស​នានា​កំពុង​ប្រឈម​នឹង​អត្រា​ផល​ចំណេញ​លើ​បំណុល​ខ្ពស់​បំផុត​ចាប់​តាំងពី​វិបត្តិ​បំណុល​ឆ្នាំ​ ​២០១២​។

​នៅ​ពេល​អត្រា​ការប្រាក់​កើនឡើង​ ​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ការប្រាក់​កាន់តែ​ខ្ពស់​ទៅ​ឱ្យ​វិនិយោគិន​ដែល​កាន់កាប់​ប័ណ្ណ​បំណុល​រដ្ឋ ​ដែល​អាច​បង្កើន​សម្ពាធ​លើ​ថវិកា​ជាតិ​។

​ជាមួយគ្នា​នេះ​ ការ​ដំឡើង​អត្រា​ការប្រាក់​អាច​ធ្វើឱ្យ​ការ​ខ្ចី​ប្រាក់​កាន់តែ​មាន​តម្លៃ​ថ្លៃ ​ដែល​ប៉ះពាល់​ដល់​ការ​ពង្រីក​អាជីវកម្ម ​និង​ការ​ចំណាយ​របស់​ប្រជា​ពលរដ្ឋ​។ ​កត្តា​ទាំងនេះ​អាច​បង្កើន​សម្ពាធ​លើ​សកម្មភាព​សេដ្ឋកិច្ច​។

​សម្រាប់​ប្រជា​ពលរដ្ឋ​នៅក្នុង​បណ្ដា​ប្រទេស​ចាយ​លុយ​អឺរ៉ូ ​ការ​ដំឡើង​អត្រា​ការប្រាក់​ក៏​អាច​មាន​ន័យ​ថា​ ​ត្រូវ​ចំណាយ​ខ្ពស់​ជាង​មុន​លើ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ ​កម្ចី​ទិញ​ទំនិញ ​និង​កម្ចី​ប្រភេទ​ផ្សេងទៀត​ ​ខណៈ​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ស្បៀងអាហារ ​ទំនិញ​ ​និង​សេវាកម្ម​ទូទៅ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា