អ្នកប្រកបមុខរបរ និងអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកប្រកបមុខរបរ និងអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ

អ្នកប្រកបមុខរបរ និងអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ

ភ្នំពេញ៖ អ្នកលក់ដូរតាមដងផ្លូវ បុគ្គលិកដឹកជញ្ជូនម្ហូបអាហារ កសិករខ្នាតតូច កម្មករការងារតាមផ្ទះ និងអ្នកប្រកបអាជីវកម្មខ្នាតតូច គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក៏ដូចជាកម្លាំងពលកម្មរបស់ប្រទេសជាតិ ដោយពួកគេបានស្រូបយកពលករចំណាកស្រុកដោយប្រថុយប្រថានដែលវិលត្រឡប់មកវិញ និងបានបង្កើតឱកាសការងារនៅទូទាំងប្រទេស។ ប៉ុន្តែពួកគេនៅតែប្រឈមមុខនឹងអស្ថិរភាព ហានិភ័យសុខភាព សុវត្ថិភាពការងារ និងលទ្ធភាពទទួលបានកិច្ចគាំពារសង្គម។ នេះជាការលើកឡើងរបស់លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមនៅក្នុងការប្រារព្ធខួបលើកទី១៤០នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

Advertisement

លោកស្រីនាយិកាអង្គការអុកស្វាម បានមានប្រសាសន៍ថា កម្មករ និងអ្នកប្រកអាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ទិវាអន្តរជាតិនេះ មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃកម្មករក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យធានាថា បរិវត្តកម្មឌីជីថល និងគោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន នឹងពង្រឹងភាពអង់អាចដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទុកពួកគេទាំងនោះចោល។

អ្នកស្រីបន្តថា​ ៖​

«នៅពេលដែលប្រទេសកម្ពុជាខិតខំឲ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ការធានាបាននូវការងារសមរម្យនៅក្នុងយុគសម័យឌីជីថលគឺចាំបាច់ណាស់។ គោលនយោបាយគាំពារសង្គម សិទ្ធិការងារ និងសុវត្ថិភាពការងារ មានសារៈសំខាន់ណាស់ក្នុងកិច្ចការពារជីវភាពរស់នៅ និងកាត់បន្ថយហានិភ័យនៃភាពក្រីក្រក្នុងចំណោមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែធានាថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនត្រូវបានទុកចោលក្នុងអន្តរកាលឌីជីថលនេះទេ ហើយសិទ្ធិ សុវត្ថិភាព និងសុខភាពការងាររបស់ពួកគេក៏ត្រូវបានការពារពេញលេញស្របទៅតាមបរិបទពិភពលោកដែលកំពុងប្រែប្រួលនាពេលបច្ចុប្បន្ន។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការសំខាន់ៗជាច្រើន រួមមានការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម ការផ្តល់ប័ណ្ណសមធម៌សុខាភិបាល កម្មវិធីជំនួយជាសាច់ប្រាក់ និងថ្នាលចុះឈ្មោះឌីជីថលសម្រាប់ផ្សារភ្ជាប់ដើម្បីទទួលបានរបបសន្តិសុខសង្គម ការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានបញ្ចាក់ថា​ ៖​

«គំនិតផ្តួចផ្តើមទាំងនេះបង្ហាញពីវឌ្ឍនភាពសំខាន់ៗ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀតដែលទាមទារដំណោះស្រាយបន្ថែមទៀត។ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតែជួបការលំបាកជាមួយនឹងកង្វះខាតទារកដ្ឋាន ការកើនឡើងតម្លៃទំនិញ អក្ខរកម្មឌីជីថល និងពុំទាន់មានការស្រាវជ្រាវគ្រប់គ្រាន់នៅឡើយលើកម្លាំងពលកម្មរបស់ពួកគេ ជាពិសេសនៅទីក្រុងភ្នំពេញ»។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា រដ្ឋាភិបាលបានផ្តល់នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមាដែលបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាង៩ម៉ឺនកន្លែង។

ឯកឧត្តមរដ្ឋមន្រ្តីបានរំលឹកពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិនាពេលថ្មីៗនេះដែលគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនចង់ឱ្យពលរដ្ឋមានត្រឹមតែការងារនោះទេ តែផ្ទុយទៅវិញត្រូវតែជាការងារដែលអាចបង្កើនបំណិនជីវិត បង្កើនសមត្ថភាពខ្លួនឯង និងជាការងារដែលមានផលិតភាពកាន់តែកើនប្រាក់ខែខ្ពស់ ជីវភាពក៏កាន់តែល្អប្រសើរ និងមានប្រព័ន្ធគាំពារសង្គមរឹងមាំសម្រាប់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ។

សូមជម្រាបថា រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជួយដល់ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបានក្លាយជាសំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំសម្រាប់ជួយគាំពារកម្មករនិយោជិត។ គោលដៅរួមនាពេលនេះ គឺចង់ជួយបងប្អូនប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលធ្លាប់លំបាកឱ្យក្លាយទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ចំពោះបងប្អូនកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស សិប្បកម្មតូចៗដែលមិនទាន់បានចុះបញ្ជីនៅក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទៅចុះឈ្មោះតាមថ្នាលឌីជីថលដែលក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាន និងកំពុងសម្រួលជូន ហើយប្រសិនបើចង់ចូលធ្វើការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងទៅលេខទូរស័ព្ទ Hotline របស់ក្រសួង ១២៩៧ ។ បន្ថែមពីនេះ បងប្អូនដែលជាអ្នករត់ម៉ូតូកង់បីដែលចង់បានមុខរបរបន្ថែម អាចទាក់ទងទៅ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ ដើម្បីធ្វើការកែច្នៃដាក់ឧបករណ៍លាង និងថែទាំម៉ាស៊ីនត្រជាក់ក្នុងទិសដៅរកចំណូលបន្ថែម។ រីឯសិស្សដែលបោះបង់ការសិក្សាក៏អាចចូលរៀនកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។

នាពេលកន្លងមកថ្មីៗនេះឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយថាការសម្រេចចក្ខុវិស័យ​២០៥០ ត្រូវការតួអង្គសេដ្ឋកិច្ច ដែលបច្ចុប្បន្នមានច្រើន​លើស​លប់​ជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់បានឆាប់រហ័ស និងមិននៅក្រិនក្នុងអាជីវកម្ម និងមុខរបររបស់ខ្លួន។

រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងដើម្បីប្រែក្លាយសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់។​​​ រដ្ឋាភិបាលបានប្រកាសដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០​២​៨​ ដែលមានគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យក្លាយទៅជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ យុទ្ធសាស្ត្រនេះក៏ជាផ្នែកមួយនៃចក្ខុវិស័យដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គិតត្រឹមថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន ២២០.៦៧៧ ។ នេះបើយោងតាមក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា