តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

​បរទេស​៖ ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​តម្លៃ​ប្រេង​ឆៅ ​Brent ​ដែល​ជា​សន្ទស្សន៍​គោល​សំខាន់​សម្រាប់​ទីផ្សារ​អន្តរជាតិ​ ​បាន​ធ្លាក់ចុះ​ ០​,​៣៩​%​ ​មក​នៅ​ត្រឹម​ ​១០៥​,​៥១ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ប្រេង​ឆៅ​ ​West Texas ​Intermediate ​(​WTI​)​ ​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​ ០​,​៥៥​%​ ​មក​នៅ​ត្រឹម​ ​៩​៧​,​៤៣ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

​ទោះបី​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ថយចុះ​ក៏​ដោយ​ ​ក៏​ការ​ប្រែប្រួល​នេះ​មិន​មាន​ន័យ​ថា​តម្លៃ​សាំង ​និង​ម៉ាស៊ូត​នៅ​កម្ពុជា​នឹង​ធ្លាក់ចុះ​ភ្លាម​ៗ​នោះ​ទេ​។ ​កម្ពុជា​នាំចូល​ផលិតផល​ប្រេង​ដែល​បាន​ចម្រាញ់​រួច ​ដូចជា​សាំង ​និង​ម៉ាស៊ូត ​ជា​ជាង​នាំចូល​ប្រេង​ឆៅ​សុទ្ធ​មក​ចម្រាញ់​ដោយ​ផ្ទាល់​។

​លើស​ពី​នេះ​ ស្ថានីយ​ប្រេង​ក្នុង​ស្រុក​មាន​ស្តុក​ប្រេង​ដែល​បាន​ទិញ​ទុក​មុន​ ​ហើយ​តម្លៃ​លក់​រាយ​ក៏​ត្រូវ​គិតគូរ​ពី​ថ្លៃ​ដើម​ស្តុក​ចាស់​ ​និង​ថ្លៃ​ដឹកជញ្ជូន​ផងដែរ​។ ​កត្តា​ទាំងនេះ​ធ្វើឱ្យ​តម្លៃ​ប្រេង​នៅ​កម្ពុជា​មិន​ចាំបាច់​ប្រែប្រួល​ស្រប​គ្នា​ភ្លាម​ៗ​ជាមួយ​ទីផ្សារ​ប្រេង​ឆៅ​ពិភពលោក​ឡើយ​។

ការ​ធ្លាក់ចុះ​តម្លៃ​ប្រេង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​បាន​កើតឡើង​ ​បន្ទាប់ពី​តម្លៃ​ប្រេង​ ​WTI ​បាន​កើនឡើង​ជាង​ ៣​%​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយសារស្តុក​ប្រេង​ឆៅ​របស់​អាម៉េរិក​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​។ ​ទន្ទឹម​នឹង​នេះ​ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ ​(​I​EA​)​ ​បាន​យល់ព្រម​បញ្ចេញ​ប្រេង​ម៉ាស៊ូត​ជាង​ ២០ លាន​បារ៉ែល​ទៅកាន់​ទីផ្សារ ​រួម​ជាមួយ​នឹង​ប្រេង​ដែល​នៅសល់​ពី​ផែនការ​បញ្ចេញ​ប្រេង​បម្រុង​បន្ទាន់​ដែល​បាន​ប្រកាស​កាលពី​ខែ​មីនា ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់ ​និង​ទប់ស្កាត់​សម្ពាធ​លើ​តម្លៃ​។

​ទោះជា​យ៉ាងណា វិធានការ​បង្កើន​ការ​ផ្គត់ផ្គង់​ទាំងនេះ​មិន​ទាន់​អាច​បំបាត់​ការ​ព្រួយបារម្ភ​របស់​វិនិយោគិន​បាន​ទាំងស្រុង​នោះ​ទេ​ ​ខណៈ​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​នៅតែ​ជា​កត្តា​សំខាន់​ដែល​អាច​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​កើនឡើង​វិញ​។ ​ភាព​តានតឹង​ពាក់ព័ន្ធ​នឹង​ជម្លោះ​រវាង​អារ៉ាប៊ី​សាអូឌីត ​និង​ក្រុម​ ​Houthi ​នៅ​យេ​ម៉ែន ​បន្ត​បង្កើន​ហានិភ័យ​ចំពោះ​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្រ ​ជាពិសេស​នៅ​សមុទ្រ​ក្រហម​ ​និង​ច្រក​សមុទ្រ​ ​Hormuz ​ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ថាមពល​ដ៏​សំខាន់​របស់​ពិភពលោក​។

​ក្នុង​កាលៈទេសៈ​នេះ​ ​ការ​វាយប្រហារ​លើ​នាវា​ដឹក​ទំនិញ​ ​និង​ការ​រំខាន​ដល់​ផ្លូវ​ដឹកជញ្ជូន​អាច​បង្កើន​ថ្លៃ​ដឹកជញ្ជូន ​និង​ធ្វើឱ្យ​ការ​ផ្គត់ផ្គង់​ប្រេង​កាន់តែ​មិន​ប្រាកដប្រជា​។ ដូច្នេះ​ ​ទោះបី​មាន​ការ​បញ្ចេញ​ប្រេង​បម្រុង ​និង​ការ​កើនឡើង​នៃ​ការ​ផ្គត់ផ្គង់​ក៏​ដោយ​ ​ក៏​តម្លៃ​ប្រេង​នៅតែ​អាច​រង​សម្ពាធ​ពី​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​។

​ជាមួយគ្នា​នេះ​ ​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​បង្ហើប​កាលពី​ថ្ងៃ​ពុធ​ថា​ ​រដ្ឋបាល​លោក​ ដូណាល់ ​ត្រាំ ​កំពុង​ពិចារណា​លុបចោល​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល​មួយ​ចំនួន​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ដឹកជញ្ជូន​ប្រេង​ពី​ប្រទេស​ដែល​ស្ថិត​ក្រោមទណ្ឌកម្ម ​រួម​មាន​រុស្ស៊ី ​អ៊ីរ៉ង់ ​និង​វេណេស៊ុយអេឡា​។​ ​ជំហាន​នេះ​មាន​គោលបំណង​ជួយ​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ​ ​និង​សម្រួល​ដល់​លំហូរ​ផ្គត់ផ្គង់​ប្រេង​ទៅកាន់​ទីផ្សារ​ពិភពលោក​។

​ការ​ពិចារណា​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក​ ​ត្រាំ ​បាន​លើកលែង​ទណ្ឌកម្ម​ជា​បណ្ដោះអាសន្ន​លើ​ប្រេង​ម៉ាស៊ូត​របស់​រុស្ស៊ី​។ ​ចំណាត់ការ​នេះ​បាន​បង្កឱ្យ​មាន​ការ​រិះគន់​ពី​ប្រធានាធិបតី​អ៊ុយក្រែន ​មន្ត្រី​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប ​និង​សមាជិក​ព្រឹទ្ធសភា​អាម៉េរិក​មួយចំនួន​មកពី​គណបក្ស​សាធារណរដ្ឋ​ផ្ទាល់​។

​ជា​រួម​ ​ទិសដៅ​តម្លៃ​ប្រេង​ក្នុង​រយៈពេល​ខាង​មុខ​នឹង​អាស្រ័យ​លើ​ការ​វិវត្ត​នៃ​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​ ​កម្រិត​នៃ​ការ​ផ្គត់ផ្គង់​ប្រេង ​និង​ជំហាន​គោលនយោបាយ​របស់​អាម៉េរិក​ចំពោះ​ទណ្ឌកម្ម​ប្រេង​។ ​សម្រាប់​កម្ពុជា​ ការ​ប្រែប្រួល​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​នឹង​ត្រូវការ​ពេលវេលា ​និង​ការ​វាយតម្លៃ​លើ​ថ្លៃ​ដើម​នាំចូល ​មុនពេល​អាច​ឆ្លុះបញ្ចាំង​ទៅលើ​តម្លៃ​លក់​រាយ​ក្នុង​ស្រុក​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា