តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

​បរទេស​៖ ​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters​។

​តាម​ទិន្នន័យ​ទីផ្សារ ​តម្លៃ​ប្រេង​ឆៅ ​Brent ​បាន​ធ្លាក់ចុះ​ ១​,​៤​ ​ភាគរយ​ ​មក​នៅ​ត្រឹម​ ​១១១​,​៨៤ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ប្រេង​ឆៅ​ ​West Texas ​Intermediate ​(​WTI​)​ ​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​ ១​,​៥​ ​ភាគរយ មក​នៅ​ត្រឹម​ ​១០២​,​៥៦ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

​លោក​ T​im ​Waterer ​ប្រធាន​ផ្នែក​វិភាគ​ទីផ្សារ​នៅ​ក្រុមហ៊ុន​ K​CM ​Trade ​បាន​លើកឡើង​ថា​ ​ការ​ធ្លាក់ចុះ​នេះ​កើតឡើង​បន្ទាប់ពី​តម្លៃ​ប្រេង​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​សប្តាហ៍​មុន​ ​ដោយសារ​ក្តី​សង្ឃឹម​មួយ​ផ្នែក​លើ​ការ​ចរចា​តាម​ផ្លូវ​ការទូត ​និង​ការ​ថមថយ​នៃ​ការ​វាយប្រហារ​ផ្នែក​យោធា​។

​ទោះជា​យ៉ាងណា ​លោក​ថា​ ​ទីផ្សារ​នៅតែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ហានិភ័យ​នៃ​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់ ​ដែល​អាច​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ Brent ​កើនឡើង​ដល់​ ១២០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។

​កាលពី​ថ្ងៃ​អាទិត្យ​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ ​លោក​ Abbas ​Araqchi ​បាន​ថ្លែង​ថា​ ​គោលបំណង​នៃ​ជំនួប​ពិភាក្សា​ដែល​មាន​ការ​វិវត្ត​ជា​វិជ្ជមាន​នេះ​ ​គឺ​ដើម្បី​បន្ត​ការ​ពិគ្រោះយោបល់​ជាមួយ​អ្នក​សម្របសម្រួល​របស់​កាតារ​។ ​លោក​បាន​បញ្ជាក់​ថា​ ទីក្រុង​តេអេរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទាំង​សម្រាប់​ការ​ការពារ​ខ្លួន ​និង​ការទូត​។

​ការ​ចរចា​នេះ​ធ្វើឡើង​ចំពេល​មាន​ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ ​Hormuz ​ដែល​កំពុង​បង្កើន​ថ្លៃ​ដើម​ថាមពល ​និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​សមុទ្រ​នៅ​ទូទាំង​ពិភពលោក​។

​ជាមួយគ្នា​នេះ​ ​អារ៉ាប៊ី​សាអូឌីត​បាន​បង្កើន​ការ​នាំចេញ​ប្រេង​ឆៅ​របស់​ខ្លួន​កាលពី​ខែ​តុលា ​បើ​ធៀប​នឹង​ខែ​កញ្ញា​ ​ទោះបីជា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​នេះ​រង​ការ​វាយប្រហារ​ពី​ក្រុម​ ​Houthis ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​ក៏​ដោយ​។

​ចំណែក​អង្គការ​ប្រទេស​នាំចេញ​ប្រេង ​និង​សម្ព័ន្ធមិត្ត​ ​(​OPE​C+​) ​បាន​សម្រេច​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ថេរ​ដដែល​សម្រាប់​ខែ​ធ្នូ ​ដោយ​មិន​មាន​ការ​កែសម្រួល​គោលនយោបាយ​រហូតដល់​ឆ្នាំ​២០២៧​។

​សម្រាប់​កម្ពុជា​ ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ ​មិន​មាន​ន័យ​ថា​ ​តម្លៃ​ប្រេង​សាំង ​និង​ម៉ាស៊ូត​ក្នុង​ស្រុក​នឹង​ធ្លាក់ចុះ​ភ្លាម​ៗ​នោះ​ទេ​។ ​មូលហេតុ​គឺ​កម្ពុជា​នាំចូល​ផលិតផល​ប្រេង​ដែល​បាន​ចម្រាញ់​រួច ​ដូចជា​ប្រេង​សាំង ​និង​ប្រេង​ម៉ាស៊ូត ​ជា​ជាង​នាំចូល​ប្រេង​ឆៅ​មក​ចម្រាញ់​ដោយ​ផ្ទាល់​។

​លើស​ពី​នេះ​ ​ស្ថានីយ​ប្រេង​ក្នុង​ស្រុក​នៅ​មាន​ស្តុក​ប្រេង​ដែល​បាន​ទិញ​ទុក​ពីមុន​ ​ហើយ​តម្លៃ​លក់​រាយ​ក៏​ត្រូវ​គិតគូរ​ពី​ថ្លៃ​ដើម​នៃ​ស្តុក​ប្រេង​ចាស់​ ​និង​ថ្លៃ​ដឹកជញ្ជូន​ផងដែរ​។ ​កត្តា​ទាំងនេះ​ធ្វើឱ្យ​តម្លៃ​ប្រេង​លក់​នៅ​កម្ពុជា​មិន​ចាំបាច់​ប្រែប្រួល​ស្រប​គ្នា​ភ្លាម​ៗ​ទៅ​តាម​ការ​ឡើង​ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​ពិភពលោក​ឡើយ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា