ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ភ្នំពេញ ៖ វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស​វិស័យរថយន្ត​ ដោយ​ក្រុមហ៊ុន​ដែលធ្លាប់នាំចូល​រថយន្តពីក្រៅប្រទេស​បានវិនិយោគ​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើងក្នុងប្រទេស​កម្ពុជា​ ដើម្បីដំឡើង និង​ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក​ និងនាំចេញទៅកាន់ទីផ្សារ​ក្នុង​តំបន់ ។​

Advertisement

យោងតាមការសិក្សា​ស្រាវជ្រាវ​មួយ​របស់ក្រុមហ៊ុនអចលនទ្រព្យ Advantage Property Services ( APS ) បានបង្ហាញឱ្យឃើញថា​ គិតត្រឹមពាក់​កណ្ដាល​ឆ្នាំ២០២៦ ម៉ាកយីហោ រថយន្ត​ដែលដំឡើង​នៅកម្ពុជា​មាន​ចំនួន​កាន់តែច្រើន​ ប៉ុន្តែមកដល់​ឆ្នាំ២០២៦នេះ កម្ពុជា​នៅមិនទាន់មានរោងចក្រផលិត​គ្រឿង​បង្គុំធំៗ​​​ក្នុងស្រុក​នៅឡើយ ដូច្នេះ ​ឧស្សាហកម្មដំឡើងរថយន្តនៅកម្ពុជា​បន្តពឹង​ផ្អែក​លើ​ការ​នាំចូល​គ្រឿង​បង្គុំ​ ​ដើម្បីបម្រើ​ឱ្យខ្សែច្រវាក់​ផលិតកម្ម​របស់ខ្លួន ។

បើតាម​របាយការណ៍របស់​ក្រុមហ៊ុន​ APS បានបង្ហាញថា គិតត្រឹមឆមាស​ទី១ ឆ្នាំ២០២៦​នេះ មាន​រោងចក្រដំឡើង​រថយន្ត​នៅក្នុងប្រទេស​ចំនួន ​១២ហើយ ដោយក្នុងនោះរួមមាន​រោងចក្រដំឡើង​រថយន្ត​ KN រោងចក្រ GAC , Chevrolet រោងចក្រ​ដំឡើង​រថយន្ត Ford  រោងចក្រ ISUZU រោងចក្រ​ដំឡើង​រថយន្ត TOYOTA រថយន្ត​ម៉ាក Ssangyong រោងចក្រ​ដំឡើងរថយន្ត​ BYD រោងចក្រ​ GTV រោងចក្រ​ដំឡើងរថយន្តម៉ាក HYUNDAI និង​ម៉ាករោងចក្រ​ដំឡើងរថយន្ត​ក្រុមហ៊ុន​ ZO Motors ។ ក្រៅពីនេះ កម្ពុជាក៏មានរោងចក្រ​ដំឡើង​រថយន្ត​ធុនធ្ងន់​មួយទៀត​ផងដែរ​របស់​ក្រុមហ៊ុន ​CNHTC ដែល​បានដំឡើង​រថយន្តម៉ាក SINOTRUK សម្រាប់ដឹកទំនិញ ។​

លោក​ ងន សាំង ប្រធាន​សហព័ន្ធឧស្សាហកម្ម​យានយន្តកម្ពុជា​ និង​ជាអគ្គនាយ​កក្រុមហ៊ុន​ RMA Cambodia បានមានប្រសាសន៍ថា មកដល់បច្ចុប្បន្ន​មានរោងចក្រ​ដំឡើង​រថយន្តក្នុងប្រទេស​កម្ពុជា​ប្រមាណជាង​ ១២ ​រោងចក្រ​ ហើយរាល់​គ្រឿងបង្គុំ​ទាំងសម្រាប់រថយន្ត​មានទាំង​នាំចូល​ និង​មានផលិតនៅក្នុងស្រុកមួយចំនួនតូចផងដែរ ។

លោកបន្តថា ការវិនិយោគ​លើរោងចក្រ​ផលិត​គ្រឿង​បង្គុំ​ធំៗ គឺត្រូវការទុនវិនិយោគ​ច្រើនណាស់​ ហើយបើសិនជាមានវិនិយោគ​បង្កើតរោងចក្រផលិតគ្រឿង​បង្គុំពេញលេញលុះត្រា​តែ​មានរោងចក្រ​ដំឡើង​រថយន្ត​នៅក្នុងស្រុកច្រើន ។​ បច្ចុប្បន្ន​នេះរោងចក្រ​ដំឡើងរថយន្តនៅកម្ពុជានៅតែបន្តនាំចូល​គ្រឿង​បង្គុំ​ពីខាងក្រៅ ដោយកម្ពុជា​អាច​ផលិត​ខ្លួនឯង​បានខ្លះដូចជា​យកផ្នែកតូចៗមកផ្គុំ និង​មានរោងចក្រផលិត​សំបក​កង់ឡាន​ជាដើមតែប៉ុណ្ណោះ។

លោក ​ងន សាំង ​បានបញ្ជាក់ថា ​ក្នុង​មួយឆ្នាំៗ កម្ពុជា​បាននាំចូល​គ្រឿងបង្គុំ​ និងគ្រឿង​បន្លាស់​រថយន្ត​មក​បម្រើ​សេចក្ដីត្រូវការ​ក្នុងស្រុក​គិតជាទឹកប្រាក់ប្រមាណជាង​៣០០លានដុល្លារអាម៉េរិក ដែលមានន័យថា អាច​លើស​ពី ៣០០លានដុល្លារអាម៉េរិក ទៅ ​៤០០លានដុល្លារអាម៉េរិក អាស្រ័យលើ​តម្រូវការទីផ្សារ​ជាក់ស្ដែង​ ។​

លោកបាន​បញ្ជាក់ថា ថ្វីត្បិតតែឧស្សាហកម្ម​រថយន្តនៅកម្ពុជា​មានរោងចក្រ​ដំឡើងក្នុងស្រុក​រហូតដល់ជាង​១០រោងចក្រ​ក៏ដោយក្តី ក៏កម្ពុជា​នៅតែបន្ត​នាំចូល​រថយន្តពីខាងក្រៅមក​បំពេញ​តម្រូវការ​ដែរ ជាពិសេស​រថយន្ត​អគ្គិសនី​ដែលកំពុងពេញនិយម​នៅលើទីផ្សារ​ពិភពលោក ។

យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញ​ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិស័យឧស្សាហកម្ម​ធុនធ្ងន់បានទាក់ទាញគម្រោង​វិនិយោគច្រើនជាងគេ ជាក់ស្ដែង​ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦​នេះ វិស័យឧស្សាហកម្ម​បានទាក់ទាញគម្រោងវិនិយោគចុះបញ្ជីគិតជាទឹកប្រាក់ប្រមាណ ២,៥៦​ពាន់លានដុល្លារ​អាម៉េរិក​ក្នុងចំណោមទុនវិនិយោគសរុប ៤,៧ពាន់​លានដុល្លារ​អាម៉េរិក​ ដែលបានចុះបញ្ជីវិនិយោគក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា