អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

អាម៉េរិកខាតបង់ប្រាក់ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមខែសីហា

បរទេស៖ ក្រសួងការពារជាតិអាម៉េរិកបានខាតបង់ប្រាក់ប្រមាណ ៣៨ ពាន់លានដុល្លារ លើសង្គ្រាមជាមួយអ៊ីរ៉ង់ គិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយអាចកើនឡើងបន្ថែម ប្រសិនបើជម្លោះបន្តអូសបន្លាយ។ នេះបើយោងតាមការវិភាគរបស់ការិយាល័យថវិកាសភាអាម៉េរិក (CBO) ដែលត្រូវបានរាយការណ៍ដោយ CNA។

ការវិភាគនេះត្រូវបានរៀបចំឡើងតាមសំណើរបស់លោក Brendan Boyle សមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការថវិកាសភា រួមជាមួយសមាជិកសភាផ្សេងទៀត។ កាលពីខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Pete Hegseth បានប៉ាន់ប្រមាណថា សង្គ្រាមនេះបានចំណាយប្រមាណ ៣៧.៥ ពាន់លានដុល្លាររួចទៅហើយ។

CBO បានបញ្ជាក់ថា ប្រសិនបើជម្លោះនៅតែបន្ត ការចំណាយអាចកើនឡើងប្រមាណ ២ ទៅ ៣ ពាន់លានដុល្លារ ឬច្រើនជាងនេះក្នុងមួយខែ។ ការចំណាយសំខាន់ៗរួមមាន ការទិញគ្រាប់រំសេវ ការជំនួសសម្ភារបរិក្ខារដែលខូចខាតក្នុងសមរភូមិ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈសម្រាប់យោធា។

ក្នុងចំណោមការចំណាយទាំងនោះ ការជំនួសគ្រាប់រំសេវមានទំហំប្រមាណ ២១.៧ ពាន់លានដុល្លារ ដែលជាចំណាយធំបំផុតរបស់ក្រសួងការពារជាតិអាម៉េរិកក្នុងជម្លោះនេះ។

CBO ក៏បានព្រមានអំពីការថយចុះនៃស្តុកសំណាញ់មេឃ ដោយប៉ាន់ប្រមាណថា អាម៉េរិកប្រហែលជាបានប្រើប្រាស់អស់ពីពាក់កណ្តាលទៅពីរភាគបីនៃស្តុកទាំងនោះ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥។

ការចំណាយយោធាក៏មិនមែនជាផលប៉ះពាល់តែមួយលើសេដ្ឋកិច្ចអាម៉េរិកនោះទេ។ CBO បានលើកឡើងថា ការរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិអាចបង្កសម្ពាធអតិផរណា ដោយការកើនឡើងនៃតម្លៃថាមពលអាចជំរុញឱ្យតម្លៃទំនិញបន្តកើនឡើង។

CBO ប៉ាន់ប្រមាណថា អតិផរណានៅត្រីមាសទី១ ឆ្នាំ២០២៧ នឹងខ្ពស់ជាងការព្យាករណ៍មុនចំនួន ០.៥ ភាគរយ ខណៈអតិផរណាស្នូលអាចខ្ពស់ជាងការព្យាករណ៍ ០.៣ ភាគរយ។

ការកើនឡើងនៃអតិផរណាក៏អាចជំរុញអត្រាការប្រាក់លើមូលបត្របំណុលរតនាគារអាម៉េរិកឱ្យកើនឡើងផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា