កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ភ្នំពេញ​៖​ ​កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ​។

​លោក​ អួន ស៊ីឡុត ​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​ ​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ AMS ​នៅ​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ ​ថា​ ​រោងចក្រ​ចម្រាញ់​ប្រេង​ពី​សំបក​គ្រាប់​ស្វាយចន្ទី​របស់​ក្រុមហ៊ុន​ ​Mirarth ​ដែល​ជា​សមាជិក​សមាគម​ ​នឹង​ចាប់ផ្ដើម​ដំណើរការ​ខ្សែ​សង្វាក់​ផលិតកម្ម​ជា​ផ្លូវការ​នៅ​ដើម​ខែ​ធ្នូ ​ឆ្នាំ​២០២៦​។

​លោក​បញ្ជាក់​ថា​ ​រោងចក្រ​នេះ​កំពុង​បង្ហើយ​ការ​ដំឡើង​ម៉ាស៊ីន​កែច្នៃ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ជប៉ុន​ ​ដែល​អាច​កាត់បន្ថយ​ដំណាក់កាល​ចម្រាញ់​ពី​ប្រព័ន្ធ​ធម្មតា​ចំនួន​៥ មក​នៅ​ត្រឹម​២​ដំណាក់កាល​ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​។

​ក្រៅ​ពី​រោងចក្រ​របស់​ក្រុមហ៊ុន​ជប៉ុន​នេះ​ ​ក៏​មាន​ក្រុមហ៊ុន​ចិន​មួយ​ទៀត​បាន​វិនិយោគ​ដំឡើង​រោងចក្រ​កែច្នៃ ​និង​ចម្រាញ់​ប្រេង​ពី​សំបក​គ្រាប់​ស្វាយចន្ទី​ជា​លើក​ដំបូង​នៅ​កម្ពុជា​ផងដែរ​។ ​យ៉ាងណា​ ​រោងចក្រ​ទាំង​ពីរ​មិន​ទាន់​បង្ហាញ​លទ្ធផល​ផលិតកម្ម​ជោគជ័យ​នៅឡើយ​ទេ​ ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​ពេញលេញ​នៅ​រដូវ​ប្រមូល​ផល​ស្វាយចន្ទី​ឆ្នាំ​២០២៧ ​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​មីនា​។​

​ទិន្នន័យ​ឆ្នាំ​២០២៥ ​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា​ ​កម្ពុជា​បាន​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​និង​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន​ ២៦​,​០០០​ តោន ​ដោយ​បន្សល់​ទុក​សំបក​គ្រាប់​ប្រមាណ​ ​២០​,​០០០​ តោន​។ ​បច្ចុប្បន្ន​ ​សំបក​ទាំងនេះ​មួយចំនួន​ត្រូវ​បាន​លក់​ទៅ​ប្រទេស​វៀតណាម ​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​១៨០​ ​ទៅ​ ​២០០ ​ដុល្លារ​ក្នុង​មួយ​តោន ​ខណៈ​សំបក​មួយចំនួន​ទៀត​ត្រូវ​បាន​កសិករ​បោះចោល​។

​លោក​ អួន ស៊ីឡុត ​រំពឹង​ថា​ ​នៅពេល​រោងចក្រ​ទាំង​ពីរ​ដំណើរការ​ពេញលេញ​ ​សំបក​គ្រាប់​ស្វាយចន្ទី​ដែល​ធ្លាប់​ត្រូវ​បាន​លក់​ទៅ​ក្រៅ​ប្រទេស​ ​ឬ​បោះចោល ​នឹង​អាច​បង្វែរ​មក​ផ្គត់ផ្គង់​ដល់​រោងចក្រ​កែច្នៃ​ក្នុង​ស្រុក​វិញ​។ ​ទោះជា​យ៉ាងណា​ ​រោងចក្រ​ទាំង​ពីរ​មិន​ទាន់​បញ្ជាក់​ពី​តម្រូវការ​សំបក​គ្រាប់​ស្វាយចន្ទី​សម្រាប់​ដំណើរការ​ផលិត​នៅឡើយ​ទេ​។

​តាម​ការ​ពន្យល់​របស់​អ្នក​ជំនាញ​ជប៉ុន​ ​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយ​ចន្ទី​ ​អាច​ប្រើប្រាស់​ក្នុង​វិស័យ​គ្រឿង​សម្អាង​ ​ជា​ប្រេង​កាត់បន្ថយ​សំណឹក​ហ្វ្រាំង​យន្តហោះ​ ​និង​សម្រាប់​លាប​បាត​ទូក​ ​ឬ​កប៉ាល់​ធំ​ៗ ​ដើម្បី​ការពារ​សត្វ​សមុទ្រ​មិន​ឱ្យ​តោង​ជាប់​។ ប្រេង​នេះ​ក៏​អាច​ប្រើ​លាយ​ជាមួយ​ប្រេង​ម៉ាស៊ូត ​ដើម្បី​បង្កើន​បរិមាណ​ប្រេងឥន្ធនៈ ​និង​កាត់បន្ថយ​ថ្លៃ​ទិញ​ប្រេង​ផងដែរ​។

តាម​គំរូ​កែច្នៃ​ ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ ​១០០ ​គីឡូ​ក្រាម​ ​អាច​ទទួល​បាន​សាច់​គ្រាប់​ប្រមាណ​ ​២៥​ ​គីឡូក្រាម​ ​និង​សំបក​ ៧៥ ​គីឡូក្រាម​។ ក្នុង​នោះ​ ​សំបក ​១០០​ ​គីឡូក្រាម​អាច​ចម្រាញ់​បាន​ប្រេង​ ​១៥ ​គីឡូក្រាម​ ​ខណៈ​សំណល់ ​៧៥​ ​គីឡូក្រាម​ទៀត​អាច​កែច្នៃ​ទៅ​ជា​ធ្យូង​ជីវសាស្ត្រ ​ដែល​មាន​កម្រិត​កាបូន​រហូតដល់​ ៩០​%​ ​បើ​ធៀប​នឹង​ធ្យូង​ពី​អង្កាម​ដែល​មាន​កាបូន​ប្រមាណ​ ​៥០​%​។​

​បច្ចេកវិទ្យា​ម៉ាស៊ីន​ស្វ័យប្រវត្តិ​របស់​ជប៉ុន​នេះ​ ​ក៏​ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​ថា​ ​អាច​កាត់បន្ថយ​ការ​បញ្ចេញ​ក្លិន​ឆួល ​ផលប៉ះពាល់​បរិស្ថាន ​និង​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​។

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦​ AMS ​មិន​ទាន់​អាច​ទាក់ទង​ម្ចាស់​រោងចក្រ​ទាំង​ពីរ​ដោយ​ផ្ទាល់ ​ដើម្បី​បញ្ជាក់​ពី​ទំហំ​ទុន​វិនិយោគ​ ​និង​សមត្ថភាព​ផលិត​ប្រេង​ក្នុង​មួយ​ថ្ងៃ​បាន​នៅឡើយ​ទេ​។ ​លោក​ អួន ស៊ីឡុត ​បាន​បង្ហើប​ថា​ រោងចក្រ​ទាំង​ពីរ​គ្រោង​ដំណើរការ​ពេញលេញ​នៅ​រដូវ​ប្រមូល​ផល​ស្វាយចន្ទី​ឆ្នាំ​២០២៧​ ​ហើយ​លោក​បាន​គាំទ្រ​ឱ្យ​មាន​ក្រុមហ៊ុន​ធំ​ៗ​បន្ថែម​ទៀត​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​កែច្នៃ​ស្វាយចន្ទី​នៅ​កម្ពុជា​ ​ដើម្បី​ជំរុញ​កម្មវិធី​សួន​កសិ​ឧស្សាហកម្ម​របស់​រាជ​រដ្ឋាភិបាល​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា