កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

​ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ ​ដើម្បី​ប្រែក្លាយ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​សម្រាក​កាយ​ចុង​សប្តាហ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។

​ឯកឧត្តម​ ​ហួត ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​រួម​ជាមួយ​ឯកឧត្តម​ ​អ៊ុន ​ចាន់​ដា ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ចាម ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​អនុវត្ត​ផែនការ​នេះ​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​សាលា​ខេត្ត​កំពង់ចាម​។

​តាម​ក្រសួង​ទេសចរណ៍​ ​ផែនការ​នេះ​ជា​លទ្ធផល​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ​និង​បង្ហាញ​ពី​ឆន្ទៈ​របស់​ខេត្ត​ក្នុង​ការ​ប្រែក្លាយ​ស​ក្តានុពល​ដែល​មាន​ស្រាប់​ទៅ​ជា​ផលិតផល​ ​និង​បទពិសោធ​ទេសចរណ៍​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។

​ថ្លែងក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អបអរសាទរ ​និង​កោតសរសើរ​ចំពោះ​សមិទ្ធផល​ជា​ច្រើន​ដែល​ខេត្ត​កំពង់ចាម​សម្រេចបាន​ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ ​និង​ថ្នាក់ដឹកនាំ ​ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​របស់​ខេត្ត​។

​ឯក​ឧត្តម​ ​ហួត​ ​ហាក់ ​បាន​បញ្ជាក់​ថា​ ​សមិទ្ធផល​រឹង ​និង​ទន់​របស់​ខេត្ត​មិន​ត្រឹមតែ​លើកកម្ពស់​ជីវភាព​ ​និង​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ពង្រឹង ​និង​ពង្រីក​ការ​តភ្ជាប់​ទៅកាន់​គោលដៅ​ទេសចរណ៍​ ​និង​តំបន់​សេដ្ឋកិច្ច​សំខាន់​ៗ​ បង្កើត​បរិយាកាស​កាន់តែ​អំណោយ​ផល​សម្រាប់​ការ​ធ្វើ​ធុរកិច្ច​ ការ​វិនិយោគ ​និង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។

​រដ្ឋបាល​ខេត្ត​ ​និង​ប្រជា​ពលរដ្ឋ​ខេត្ត​កំពង់ចាម ​ក៏​បាន​និង​កំពុង​យកចិត្តទុកដាក់​ជំរុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ជាពិសេស​វិស័យ​ទេសចរណ៍​ ​តាមរយៈ​ការ​ពង្រឹង​គុណភាព​សេវាកម្ម បដិសណ្ឋារកិច្ច​ អនាម័យ​ ​សោភ័ណ​ភាព និង​សុវត្ថិ​ភាព​ទេសចរណ៍​ ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ ​និង​ផ្តល់​ភាព​កក់ក្តៅ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​។

​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​វឌ្ឍនភាព​នេះ​បាន​រួមចំណែក​ធ្វើឱ្យ​កំពង់​ចាម​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ ​និង​ជា​ច្រក​តភ្ជាប់​យុទ្ធសាស្ត្រ​រវាង​រាជធានី​ភ្នំពេញ​ ​និង​បណ្ដា​ខេត្ត​ភូមិភាគ​ឦសាន​។

​គម្រោង​អភិវឌ្ឍន៍​សំខាន់​ៗ​របស់​ខេត្ត​ដែល​នឹង​លេច​រូបរាង​ឡើង​ក្នុងពេល​ខាង​មុខ រួម​មាន​ ​កំពង់ផែទេសចរណ៍​ដែក​បណ្ដែត​ទឹក​ ​មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច​ទេសចរណ៍​ ​ការ​ជួសជុល​កែលម្អ​ច្រាំង​ទន្លេ​ ​ការ​រៀបចំ​សួន​តេជោធិបតី ​និង​ការ​រៀបចំ​ផ្លូវ​ថ្មើរជើង​ ​ដែល​នឹង​ជំរុញ​សកម្មភាព​ទេសចរណ៍​នា​ពេល​រាត្រី​។​

​ឯកឧត្តម​ ​ហួត ​ហាក់ ​បាន​លើកឡើង​ថា​ ​ការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​និង​សម្បទា​គាំទ្រ​ដែល​មាន​ភាព​ច្នៃប្រតិដ្ឋ ​ព្រមទាំង​គម្រោង​សាងសង់​រូបសំណាក​ដែល​ជា​អត្តសញ្ញាណ​ខេត្ត​ ​គឺ​ជា​ផលិតផល​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ​ ​និង​មាន​តម្លៃ​បន្ថែម​ខ្ពស់​សម្រាប់​វិស័យ​ទេសចរណ៍​។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តគោលដៅទី៦​ ខណៈ​ផែនការនេះ គឺជាលទ្ធផ​ល​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងជាការបង្ហាញឱ្យឃើញនូវឆន្ទៈរបស់ខេត្តក្នុងការប្រែក្លាយសក្តានុពលដែលមានស្រាប់ ឱ្យទៅជាផលិត​ផ​ល​ និងពុទពិសោធន៍ទេសចរណ៍ដែលមានតម្លៃបន្ថែមខ្ពស់។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ មានប្រសាសន៍ថា​ ខេត្តកំពង់ចាម មានសក្តានុពលទេសចរណ៍ ដោយមានរមណីយដ្ឋាន ទេសចរណ៍ ចំនួន ១៣កន្លែង ក្នុងនោះ ធម្មជាតិ ៤កន្លែង​ ប្រវត្តិសាស្ត្រ ៦កន្លែង​ និងកែច្នៃ ៣កន្លែង និងមានប្រាសាទបុរណ ចំនួន ១៥កន្លែង។

យោងតាមឯកឧត្តម​ អ៊ុន​ ចាន់ដា​ ខេត្ត មានសណ្ឋាគារ ១៨កន្លែង​ ផ្ទះសំណាក់ ១០៣កន្លែង ភោជនីយដ្ឋាន ៣៥កន្លែង អាហារដ្ឋាន ៧៥កន្លែង ហាងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ៧កន្លែង ផ្សាររាត្រី ១កន្លែង សហគមន៍ ១កន្លែង សម្រាប់បម្រើសេវាទេសចរជាតិ អន្តរជាតិឱ្យមកលេងកម្សាន្ត។​

អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា​ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរមកទស្សនាក្នុងខេត្តកំពង់ចាម​ ប្រមាណ​ជាង​ ៥លាន​ ១៣ម៉ឺននាក់ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥កន្លងទៅ គឺមានការកើនឡើង៤៥%​ ។

​គួរបញ្ជាក់ផងដែរថា ពិធី​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​ ​តំណាង​អង្គភាព​ ​និង​មន្ទីរពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​ ​កងកម្លាំងប្រដាប់អាវុធ​ ​ប្រតិបត្តិករ​ទេសចរណ៍​ ​សហគមន៍​ទេសចរណ៍​ ​យុវជន​ ស.ស​.យ.​ក. ​និង​អ្នក​ផលិត​មាតិ​កា​ព័ត៌មាន​ប្រមាណ​ ៣០០​រូប​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា