កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

គម្រោង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ គីឡូម៉ែត្រ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ​១៦៤ ​លាន​ដុល្លារ ​នឹង​តភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ចប់​ការ​សិក្សា ​និង​ការ​វាយតម្លៃ​បច្ចេកទេស​រួចរាល់​ ​ហើយ​កំពុង​រង់ចាំ​ការ​សម្រេច​លើ​កញ្ចប់​ថវិកា​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​ក្រុមហ៊ុន​ ធី​អេច ​អូ​តូ​ម៉ូធីវ ​មេ​នូហ្វេក​ឆឺ​រីង ​ស្ថិត​នៅ​ឃុំ​សែប​ ​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ​ខែ​កញ្ញា​ ​សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​កំពង់ឆ្នាំង​កំពុង​ពង្រីក​ខ្លួន​ទៅ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ធំ​ក្នុង​វិស័យ​ឧស្សាហកម្ម​។

​សម្តេច​ធិបតី ​បាន​បន្ត​ថា​ ​ក្រៅ​ពី​រោងចក្រ​បង្គុំ ​និង​ដំឡើង​រថយន្ត​ម៉ាក​ ​GA​C ​ដែល​បាន​បោះ​ទីតាំង​ដំណើរការ​ចង្វាក់​ផលិតកម្ម ​ខេត្ត​នេះ​នឹង​មាន​កំពង់ផែ​ពហុ​បំណង​ ​មណ្ឌល​ភស្តុភារ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​វែង​ជាង​គេ​នៅ​កម្ពុជា​ ​ដែល​នឹង​ទាញ​ភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​។​

​សម្ដេចធិបតី​បាន​ឱ្យ​ដឹង​ថា​ ​គម្រោង​តភ្ជាប់​រវាង​ខេត្ត​ទាំង​ពីរ​មិន​ទាន់​អនុវត្ត​បាន​ពេញលេញ​នៅឡើយ​ទេ​ ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​តាមរយៈ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ​ចាន់​ថុល ​ត្រូវ​ចរចា​បន្ថែម​ជាមួយ​ភាគី​ចិន​លើ​កញ្ចប់​ឥណទាន ​មុន​យក​មក​អភិវឌ្ឍ​។

​សម្ដេចធិបតី​បាន​បន្ត​ថា​ ​នៅពេល​សមិទ្ធផល​ទាំងនេះ​លេចឡើង​ វា​នឹង​ទាញយក​វិនិយោគិន​ឱ្យ​មក​បោះ​ទីតាំង​រកស៊ី​កាន់តែ​ច្រើន ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​តាមរយៈ​ការ​ទាញយក​មនុស្ស​ធ្វើ​ចរាចរ ​ឬ​ទៅ​រស់នៅ​ ​និង​ធ្វើ​អាជីវកម្ម​។

​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នេះ​ ​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ ​ឯកឧត្តម​ ​ផន រឹម ​បាន​ឱ្យ​ដឹង​ថា​ ​ក្រសួង​បាន​បញ្ចប់​ការ​សិក្សា​ វាយ​តម្លៃ​ហេតុ​ប៉ះពាល់ ​និង​បច្ចេកទេស​សាងសង់​រួចរាល់​ហើយ​ ​ដោយ​នៅ​រង់ចាំ​ការ​សម្រេច​ពី​រាជ​រដ្ឋាភិបាល​លើ​ការ​ទម្លាក់​កញ្ចប់​ថវិកា​ ​ដើម្បី​អនុវត្ត​គម្រោង​ប៉ុណ្ណោះ​។

​តាម​ឯកឧត្តម​ ​ផន ​រឹម ​តម្លៃ​ប៉ាន់ស្មាន​លើ​ការ​កសាង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ ​គីឡូម៉ែត្រ ​ជាមួយនឹង​ការ​កសាង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ ​១៦៤​ ​លាន​ដុល្លារ​។

​ឯក​ឧត្តម​ ​ផន ​រឹម ​បាន​មានប្រសាសន៍​ថា​៖​ ​«​រឿង​ចរចា​ឥណទាន​ដល់​ណា ​គឺ​នៅលើ​តំណាងរាជ​រដ្ឋាភិបាល​ ​មាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់​ថុល​ រី​ឯ​យើង​នេះ​ជា​អ្នក​បច្ចេកទេស​សាងសង់​។ ​ប៉ុន្តែ​យើង​បាន​សិក្សា​ ​និង​ដាក់​ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ​សម្រាប់​រយៈពេល​ ៣​ឆ្នាំ​ ​រំកិល​ថ្មី​ ​(​២០២៧​-​២០២៩​)​ ​ក្រោម​ក្របខណ្ឌ​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​»​។

​លោក​បណ្ឌិត​ គី ​សិរី​វឌ្ឍន៍​ ​អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​យល់ឃើញ​ថា​ ការ​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​ឥណទាន​លើ​គម្រោង​នេះ​ ​អាច​ដោយសារ​ចិន​កំពុង​ពិចារណា​លើ​គម្រោង​អាទិភាព​ផ្សេង​ទៀត​នៅ​កម្ពុជា​ ​ដូចជា​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោ​ជាដើម​។

​លោក​បណ្ឌិត​ គី ​សិរី​វឌ្ឍន៍ បាន​បន្ត​ថា​ ​ដើម្បី​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​របស់​ខ្លួន ​រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ចង់​បោះបង់​គម្រោង​ណាមួយចោល​យូរ​ទេ​ ​ទើប​ខំ​បន្ត​ចរចា​ជា​បន្តបន្ទាប់​ ​ដើម្បី​ចង់បាន​លទ្ធផល​ឆាប់​ៗ​។

​លោក​បណ្ឌិត​បាន​បន្ថែម​ថា​ ​គម្រោង​នេះ​ជា​យន្ត​ការ​បង្កើន​ការ​វិនិយោគ​សេដ្ឋកិច្ច​សាធារណៈ​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដើម​នៃ​ការ​ដឹកជញ្ជូន​ ការ​ធ្វើដំណើរ ​និង​ពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​ល្អ​។

​លោក​បណ្ឌិត​ គី ​សិរី​វឌ្ឍន៍ បាន​ពន្យល់​ថា​ ​ស្ពាន ​និង​ផ្លូវ​ដែល​ក្លាយទៅជា​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​និង​ធ្វើដំណើរ​ដ៏​សំខាន់​នេះ​ ​មាន​រាង​ជា​រង្វង់ ​និង​អាច​តភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់​ៗ​ចំនួន​៣ ​គឺ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កំពង់ឆ្នាំង​ ​និង​ខេត្ត​កំពង់ធំ​។​

​គម្រោង​កសាង​ស្ពាន​ ​និង​ផ្លូវ​សេដ្ឋកិច្ច​តភ្ជាប់​ពី​ស្រុក​កំពង់លែង ​នៃ​ខេត្ត​កំពង់ឆ្នាំង​ ​ទៅ​ក្រុង​ស្ទឹង​សែន ​នៃ​ខេត្ត​កំពង់ធំ ​នឹង​ប្រើ​ឥណទាន​សម្បទាន​ពី​ចិន ​និង​សាងសង់​ដោយ​ក្រុមហ៊ុន​ ​CRB​C ​ដោយ​មាន​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ ក្វាង​ចូវ​វ៉ាន​អាន ​របស់​ចិន ​ជា​អ្នក​ត្រួតពិនិត្យ​។

​ប្រសិនបើ​ផ្លូវ និង​ស្ពាន​នេះ​ត្រូវ​បាន​តភ្ជាប់ ​ចម្ងាយ​ផ្លូវ​ពី​កំពង់ឆ្នាំង​ទៅ​ក្រុង​ស្ទឹង​សែន ​ដែល​ធ្លាប់​មាន​ចម្ងាយ​រហូតដល់​ជាង​ ​១០០ គីឡូម៉ែត្រ ​នឹង​កាត់បន្ថយ​មក​ត្រឹម​ ​៥៨ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ជិន សុភ័ក្រ្ត

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា