ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

ក្រុង​កំពត ត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ

កំពត ដែលជាគោលដៅទេសចរណ៍ដ៏មានកិត្យានុភាពខ្ពស់ សម្បូរទៅដោយសម្បត្តិធម្មជាតិនាតំបន់ជាប់សមុទ្រ ព្រមទាំងបេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង បាន និងកំពុងត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ។

Advertisement

មន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជា​បណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN) ដោយមានការចូលរួមពី ឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា មន្ត្រីតំណាងក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ លោកអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពត និងភាគីពាក់ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វេទិកានេះ មិនត្រឹមតែជាការពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។

សូមជម្រាប់ថា​ កំពត គឺជាខេត្តមួយដែលមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍​ដែល​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយ​មាន​ភាព​ល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។

ដោយឡែក សម្រាប់ដំណើរទេសចរណ៍សម័យថ្មីនេះ មិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់យូណេស្កូផ្នែក​ម្ហូប​អាហារ​ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏​បានលើក​ទឹក​ចិត្ត និង​ជំរុញ​ដល់រាជធានី និង​ខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីក​​កកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។ បន្ថែមពីនេះ តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទី​ក្រុង​កំពត នឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែក​ម្ហូប​អាហារ​ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ក្រុងកំពត គឺជាទីរួមខេត្តនៃខេត្តកំពត ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងនេះល្បីល្បាញដោយសារសំណង់អគារបុរាណសម័យបារាំង ដងព្រែកកំពតដ៏ស្រស់ស្អាត និងម្ហូបអាហារឆ្ងាញ់ៗ ជាពិសេសគឺមុខម្ហូបដែលចម្អិនជាមួយម្រេចកំពត៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា