តម្លៃម្រេច​កំពត​ឡើងថ្លៃ​ ខណៈទិន្នផលធ្លាក់ចុះ​ក្នុងឆ្នាំ ២០២៦ នេះ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃម្រេច​កំពត​ឡើងថ្លៃ​ ខណៈទិន្នផលធ្លាក់ចុះ​ក្នុងឆ្នាំ ២០២៦ នេះ​

តម្លៃម្រេច​កំពត​ឡើងថ្លៃ​ ខណៈទិន្នផលធ្លាក់ចុះ​ក្នុងឆ្នាំ ២០២៦ នេះ​

ភ្នំពេញ៖ ស្រ​បពេល​នឹង​តម្លៃម្រេច​​កំពតបានបន្ត​ឡើងថ្លៃ​មួយកម្រិតទៀត ងាកទៅមើល​ទិន្នផល​ឆ្នាំ ២០២៦ នេះ បែរជាធ្លាក់ចុះ ដោយសារតែ​អាកាសធាតុ​ឆ្នាំនេះមិនអំណោយផល ពោលគឺអាកាស​ធាតុក្ដៅខ្លាំង​ជា​ងឆ្នាំ ២០២៥ ​កន្លងទៅ ដែលធ្វើឱ្យ​ម្រេច​ខ្លះត្រូវ​ងាប់ ខ្លះស្រពោន ជ្រុះផ្កា និងផ្លែ​​ ពីព្រោះតែខ្វះទឹក​សម្រាប់ស្រោចស្រព។​

Advertisement

​លោក​ ហ៊ុន សុភ័ក្រ ផលិតករ​ម្រេច​កំពត​មួយ​រូប​ស្ថិតនៅភូមិ​អង្គរជ័យទី ​២ ឃុំដំណាក់កន្ទួត​ខាង​ត្បូង​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត ​បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ទិន្នផល​ម្រេច​របស់​លោក​ឆ្នាំ ២០២៦ នេះ​ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់​ធៀបនឹងឆ្នាំ ២០២៥ ។​ តាំងពីដើមឆ្នាំ ​២០២៦ មក នៅតំបន់ដាំម្រេច​ក្នុង​ខេត្ត​កំពត មិនមានភ្លៀង​កក់​ខែដូច​កាលឆ្នាំមុនទេ ហើយដូចដែលបានដឹង​ស្រាប់ ដំណាំម្រេច​ត្រូវការ​ទឹក​ច្រើន​ណាស់ បើមិនមានទឹក​គ្រប់គ្រាន់ទេ នឹងធ្វើឱ្យ​ទិន្នផលថយចុះ ហើយបើខ្វះទឹក​កាន់តែច្រើន នឹងធ្វើឱ្យម្រេច​ងាប់តែម្ដង។

លោកបានបន្តថា កាលពីឆ្នាំ ២០២៤ អាកាសធាតុ​នៅកម្ពុជា​ឡើងកម្ដៅខ្ពស់ និ​ងអូស​បន្លាយ​យូរ ធ្វើឱ្យម្រេច​របស់​លោក​ស្ទើរតែមួយ​ចម្ការ​ត្រូវ​ងាប់មិនអាច​សង្គ្រោះ​បាន បើទោះបីជា​ជីក​អណ្ដូង​ទាញទឹកពីក្នុង​ដីផង និ​ងទឹកដែល​សាកួរ​នៅក្នុងស្រះ​ផង ក៏នៅតែមិនគ្រប់​គ្រាន់ ។ ដោយឡែក​ក្នុងឆ្នាំ ២០២៦ នេះ វិញ​បើទោះ​បីជា​អាកាសធាតុមិនក្ដៅដូច​ឆ្នាំ ២០២៤​ ក្ដៅ​ តែ​ក៏បានធ្វើឱ្យប៉ះពាល់​ដល់​ទិន្នផល​ម្រេចដែរ។

លោកបានឱ្យដឹងថា៖

“ឆ្នាំ ២០២៦ នេះ តម្លៃម្រេច​កំពត​បានហក់ឡើង​មួយកម្រិតទៀត ដោយម្រេច​ខ្មៅ​អាចលក់​បានក្នុងតម្លៃ ២០ ដុល្លារអាម៉េរិក​ ម្រេច​ក្រហម​អាចលក់​បានក្នុងតម្លៃ ២៩ ​ដុល្លារអាម៉េរិក ​និង​ម្រេច​ស លក់​បានក្នុងតម្លៃ ៣២ ​ដុល្លារអាម៉េរិក​ក្នុងមួយ​គីឡូក្រាម ហើយកសិករ​ខ្លះទៀត អាចលក់​បាន​លើស​នេះ​ទៅតាម​ក្រុមហ៊ុនដែលជា​ដៃគូ។​”

លោក ​យុន បូរិន តំណា​ងសមាគម​លើ​កកម្ពស់​ម្រេ​ចខេត្តកំពត បានមានប្រសាសន៍ថា​ អាកាស​ធាតុ​ក្ដៅ ធ្វើឱ្យប៉ះពាល់ដល់ទិន្នផល​ម្រេច​កំពត ក៏ដូចជា​ដំណាំផ្សេងៗទៀត​របស់កសិករ។ សម្រាប់​ដំណាំម្រេច​ជា​ដំណាំមួយ​ដែលត្រូវការ​ទឹកគ្រប់គ្រាន់​ ជា​ប្រចាំ​ ហើយបើសិនជា​មិនមានទឹកគ្រប់គ្រាន់​ទេនោះ នឹងធ្វើឱ្យផ្លែមិនសូវ​ល្អ​ ជ្រុះផ្កា​ ផ្លែ និងមាន​ចម្ការរបស់កសិករ​ខ្លះ ដែល​ខ្វះខាតទឹក​ខ្លាំង ត្រូវ​ងាប់តែម្ដង។

លោក​បានបន្តថា ក្នុង​ឆ្នាំ ២០២៦ នេះ សមាគមនៅមិនទាន់ធ្វើសន្និធិ​ទិន្នផល​បាន​គ្រប់​គ្រាន់​នៅឡើយ ដោយ​ក្រុមការងារ​កំពុង​តាមដាន​ជាមួយ​សមាជិកថា​ តើឆ្នាំ ២០២៦ នេះ ក្នុង​សមាគមទាំង​មូល​ទទួលបានទិន្នផលប៉ុន្មាន​តោន ប៉ុន្តែគ្រាន់តែអាច​ប៉ាន់​ស្មានបានថា​ ទិន្នផលនឹងធ្លាក់ចុះ​បើធៀបនឹងឆ្នាំមុន។ ​ក្នុងពេលទិន្នផល​ធ្លាក់ចុះដូច​នេះ តម្លៃម្រេច​កំពត​បែរ​ជាទទួល​បានការឡើង​ថ្លៃជា​ងឆ្នាំមុន​បន្តិច។

លោកបានបន្ថែមថា​ ផលិតផលម្រេច​កំពត​​បាននាំចេញទីផ្សារ​តំបន់​អឺរ៉ុប​ច្រើនជាង​គេ ក្នុងប្រទេស​បារាំង​គឺជាទីផ្សារ​ធំរបស់​ម្រេច​កំពត។ ក្នុង​បរិមាណនាំចេញ​ ១០០ តោន​ កាលពីឆ្នាំ ២០២៥ កន្លងទៅ ប្រទេស​បារាំង​បានចាប់យកទីផ្សារ​ប្រមាន ៥០ តោន ឬ៥០ភាគរយ​នៃ​ការ​នាំចេញ​សរុបរបស់ម្រេច​កំពត។ ម្យ៉ាងវិញទៀត នៅក្នុងទឹកដីនៃខេត្តកំពត និងកែប ក៏មានក្រុមហ៊ុនមកពីអឺរ៉ុប​ជាច្រើន​បានចូលមកដាំដុះ វិនិយោគលើ​ដំណាំម្រេច ហើយក៏មានក្រុមហ៊ុនខ្លះ​ជោគជ័យ និងខ្លះទៀត​បរាជ័យ ។

លោកបាន​បញ្ជាក់ថា​ ក្រុមហ៊ុន​វិនិយោគ​លើ​ដំណាំខ្លះ​ គាត់មិនតស៊ូ​ក្រាញ​ននៀល​ដូចកសិករ​ទេ។ គាត់ដាក់ទុនវិនិយោគទាំងដុល បើចំណេញ គាត់នៅបន្ត​ តែបើខាត​ គាត់​ចាកចេញហើយ ខុសពីកសិករ​ដែល​បន្ត​ថែទាំដំណាំម្រេច​ដោយខ្លួនឯង ហើយកសិករ​ខ្លះដែលមាន​ទុនតិច​តួច​ក៏ជួលកម្លាំង​ពលកម្ម​ក្នុង​ជួយ​ថែទាំ យ៉ាង​ណា​កសិករ​នៅជាប់ជាមួយ​ដំណាំរបស់ខ្លួន ខុសពីក្រុមហ៊ុន​ដែលម្ចាស់ចម្ការ​យូរៗមកមើល​ម្ដង​៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា