KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី

KDIC ប្រាប់សភាកូរ៉េថា បានបញ្ចប់ការចរចារលើដំណោះស្រាយធំៗរួចរាល់ហើយលើគម្រោង កាំកូស៊ីធី

ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើរបស់សាធារណរដ្ឋកូរ៉េ (KDIC)​ បានរាយការណ៍ជូនរដ្ឋសភាកូរ៉េថា ក្របខណ្ឌទូទៅមួយត្រូវបានសម្រេចរួចរាល់ជុំវិញការទាមទារយកប្រាក់លើករណីគម្រោង «កាំកូស៊ីធី» ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសហការយ៉ាងសកម្ម ដើម្បីដោះស្រាយការទារប្រាក់ដែលនៅសេសសល់ជាង ២៣៥ប៊ីលានវ៉ុន។

តាមការរាយការណ៍នាពេលថ្មីៗនេះ គម្រោងអភិវឌ្ឍន៍កាំកូស៊ីធី ត្រូវបានបង្កើតឡើងក្នុងគោលបំណងសាងសង់អគារពាណិជ្ជកម្ម និងលំនៅឋាននៅលើផ្ទៃដីប្រមាណ ១,៣២ លានម៉ែត្រការ៉េនៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងករណីដែលកំពុងដំណើរការលើទ្រព្យសកម្មដែលមិនទាន់បញ្ចប់នេះ កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ ក្នុងអំឡុងពេលនៃការត្រួតពិនិត្យរបស់រដ្ឋសភាកូរ៉េលើក្រុមហ៊ុនសាជីវកម្មមួយនេះ ក្នុងនាមជាតំណាងរបស់សភា លោក Kang Jun-hyun បានសាកសួរអំពីស្ថានភាពនៃទ្រព្យសកម្មរបស់គម្រោងមួយនេះ ដែលមិនទាន់ត្រូវបានទាញយកមកវិញ (មានទឹកប្រាក់ដើមចំនួន ២៣៥ ពាន់លានវ៉ុន ឬជាង ១៧៧ លានដុល្លារអាមេរិក) ហើយទ្រព្យសកម្មទាំងនេះមានជាប់ពាក់ព័ន្ធនឹងករណីធនាគារសន្សំ Busan (Busan Savings Bank)។

ជាមួយនឹងសំណួរ និងចម្ងល់នៅក្នុងវេទិកាមួយនេះ ក្រុមហ៊ុនសាជីវកម្មមួយនេះបានឆ្លើយតបថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចនៅក្នុងក្របខ័ណ្ឌទូទៅ ប៉ុន្តែការពិភាក្សាលម្អិតកំពុងបន្តធ្វើឡើងពាក់ព័ន្ធនឹងវិធានការការពារ (ដូចជាទ្រព្យបញ្ចាំ និងធានាការទូទាត់) សម្រាប់ការសងត្រឡប់ជាដំណាក់កាលក្នុងរយៈពេល ៣ ឆ្នាំ។

យោងតាមវីដេអូមួយដែលបានបង្ហាញក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយជាតិ ករណីគម្រោងកាំកូស៊ីធីនៅក្នុងប្រទេសកម្ពុជានេះ ត្រូវបានគេដកចេញដោយឡែកពីបញ្ជីនៃទ្រព្យសកម្មប្រភេទ PF (Project Financing) ចំនួន ៧ ទាំងក្នុង និងក្រៅប្រទេស ដែលមិនអាចទារត្រឡប់មកវិញបានរបស់សាជីវកម្មធានាប្រាក់បញ្ញើ KDIC។

ជាមួយនឹងដំណោះស្រាយដែលកំពុងតែរង់ចាំ រហូតមកដល់ពេលនេះ ការពិគ្រោះយោបល់បានសម្រេចលទ្ធផលកម្រិតមួយទាក់ទងនឹងទិសដៅរួមនៃការស្តារឡើងវិញ។ ទន្ទឹមនឹងនេះ សម្រាប់ការសម្របសម្រួលលើលក្ខខណ្ឌលម្អិត ភាគីម្ខាងទៀតបានស្នើលក្ខខណ្ឌមួយគឺការបង់ប្រាក់ជាដំណាក់កាលៗក្នុងរយៈពេលប្រហែល ៣ ឆ្នាំ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រសិនបើការទូទាត់ត្រូវធ្វើឡើងជាដំណាក់កាលៗក្នុងរយៈពេល ៣ ឆ្នាំ នោះ KDIC តម្រូវឱ្យមានវិធានការការពារជាក់លាក់ ដូចជា ទ្រព្យធានា ឬការធានាលើការទូទាត់ ដើម្បីធានាឱ្យបាននូវការទទួលបានប្រាក់ត្រឡប់មកវិញដោយសុវត្ថិភាព។ ជាសញ្ញាវិជ្ជមាន ភាគីពាក់ព័ន្ធនៅក្នុងករណីនេះ បានបញ្ជូនមតិយោបល់របស់ខ្លួនរួចរាល់ ដែលបច្ចុប្បន្នកំពុងរង់ចាំការឆ្លើយតប។

ជាចុងក្រោយ លោកតំណាងសភា​Kang Jun-hyun បានជំរុញឱ្យប្រធានស្ថាប័ន KDIC ត្រួតពិនិត្យករណីនេះដោយផ្ទាល់ ដើម្បីធានាថា ដំណើរការនេះប្រព្រឹត្តទៅដោយរលូន ដោយសារវាពាក់ព័ន្ធនឹងទឹកប្រាក់ចំនួនច្រើន។

ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំឱ្យមានការរាយការណ៍ជូនការិយាល័យរបស់លោក អំពីស្ថានភាពនៃទ្រព្យសកម្មដែលមិនទាន់បានដោះស្រាយមកវិញ ព្រមទាំងផែនការសម្រាប់ការស្វែងរកទ្រព្យសកម្មទាំងនោះមកវិញនៅពេលអនាគត។

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

អ្នកនាង យ៉ាត់ ម៉ាឡៃ | Mrs. YAT Malai

<p class="p1">ជីវប្រវត្តិ៖ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមានបទពិសោធន៍ជិត៤ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន អ្នកនាងជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy</p>

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា