សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ភ្នំពេញ ៖ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាល​បន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា។

Advertisement

កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ ដោយផ្តោតលើការវាយតម្លៃ​វឌ្ឍនភាពនៃ​ការ​អនុវត្ត​កម្មវិធី និង​ការកែលម្អយន្តការសម្របសម្រួល ដើម្បីធានាប្រសិទ្ធភាព និងផលវិជ្ជមានកាន់តែខ្ពស់សម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច​ និងមធ្យម។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖

«ខណៈដែលកម្ពុជាកំពុងខិតខំជំរុញបរិវត្តកម្ម សេដ្ឋកិច្ច សហគ្រិនភាពដើរតួកាន់តែសំខាន់ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់កំណើនសេដ្ឋកិច្ច។ យើងត្រូវបន្តសហការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីឱ្យសហគ្រិនកម្ពុជា អាចប្រែក្លាយគំនិតទៅជាសហគ្រាសដែលមានសមត្ថភាពប្រកួតប្រជែង»។

ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានពិភាក្សា និងអនុម័តទិសដៅការងារដូចខាងក្រោម៖

  • ពង្រីកការគាំទ្រសហគ្រិនភាពទៅកាន់បណ្តាខេត្ត និងត្រៀមសហគ្រិនសម្រាប់ដំណាក់កាលថ្មីនៃការ អភិវឌ្ឍសេដ្ឋកិច្ច៖ សហគ្រិនខ្មែរ បន្តពង្រីកការអភិវឌ្ឍសមត្ថភាពសហគ្រិន តាមរយៈការបណ្តុះបណ្តាល ការ​ផ្តល់​ប្រឹក្សាបច្ចេកទេស ការលើកកម្ពស់ចំណេះដឹងឌីជីថល និងបញ្ញាសិប្បនិម្មិត ដល់សហគ្រិន​នៅតាម ​បណ្តា​ខេត្ត។ ទន្ទឹមនឹងនេះ កម្មវិធីសហគ្រិនវិទ្យាល័យ និងកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានពង្រីក​ទៅ ​កាន់១៧៥ វិទ្យាល័យ-គ្រឹះស្ថានឧត្តមសិក្សាទូទាំង ២៥ រាជធានី-ខេត្ត ដោយផ្តល់ឱកាសដល់ សិស្ស-និស្សិត​ចូល​រួមបង្ហាញគំនិតអាជីវកម្ម។ 
  • ពង្រឹងតួនាទីជាដៃគូយុទ្ធសាស្ត្រក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព៖ សហគ្រិនខ្មែរ បន្តពង្រឹងកិច្ច​សហ​ការ រវាងស្ថាប័នសាធារណៈ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍។ តាមរយៈកម្មវិធីមគ្គទេសក៍ ធុរកិច្ចខ្មែរ ក្រោមកិច្ចសហការជាមួយដៃគូនៅកូរ៉េខាងត្បូង និងប្រទេសស្វីស ធុរកិច្ចថ្មីចំនួន ៧ ទទួល​បាន​ ឱកាសឈានចូលដំណាក់កាលពិនិត្យសក្តានុពលវិនិយោគ (investment due diligence) សម្រាប់ចូល ទៅ​កាន់​ទីផ្សារអន្តរជាតិនៅប្រទេសសិង្ហបុរី និង​ទទួល​បានទុនវិនិយោគដំណាក់កាលដំបូង។ កម្មវិធី​នេះជា​ ផ្នែក​មួយនៃការអនុវត្តផែនទីបង្ហាញផ្លូវ​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិនភាពកម្ពុជា ២០២៥-២០៣៥ ដែល​ សហគ្រិន​ខ្មែរ សហការជាមួយដៃគូពាក់ព័ន្ធជាច្រើន កំពុងជំរុញការអនុវត្ត និងកំណត់អាទិភាពដើម្បីពង្រឹង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា។
  • ពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរទាំងក្នុងស្រុក និងអន្តរជាតិ៖ សហគ្រិនខ្មែរ បន្តគាំទ្រសហគ្រិន ក្នុងការពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពប្រកួតប្រជែង។ តាមរយៈកិច្ចសហការជាមួយនឹងផ្សារទំនើប អ៊ីអន សហគ្រិនខ្មែរ បានរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកដែលមាន ១១២ សហគ្រាស ចូលរួមតាំង បង្ហាញផលិតផលចំនួន ៩៤៦ មុខ។ សហគ្រិនខ្មែរ ក៏បន្តផ្សព្វផ្សាយផលិតផលខ្មែរទៅកាន់ទីផ្សារ អន្តរជាតិ តាមរយៈថ្នាលឌីជីថល ដើម្បីបង្កើនការទទួលស្គាល់ និងពង្រីកឱកាសទីផ្សារបន្ថែមទៀត។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ​ ប្រតិភូរាជរដ្ឋាភិបាល និងទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា៖

«ការអភិវឌ្ឍសហគ្រិនភាព មិនអាចផ្តាច់ចេញពីការពង្រឹងយុទ្ធសាស្រ្តអាជីវកម្ម និងគុណភាព របស់ផលិតផល។ តាមរយៈការពង្រីកការគាំទ្រសម្រាប់សហគ្រិន ការពង្រឹងភាពជាដៃគូក្នុងប្រព័ន្ធ អេកូ​ឡូ​ស៊ី និងការបង្កើតឱកាសទីផ្សារ អាជីវករអាចបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតផលខ្មែរឱ្យ កាន់តែ​មានការទទួលស្គាល់ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ»។

ក្នុងកិច្ចប្រជុំលើកទី២០នេះ ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបន្តផ្តល់ការគាំទ្រ និងផ្តល់ទិសដៅ អាទិភាព សម្រាប់​សហ​គ្រិន​ខ្មែរ ក្នុងការពង្រឹងប្រសិទ្ធភា​ពនៃការអនុវត្តកម្មវិធី ពង្រីកកិច្ចសហការជាមួយដៃគូ ពាក់ព័ន្ធ និងជំរុញការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ីសហគ្រិនភាពឱ្យកាន់តែរឹងមាំ។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា