មាន់​ស្រែ​ខ្មែរ​មានទីផ្សារនិងតម្លៃល្អ ក្រោយការបិទព្រំដែនរវាងកម្ពុជា-ថៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាន់​ស្រែ​ខ្មែរ​មានទីផ្សារនិងតម្លៃល្អ ក្រោយការបិទព្រំដែនរវាងកម្ពុជា-ថៃ​

មាន់​ស្រែ​ខ្មែរ​មានទីផ្សារនិងតម្លៃល្អ ក្រោយការបិទព្រំដែនរវាងកម្ពុជា-ថៃ​

ភ្នំពេញ ៖ ចាប់តាំងពីប្រទេសថៃ បាន​បិទព្រំដែនជា​ឯកតោភាគី ការនាំចូលទំនិញពីប្រទេសថៃ ចូលមកកម្ពុជាក៏បានធ្លាក់​ចុះយ៉ាង​គំហុ​ក ក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានប្រកាស​បិទការ​នាំចូល​ទំនិញមួយចំនួនពីប្រទេសថៃដូចជា​បន្លែ ផ្លែឈើ និងត្រីសាច់​ជាដើម​ និងជាឱកាស​ល្អមួយសម្រាប់អ្នកផលិតក្នុងស្រុក ជាក់ស្ដែង ​មាន់ស្រែរបស់កសិករកម្ពុជា​បាននិងកំពុង​មានទីផ្សារ​ និងតម្លៃល្អ។

Advertisement

លោកស្រី ​​គួន អូន ប្រធាន​សហគមន៍​មាន់ស្រែធម្មជាតិ​សុវត្ថិភាព នៅភូមិ​ជ្រៃខាង​ត្បូង​ នៅឃុំកៀន​សង្កែ ស្រុក​សូទ្រ​និគម ខេត្ត​សៀមរាប​ បានមានប្រសាសន៍ថា ជាការកត់សម្គាល់ ចាប់តាំងពី​ប្រទេសថៃបិទព្រំដែន ហើយកម្ពុជា​ប្រកាស​ឈប់​នាំចូល​បន្លែ ផ្លែឈើ ត្រីសាច់ពីប្រទេសថៃ ឃើញថា តម្លៃមាន់ស្រែរបស់កសិករ​ក្នុងសហគមន៍​របស់អ្នកស្រីបានកើនឡើង​ខ្ពស់ជាងមុន ហើយមិនខ្វះអ្នកទិញទេ។

អ្នកស្រីបានបន្តថា​ មុនពេលបិទព្រំដែន តម្លៃមិនសូវខ្ពស់ប៉ុន្មានទេ ហើយឈ្មួញក៏មក​ទិញយូរៗម្ដងដែរ ប៉ុន្តែពេលបិទព្រំដែន  មានឈ្មួញជាច្រើន​បាន​មក​ទិញមាន់ស្រែពីកសិករ ដោយ​ផ្ដល់តម្លៃខ្ពស់ជាង​មុន​ផងដែរ ​ធ្វើឱក្យកសិករ​រីករាយ​ក្នុងការ​បង្កបង្កើនផល​ ចិញ្ចឹមមាន់បន្ថែម។ ទោះបីជា​យ៉ាងណា​ ក៏សកសិករ​​មួយចំនួនមិនមាន​ពូជគ្រ់គ្រាន់​សម្រាប់​ចិញ្ចឹមទេ ដូច្នេះ ​ខាងសហគមន៍​អ្នកស្រីបាន​ទៅស្វែងរក​ពូជ​មាន់ស្រែពីតំបន់ផ្សេងៗមក​ចិញ្ចឹម​ដើម្បីផ្គត់ផ្គង់លើទីផ្សារ។

អ្នកស្រី បានបន្ថែមថា ក្នុងឆ្នាំ២០២៤ សហគមន៍របស់អ្នកស្រី ប្រមូលទិញមាន់ស្រែ​ និងលក់ឱ្យឈ្មួញសរុបបានចំនួន​ ជាង ៧ តោន តែដល់ឆ្នាំ ២០២៥​ ដោយសារតែកង្វះពូជ សហគមន៍បានប្រមូលទិញមាន់ស្រែពីកសិករ​បានតែ ជាង​ ៤ តោន​ប៉ុណ្ណោះ ស្របនឹង​តម្រូវការ​លើទីផ្សារ​កើនឡើង​ខ្ពស់។

លោក ​ឡុច សាន់ កសិករ​គំរូ ក្នុងស្រុកសូទ្រ​និគម ខេត្ត​សៀមរាប ក៏បានឱ្យដឹងថា ក្រោយពេល​បិទព្រំដែន ដោយសារតែជម្លោះព្រំដែន​រវាង​កម្ពុជាថៃ  លោក​កត់សម្គាល់​ទីផ្សារ​មាន់​ស្រែហក់ឡើង​ខ្ពស់ រហូតដល់រូប​លោកក៏ដូចជាកសិករ​ក្នុងភូមិដែលចិញ្ចឹម​មាន់​ស្រែដែរ​នោះ មិនមានមាន់​គ្រប់គ្រាន់ផ្ដល់ជូន​ឈ្មួញ។​

បើតាមលោក ​ឡុច សាន់ ​របរ​កសិកម្ម​​រាង​ហត់បន្តិចតែមានសេរីភាព និងអាច​រក​ចំណូល​បានស្រួល​ ជាក់ស្ដែង ​លោក​ជា​កសិករ​ចិញ្ចឹម​មាន់​ផង ចិញ្ចឹម​កង្កែបផង ត្រីអណ្ដែងផង ដាំបន្លែផង និង​ទទួល​ទិញ​កសិផលពីកសិករក្នុងសហគមន៍​ដូច្នេះក្នុងមួយឆ្នាំៗ លោកអាចរក​ចំណូល​បានគួរ​សម​សម្រាប់ផ្គត់ផ្គង់​គ្រួសារ។

ចំណែក​លោក ប៉ូ កសិករ​ចិញ្ចឹម​មាន់​ស្រែនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញព័ត៌មាន ​AMS ឱ្យដឹងថា​​ វាជាការ​ពិត ក្រោយពេល​បិទព្រំដែន​ជាមួយប្រទេសថៃ ហើយរដ្ឋាភិបាលកម្ពុជា​ប្រកាស​បិទការ​នាំចូល​ទំនិញមួយចំនួនមក ទីផ្សារ​មាន់ស្រែបានកើនឡើងខ្ពស់ ដោយមានឈ្មួញដើរទិញ​មាន់ស្រែពីកសិករ​ច្រើនជាងមុន ជាមួយ​នឹង​តម្លៃ​ក៏រខ្ពស់ជាង​មុន​បន្តិចដែរ។

លោក​បានបន្តថា កាលមុនពេល​បិទព្រំដែន មាន់ស្រែដែលឈ្មួញទិញពីកសិករ​មានតម្លៃត្រឹម ​១៥០០០ រៀល ទៅ ១៦០០០ រៀល ក្នុងមួយគីឡូក្រាម តែ​ពេលបិទព្រំដែន ឃើញថា ឈ្មួញបានឱ្យ​តម្លៃខ្ពស់ជាង​មុន ដោយក្នុងមួយគីឡូក្រាម​អាច​បាន​ ១៨០០០ រៀល​ ឬខ្ពស់ជាងនេះ អាស្រ័យលើ​មាន់ល្អ ឬមិនល្អ៕​

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា