កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

កូនខ្មែរ ផលិតស្បែកហ្វ្រំាងម៉ូតូលក់ដាច់ខ្លាំង រហូតផលិតមិនទាន់

កូនខ្មែរ លោក សាន វាសនា ដែលជាអតីតជាងជួសជុលម៉ូតូម្នាក់ បានខិតខំកែច្នៃផលិតបានស្បែកហ្វ្រាំងម៉ូតូ មានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេស ពិសេស ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទូរទាំងប្រទេស រហូតផលិតលក់មិនទាន់ទៀតផង។

Advertisement

លោក សាន វាសនា ម្ចាស់សិប្បកម្មផលិតស្បែកហ្វ្រាំងម៉ូតូរូបដំរី មានទីតាំងនៅភូមិព្រែកលាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់បណ្តាញសារពត៌មាន AMS ថា លោកទើបចាប់ផ្តើមផលិតស្បែកហ្វ្រាំងម៉ូតូនេះឡើង កាលពីឆ្នាំពីឆ្នាំ២០២៤ នៅមុនអំឡុងពេលដែលកម្ពុជាបិទច្រកព្រំដែនជាមួយប្រទេសថៃកាលពីពេលថ្មី។

លោកបានថ្លែងបន្តថា ការផលិតស្បែកហ្វ្រាំងនេះឡើង ស្ថិតក្នុងបរិបទដែលពលរដ្ឋខ្មែរ ធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ និងងាកមកគ្រាំទ្រផលិតក្នុងស្រុកវិញ ហើយដោយសង្កេតឃើញថា ការនាំចូលស្បែកហ្វ្រាំងពីក្រៅប្រ​ទេសមានគុណភាពពុំសូវល្អ ប្រើប្រាស់ឆាប់សឹករិចរឹល និងមានតម្លៃថ្លៃថែមទៀតនោះ ទើបនាំ​ឱ្យមានការផលិតស្បែកហ្វ្រាំងនិងមានឆ្លាក់ត្រា «Made in Cambodia» នេះឡើង។

លោក សាន វាសនា បានឱ្យដឹងថា៖

“ដោយសារឃើញបញ្ហាស្បែកហ្វ្រាំងនាំចូលមិនសូវល្អ ទើបខ្ញុំខិតខំកែច្នៃឧបករណ៍ផលិតស្បែកហ្រ្វាំងរូបដំរី ដែលជានិម្មិតសញ្ញាស្បែកហ្វ្រាំងកូនខ្មែរ «Made in Cambodia» នេះឡើង ដើម្បីលក់ជូនបងប្អូនខ្មែរប្រើប្រាស់ប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃទាបជាងស្បែកហ្វ្រាំងនាំចូលពីក្រៅប្រទេសថែមទៀត។”

លោកបានរៀបរាប់ថា ការផលិតធ្វើឡើងតាមរយៈការប្រមូលទិញស្បែកចាស់ៗ យកមកកែច្នៃឡើងវិញ តាមរយៈការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ ម៉ាស៊ីនសង្កត់កំដៅឱ្យស្បែកខាំជាប់គ្នាល្អជាមួយឆ្អឹង ដើម្បីធានានូវគុណភាព ក៍ដូចជាសុវត្ថិភាពដល់អតិថិជនជាអ្នកប្រើប្រាស់។

នៅតំណាក់កាលដំបូង ក្នុងមួយថ្ងៃ សិប្បកម្មខាងលើមានសមត្ថភាពផលិតបានរហូតដល់ ៥,០០០ គូ ប៉ុន្តែដោយសារកង្វះវត្ថុធាតុដើម ការប្រមូលទិញស្បែកហ្វ្រាំងចាស់ៗមានការធ្លាក់ចុះខ្លាំង ដោយសារកត្តានៃការប្រកួតប្រជែងពីអ្នកប្រមូលទិញផ្សេង នាំចេញទៅប្រទេសវៀតណាម ធ្វើឱ្យការផលិតមានការធ្លាក់ចុះខ្លាំងក្នុងមួយថ្ងៃផលិតបានចន្លោះពី ១,០០០ គូទៅ ២,០០០គូ​ប៉ុណ្ណោះ នៅពេលបច្ចុប្បន្នសម្រាប់ចែកចាយនៅលើទីផ្សារ។

ក្រៅពីជួបបញ្ហាប្រមូលទិញវត្ថុធាតុដើមធ្លាក់ចុះហើយនោះ ការបញ្ជាទិញសំបកវេចខ្ចប់ពីក្រៅប្រទេស ក៍ជួបបញ្ហា​​ឡើងថ្លៃខ្លាំង ដោយសារការឡើងថ្លៃនៃការដឹកជញ្ជូនផងដែរ។  ចំណែកការលក់ចេញនៅក្នុងប្រទេសមិនអាចឡើងថ្លៃច្រើននោះទេ ព្រោះថាផលិតផលខាងលើធ្វើឡើងក្នុងលក្ខខណ្ឌមួយលក់ចេញក្នុងតម្លៃសមរម្យ​ ជូនទៅដល់ប្រជាពលរដ្ឋខ្មែរ។ លោក សាន វាសនា និយាយថា៖

“សម្រាប់តម្លៃបោះដុំ ១០០ គូរលក់ត្រឹមតែ ៥៥ ម៉ឺនរៀលប៉ុណ្ណោះ ហើយយកច្រើនជាងនេះ នឹងមានការបញ្ចុះតម្លៃថែមទៀត ពិសេសនោះមានការធានាត្រឹមត្រូវ បើប្រើមិនកើត គឺប្តូរជូនវិញ។ បើលក់មិនដាច់សិប្បកម្មយើងធានាទិញចូលវិញក្នុងតម្លៃដើម។”

លោកថា ដោយជូបបញ្ហាលំបាកក្នុងការទិញចូលឆ្អឹងស្បែកហ្រ្វាំងចាស់ៗនេះ លោកបានសម្រេចចិត្តទិញដែកដឺរ៉ាថ្មី ឬមួយទឹកក យកមកស្លចាក់ផលិតចេញជាផលិតផលថ្មីតែម្តង ប៉ុន្តែការធ្វើដូច្នេះត្រូវការចំណាយពេលយូរ និងចំណាយថ្លៃដើមផលិតខ្ពស់ជាងការទិញឆ្អឹងស្បែកប្រាំងចាស់ៗមកផលិតថ្មី។

សូមបញ្ជាក់ថា លោក សាន វាសនា មិនបានរៀនជំនាញពីក្រៅប្រទេសនោះទេ  ដោយសារការស្រលាញ់ មានចំណង់ចំណូលចិត្ត មានភាពច្នៃប្រឌិត និងមានដុងពីកំណើតផងនោះ លោកបានខិតខំកែច្នៃផលិតស្បែកហ្វ្រាំងនេះឡើងងរហូតបានជោគជ័យ រួមចំណែកផ្តល់ការងារដល់កូនខ្មែរបានមួយចំនួនទៀតផង។

សិប្បកម្មខាងលើ មិនត្រឹមតែផលិតស្បែកហ្វ្រាំងម៉ូតូមួយមុខប៉ុណ្ណោះទេ ប៉ុន្តែរួមមានគ្រឿងបន្លាស់ផ្សេងៗដូចជា កៅស៊ូឈ្នាន់ ស្បែកដុំក្នុងម៉ាស៊ីនសម្រាប់ម៉ូតូអូតូ និងចង្គឹះលេខ និងមានមហិច្ឆិតាផលិតពោះវៀនម៉ូតូទៅថ្ងៃអនាគតទៀតផង៕

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

លោក វិន ឈុនហ៊ាត ​| Mr. VEN CHHUNHAET

ជីវប្រវត្តិ: បញ្ចប់ថ្នាក់បរិញ្ញប័ត្រគ្រប់គ្រងពាណិជ្ជកម្ម។ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៧ឆ្នាំ រួមមានកាសែត វិទ្យុ ទស្សនាវដ្តី ទូរទស្សន៍ និងគេហទំព័រ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច នៅស្ថាប័នពត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា