មន្ទីរពេទ្យខ្មែរ អ៊ីនធ័រឃែរ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រម៉ាឡេស៊ី សាន់វេ ចុះ MoU ដើម្បីលើកកម្ពស់ការថែទាំសុខភាពនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរពេទ្យខ្មែរ អ៊ីនធ័រឃែរ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រម៉ាឡេស៊ី សាន់វេ ចុះ MoU ដើម្បីលើកកម្ពស់ការថែទាំសុខភាពនៅកម្ពុជា

មន្ទីរពេទ្យខ្មែរ អ៊ីនធ័រឃែរ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រម៉ាឡេស៊ី សាន់វេ ចុះ MoU ដើម្បីលើកកម្ពស់ការថែទាំសុខភាពនៅកម្ពុជា

ភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសុខាភិបាល៖ មន្ទីរពេទ្យខ្មែរ អ៊ីនធ័រឃែរ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រម៉ាឡេស៊ី សាន់វេ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់ការថែទាំសុខភាពនៅកម្ពុជា

Advertisement

ភ្នំពេញ ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វេ (Sunway Medical Centre) ដែលជាផ្នែកមួយនៃក្រុមហ៊ុន សាន់វេ ហ៊ែលឃែរ គ្រុប (Sunway Healthcare Group) របស់ប្រទេសម៉ាឡេស៊ី និងមន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងសេវាថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយ ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប (Canadia Integrated Group) និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ និងលោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងក្រុមហ៊ុន Sunway Healthcare Group ក្រោមវត្តមានរបស់ឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ភាពជាដៃគូនេះនឹងផ្តោតលើជំនាញសំខាន់ៗ រួមមាន វេជ្ជសាស្ត្រកុមារ (Pediatrics), ផ្នែកវះកាត់ឆ្អឹង (Orthopedics), ជំងឺមហារីក (Oncology), ការថែទាំភ្នែក (Eye Care) និងសេវាមន្ទីរពិសោធន៍ (Laboratory Services) ដោយផ្តោតលើការកែលម្អដំណើរការព្យាបាល និងដំណើរថែទាំអ្នកជំងឺរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។ តាមរយៈកិច្ចសហការជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វេ ដែលត្រូវបានចាត់ចំណាត់ថ្នាក់ជាមន្ទីរពេទ្យមួយក្នុងចំណោម ២៥០ មន្ទីរពេទ្យដែលល្អជាងគេនៅជុំវិញពិភពលោកដោយ «Newsweek» និងជាមន្ទីរពេទ្យលេខ ១ នៅប្រទេសម៉ាឡេស៊ី។ មន្ទីរពេទ្យ អ៊ីនធ័រឃែរ មានគោលបំណងផ្តល់ជូនអ្នកជំងឺនូវសេវាថែទាំសុខភាពកាន់តែប្រសើរឡើងក្នុងការពិគ្រោះយោបល់ឯកទេស ការថែទាំដែលមានការសម្របសម្រួល និងជម្រើសនៃការព្យាបាលកម្រិតខ្ពស់។​​

កិច្ចសហការនេះទទួលបានការគាំទ្របន្ថែមពីធនាគារ កាណាឌីយ៉ា (Canadia Bank) និងធនាគារ ប្រៃសណីយ៍កម្ពុជា (Cambodia Post Bank) ដែលជាស្ថាប័នហិរញ្ញវត្ថុសំខាន់ៗស្ថិតនៅក្រោមក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង (Canadia Investment Holding) ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុរបស់ កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប។ ធនាគារទាំងពីរនឹងចូលរួមចំណែកពង្រឹង និងគាំទ្រការរីកចម្រើនក្នុងវិស័យនានា រួមទាំងវិស័យសុខាភិបាលផងដែរ។

ជាជំហានដំបូង អតិថិជនរបស់ធនាគារ កាណាឌីយ៉ា និងធនាគារ ប្រៃសណីយ៍កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពិសេសទាក់ទងនឹងសេវាថែទាំសុខភាពដែលផ្តល់ជូននៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វេ ដោយស្របតាមគោលបំណងរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ក្នុងការផ្តល់សេវាកម្មធនាគារល្អបំផុតដល់អតិថិជនរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត Khoo Chow Huat នាយកគ្រប់គ្រងនៃ Sunway Healthcare Group បានមានប្រសាសន៍ថា៖ «អនុស្សរណៈយោគយល់នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់យើង ក្នុងការកសាងបណ្តាញសុខាភិបាលក្នុងតំបន់ដែលរឹងមាំ និងអាចទុកចិត្តបាន ដោយផ្អែកលើភាពជាដៃគូ ការគោរពគ្នាទៅវិញទៅមក និងគោលបំណងរួម។ តាមរយៈកិច្ចសហការនេះ យើងមានគោលបំណងបង្កើតលទ្ធផលដែលមានន័យ និងបំពេញតម្រូវការថែទាំសុខភាពរបស់អ្នកជំងឺ និងគ្រួសារនៅកម្ពុជាបានកាន់តែប្រសើរឡើង»។

«កិច្ចសហការរបស់យើងជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់វេ គឺលើសពីការផ្តល់ជូនអ្នកជំងឺនូវសេវាថែទាំសុខភាពទៅទៀត។ ភាពជាដៃគូនេះ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសុខាភិបាលដែលមានការតភ្ជាប់គ្នាយ៉ាងរឹងមាំ។ តាមរយៈការភ្ជាប់នូវសេវាកម្មថែទាំក្នុងស្រុកជាមួយនឹងមន្ទីរពេទ្យក្នុងតំបន់ យើងខ្ញុំអាចផ្តល់ការគាំទ្រដល់អ្នកជំងឺដែលត្រូវការការព្យាបាលកម្រិតខ្ពស់បានកាន់តែល្អប្រសើរជាងមុន ខណៈពេលដែលយើងក៏អាចពង្រឹងទំនុកចិត្តលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា»។ នេះបើតាមការលើកឡើងរបស់ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ អ៊ីនធ័រឃែរ។​

ចាប់តាំងពីឆ្នាំ ២០២០ មកមន្ទីរពេទ្យ អ៊ីនធ័រឃែរ ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) របស់ កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប បានព្យាបាលអ្នកជំងឺជាង ៧០ ០០០ នាក់រួចមកហើយ និងនាពេលបច្ចុប្បន្នបានធ្វើការជាមួយអ្នកជំនាញវេជ្ជសាស្ត្រជាង ២០០ នាក់ រួមទាំងវេជ្ជបណ្ឌិតអន្តរជាតិមួយចំនួនធំផងដែរ ដើម្បីគាំទ្រដល់ការពង្រីកសេវាកម្មរបស់ខ្លួន។ បច្ចុប្បន្នមន្ទីរពេទ្យនេះដំណើរការនៅទូទាំងរាជធានីភ្នំពេញ រួមទាំង អ៊ីនធ័រឃែរ អ៊ិចប្រេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយនឹងគម្រោងពង្រីកទៅកាន់ខេត្តសៀមរាបនៅឆ្នាំ ២០២៦។

កិច្ចសហការនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែទូលំទូលាយរវាងក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនធើហ្គ្រេធីត គ្រុប និងក្រុមហ៊ុន សាន់វេ គ្រុប (Sunway Group) ដែលបង្ហាញពីការពង្រីកកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៅក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍបន្ថែមក្នុងវិស័យផ្សេងៗទៀតនាពេលអនាគត៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា