ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

ក្រចេះ ដាក់ចេញផែនការទេសចរណ៍ ២០២៦-២០៣០ ឆ្ពោះទៅជាខេត្តគំរូនៅភូមិភាគឦសាន

​ក្រចេះ​៖​ ​ខេត្ត​ក្រចេះ​បាន​ដាក់​ឱ្យ​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ​២០២៦​-​២០៣០ ​ដោយ​កំណត់​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​មាន​គុណភាព​ ទាក់ទាញ ​និង​ប្រកួតប្រជែង​ ​ស្រប​ពេល​ខេត្ត​មាន​គោលដៅ​ក្លាយជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន​។

ផែនការ​នេះ​ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ ​និង​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ ​ហួត ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​និង​ឯកឧត្តម​ ​វ៉ា ​ថន ​អភិបាល​ខេត្ត​ក្រចេះ ​ព្រមទាំង​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​ ​តំណាង​អង្គភាព​ ​និង​មន្ទីរពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​ ​កងកម្លាំងប្រដាប់អាវុធ​ ​ប្រតិបត្តិករ​ទេសចរណ៍​ ​សហគមន៍​ទេសចរណ៍​ ​គ្រឹះស្ថាន​សិក្សា​ ​អ្នក​ផលិត​មាតិកា​ព័ត៌មាន​ ​និង​សិក្ខាកាម ​សរុប​ប្រមាណ​ ​៣០០​នាក់​។​

ថ្លែង​ក្នុង​ពិធី​នេះ​ ​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​មានប្រសាសន៍​ថា ​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ក្រចេះ​ឆ្នាំ​២០២៦​-​២០៣០ ​គឺជា​ផែនទី​បង្ហាញ​ផ្លូវ​រួម ​និង​ជា​ក្របខ័ណ្ឌ​សកម្មភាព​អនុវត្ត​ជាក់ស្តែង​ ​សម្រាប់​កៀរគរ​តួ​អង្គ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​រួមគ្នា​អភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្ត​ក្រចេះ​ឱ្យ​កាន់តែ​មាន​គុណភាព ​និង​បង្កើន​ភាព​ទាក់ទាញ​។
​ឯកឧត្តម​ ​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ ​ខេត្ត​ក្រចេះ​មាន​ចក្ខុ​វិស័យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ ​និង​វប្បធម៌ ​ព្រមទាំង​ជា​ខេត្ត​គំរូ​ដែល​មាន​ភាព​ទាក់ទាញ​ជាង​គេ​នៅក្នុង​តំបន់​ភូមិភាគ​ឦសាន​។

​ឯកឧត្តម​ ​បាន​លើកឡើង​ថា​ ​ខណៈ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​កាន់តែ​ខ្លាំង ​និង​អាកប្បកិរិយា​របស់​ភ្ញៀវ​ទេសចរ​កាន់តែ​ផ្លាស់ប្តូរ​ ​ខេត្ត​ត្រូវ​បន្ត​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ កែ​លម្អ​ ​និង​ពង្រឹង​គុណភាព​សេវាកម្ម ​បង្កើន​ភាព​ទាក់ទាញ ​និង​ពង្រឹង​សន្តិសុខ​ ​សុវត្ថិភាព​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​ជំនាន់​ថ្មី ​និង​អាច​ប្រកួតប្រជែង​ជាមួយ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ក្នុង​តំបន់​ ​និង​ពិភពលោក​។

​ជា​ផ្នែក​សំខាន់​នៃ​ការ​អនុវត្ត​ផែនការ​ ​លោក​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​អនុសាសន៍​ចំនួន​៤ រួម​មាន​ ​ការ​បន្ត​ច្នៃប្រឌិត ​និង​បង្កើត​ទីតាំង​ដែល​មាន​អត្តសញ្ញាណ​របស់​ខេត្ត ​ព្រមទាំង​ពិនិត្យ​លទ្ធភាព​ប្រើប្រាស់​ទីតាំង​ ​ឬ​លំហ​សាធារណៈ​ដែល​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​ពេញលេញ ​ដើម្បី​បង្កើត​ជា​ផលិតផល​ ​និង​បទពិសោធន៍​ទេសចរណ៍​ថ្មី​ៗ​។

​អនុសាសន៍​ទី​២ ​គឺ​ការ​រៀបចំ​និទាន​កថា​ ​(​Story Telling​)​ ​នៅ​តាម​ទីតាំង​ទេសចរណ៍​ដែល​មាន​សក្ដានុពល ​ដោយ​ផ្តោត​លើ​ប្រវត្តិសាស្ត្រ​ ​វប្បធម៌​ ​ស្ថាបត្យកម្ម ​ជីវភាព​រស់នៅ​ ​អាហារ​ ​និង​លក្ខណៈ​ពិសេស​របស់​ទីតាំង ​ដើម្បី​ផ្តល់​បទពិសោធន៍​ ​និង​អារម្មណ៍​ខុសប្លែក​ដល់​ភ្ញៀវ​ទេសចរ​។

​អនុសាសន៍​ទី​៣ ​គឺ​ការ​បង្កើត​ ​Branding ​របស់​ខេត្ត​ក្រចេះ​ ​ដោយ​ផ្តោត​លើ​ការ​កសាង​ម៉ាក​គោលដៅ​ទេសចរណ៍​ដែល​មាន​អត្តសញ្ញាណ​ពិសេស ​និង​អាច​ដក់​ជាប់​ក្នុង​ការ​ចងចាំ​របស់​ភ្ញៀវ​ទេសចរ​។ ​ចំណែក​អនុសាសន៍​ទី​៤ ​គឺ​ការ​ពិនិត្យ​លទ្ធភាព​បង្កើន​សកម្មភាព​ទេសចរណ៍​នា​ពេល​រាត្រី ​ដើម្បី​ពន្យារ​ពេល​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​។

​ក្នុង​ពិធី​នេះ​ដែរ​ ​ឯកឧត្តម​ ​រដ្ឋមន្ត្រី​បាន​អបអរសាទរ​សិក្ខាកាម​ចំនួន​ ៥​១ រូប ​ដែល​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​វគ្គ​បណ្ដុះបណ្ដាល​សេវាកម្ម​ម្ហូប​អាហារ​ ​និង​ភេសជ្ជៈ​ ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​មគ្គុទេសក៍​ទេសចរណ៍​ដល់​សហគមន៍​ទេសចរណ៍​កោះ​ទ្រង់​ ​និង​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្គោល​លើ​ជំនាញ​សេវាកម្ម​ម្ហូប​អាហារ​ ​និង​ភេសជ្ជៈ​ ​និង​ជំនាញ​គេហកិច្ច​។​

​ឯកឧត្តម​ ​បាន​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​យក​ចំណេះដឹង​ ​និង​ជំនាញ​ដែល​ទទួល​បាន​ទៅ​អនុវត្ត​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ ​និង​សហគមន៍​រៀង​ៗ​ខ្លួន​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​ ក្រម​សីល​ធម៌​ ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ​និង​បន្ត​ពង្រឹង​សមត្ថភាព​ជា​ប្រចាំ​ ​ស្រប​តាម​ទស្សនទាន​ ​«​មនុស្ស​ម្នាក់ ជំនាញ​មួយ​ ​សេវា​មួយ​ ​ស្តង់ដាមួយ​»​។

​ជាមួយគ្នា​នេះ​ ​ផែន​ការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ក្រចេះ​ក៏​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​បរិបទ​ដែល​ខេត្ត​កំពុង​ទទួល​បាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​តំបន់​ឦសាន​។

​ក្នុង​ឱកាស​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៣​ ​កំណាត់​ផ្លូវ​ខេត្ត​លេខ​៣៧៧ ​និង​ផ្លូវ​ខេត្ត​លេខ​៣៧៧​A ប្រវែង​សរុប​ ៩៨​,​៤០៥ ​គីឡូម៉ែត្រ​ ​ក្នុង​ខេត្ត​ក្រចេះ កាលពី​ខែ​សីហា​ ​សម្ដេច​មហា​បវរធិបតី​ ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​លើកឡើង​ថា​ ​ក្រចេះ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​តំបន់​ទិស​ឦសាន​ទាំង​៤ ​ដែល​មាន​សក្ដានុពល​ច្រើន​។

​ស​ម្ដេច​បាន​លើកឡើង​ពី​សក្ដានុពល​របស់​ក្រចេះ​លើ​តំបន់​រាប ​ផ្ទៃដី​សម្រាប់​ឧស្សាហកម្ម​ ​តំបន់​ភ្នំ ​និង​ធនធាន​ធម្មជាតិ​ ​ព្រមទាំង​សក្ដានុពល​ដែល​អាច​ភ្ជាប់​គ្នា​ជាមួយ​ខេត្ត​ស្ទឹងត្រែង​ ​រតនគិរី​ ​និង​មណ្ឌលគិរី ​ជាពិសេស​លើ​វិស័យ​ទេសចរណ៍​។

ស​ម្ដេច ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ផងដែរ​ថា​ ​ក្រចេះ​ជា​តំបន់​តភ្ជាប់​សំខាន់​មួយ ​ហើយ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ឦសាន​៕

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា