ក្រុមហ៊ុន KWSH ៖ ជួយលើកស្ទួយសុខុមាលភាពពលរដ្ឋកម្ពុជាតាមរយៈការ​ផ្គត់ផ្គង់ទឹកស្អាត​ទៅតាមទីជនបទ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន KWSH ៖ ជួយលើកស្ទួយសុខុមាលភាពពលរដ្ឋកម្ពុជាតាមរយៈការ​ផ្គត់ផ្គង់ទឹកស្អាត​ទៅតាមទីជនបទ

ក្រុមហ៊ុន KWSH ៖ ជួយលើកស្ទួយសុខុមាលភាពពលរដ្ឋកម្ពុជាតាមរយៈការ​ផ្គត់ផ្គង់ទឹកស្អាត​ទៅតាមទីជនបទ

​ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងពន្លឿន​ការពង្រីកការផ្គត់ផ្គង់​ទឹកស្អាតនៅតំបន់ទីក្រុង និងទីប្រជុំ​ជន​របស់កម្ពុជាឱ្យបាន ១០០ភាគរយនៅឆ្នាំ២០២៥។ នេះបើយោងតាមផែនការយុទ្ធសាស្ត្រជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់​អនាម័យ​នៅតាមជនបទឆ្នាំ២០១៤-២០២៥។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានគូសបញ្ជាក់កាលពីឆ្នាំ២០២៣​ ថា ការប្រើប្រាស់​ទឹកស្អាតនៅទូទាំងប្រទេសកំពុង​កើនឡើង​គួរឱ្យកត់សម្គាល់ដោយគ្រប​ដណ្តប់​ប្រហែល ១.២ លានគ្រួសារ កើនឡើង ៥៣.៨ ភាគរយ​បើធៀប​នឹងចំនួន ៧៨០ ០០០ គ្រួសារក្នុងឆ្នាំ២០១៨។

ដោយឡែក សម្ព័ន្ធក្រុមហ៊ុនទឹកស្អាតខ្មែរ ឬ Khmer Water Suply Handling ដែលបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងនាមជាក្រុមហ៊ុនមួយផ្ដោត​លើការផ្គត់ផ្គង់​ទឹកស្អាត​នៅតំបន់​ពាក់កណ្តាលទីក្រុង និងជនបទ។

ជាផ្នែកមួយក្នុងការចូលរួមជំរុញផែនការរបស់រដ្ឋាភិបាល ក្រុមហ៊ុនមួយនេះបង្កើតឡើងក្នុងគោលបំណងបង្កើនលទ្ធភាពទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជានៅតាមជនបទ និងលើកកម្ពស់ការផ្ដល់ដំណោះស្រាយទឹកស្អាតប្រកបដោយនិរន្តរភាព​សម្រាប់អ្នកដែល​មិនមាន​លទ្ធភាព។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបាន និងកំពុងផលិត និងចែកចាយទឹកស្អាតតាមបំពង់ទុយោជូនប្រជាពល​រដ្ឋកម្ពុជាជិត ២០មុឺននាក់ រួមទាំងរោងចក្រឧស្សាហកម្មមួយចំនួន ក្រោមមហិច្ឆតា​សម្រេចឲ្យបាននូវការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនជាងកន្លះលាន​នាក់នៅប៉ុន្មានឆ្នាំ​ខាងមុខ​ផងដែរ។

ក្រុមហ៊ុន Khmer Water Suply Handling (KWSH) បានពង្រីកស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតចំនួន ៥ ដែលមានទីតាំងនៅតាមបណ្ដាខេត្តដូចជា ព្រៃវែង សៀមរាប ក្រចេះ និងតាកែវជាដើម ដែលតំបន់ទាំងនោះសុទ្ធសឹងតែជាតំបន់ដែលមិនមានទឹកស្អាតប្រើប្រាស់។

នៅតំបន់ខ្លះទៀត ប្រជាជនមានទឹកសម្រាប់ប្រើប្រាស់ ប៉ុន្តែទឹកនោះមិនមែនជាទឹកស្អាត ពោលគឺ​ជាទឹកដែលមានសារធាតុមិនល្អនៅលាយឡំ ដែលវាអាចបង្កជាហានិភ័យចំពោះសុខភាព អ្នកបរិភោគ ហើយដើម្បីធានានូវគុណភាពទឹកដែលខ្លួនបានផ្គត់ផ្គង់ទៅកាន់ប្រជាពលរដ្ឋ ក្រុមហ៊ុនក៏តែងមានការត្រួតពិនិត្យ និងធ្វើតេស្តគុណភាពទឹកជាប្រចាំផងដែរ។

ជារួមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនខាងលើ គឺជាការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងគុណភាព​ជីវិតរបស់គ្រួសារ​ជន​​បទក្នុងប្រទេស​កម្ពុជាតាមរយៈការផ្តល់នូវទឹកស្អាតដែលមានសុវត្ថិភាព​សម្រាប់ការទទួលទាន មានអនាម័យ និងកាត់បន្ថយជំងឺផ្សេងៗដែលកើតចេញពីប្រភពទឹក។

គួរបញ្ជាក់ថា ក្រុមហ៊ុន KWSH ជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មទាំង ១៨ ដែលបានជាប់ជាអាជីវកម្មបរិយាបន្ន ដោយអាជីវកម្មនេះបានរួមចំណែកជួយដល់សុខមាលភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយដល់សេដ្ឋកិច្ចជាតិជារួមផងដែរ។

បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជាបាន និងកំពុងជំរុញអាជីវកម្មទូទៅឱ្យក្លាយទៅជាប្រភេទអាជីវកម្មបរិយាបន្ន ដើម្បីជាផ្នែកមួយក្នុងការ​ជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅសម្រេចបានគោលដៅក្លាយ​ជាប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

កញ្ញា សាន ស្រីនិច | Ms. San Sreynich

កញ្ញា សាន ស្រីនិច | Ms. San Sreynich

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា