តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៦នេះ តម្លៃនៅកណ្ដាលក្រុង​ភ្នំពេញ​ដែលសំដៅលើតំបន់​បឹង​កេង​កង និង​តំបន់​មួយ​ចំនួនក្នុង​ខណ្ឌដូនពេញ បន្ត​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀតបន្ទាប់​ពី​បានធ្លាក់​ចុះជា​បន្ត​បន្ទាប់តាំងពីឆ្នាំ២០២០ ។ នេះ បើតាមរបាយការណ៍​តម្លៃ​ដី​ធ្លី​ចេញ​ផ្សាយ​ដោយ​សមាគមអ្នក​វាយត​ម្លៃ និ​ងភ្នាក់ងា​រអចលនវត្ថុ​កម្ពុជា (CVEA) ។

បើ​តាម​របា​យ​ការណ៍របស់​សមាគម​អចលនវត្ថុមួយនេះ បានបង្ហាញ​ឱ្យឃើញថា កាលពីឆ្នាំ២០២៥ កន្លងទៅ ដីធ្លី​នៅក្នុងតំ​បន់មួយ​ចំនួនក្នុង​ខណ្ឌបឹងកេងកងអាច​មានតម្លៃ​ដល់​ ៨ ៣០០ដុល្លារ​ក្នុ​ង​មួយម៉ែត្រការ៉េ ហើយទាបបំផុត​ក៏​ត្រឹម​ ២ ៣០០ដុល្លារអាម៉េរិក។ ជាក់​ស្ដែង​ កាលឆ្នាំ២០២៥ ​ដី​នៅ​ក្នុង​សង្កាត់​​បឹ​ង​កេង​កង​១ ដែល​​ស្ថិត​នៅតា​ម​បណ្ដោយផ្លូ​វធំ​ អាច​​មាន​តម្លៃ​​ចន្លោះពី ៤ ៤០០ដុល្លារ​ដល់ ៨ ៣០០​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ម៉ែត្រ​​ការ៉េ និងផ្លូវ​តូច​​មា​ន​តម្លៃ​ចន្លោះពី ៣៩០០ដុល្លារ​​ដល់​ ៤៥០០​ដុល្លារ​អាម៉េរិ​​កក្នុង​មួយ​ម៉ែ​ត្រ​ការ៉េ ។ សម្រាប់​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ​ចាត់​ទុក​ជា​តំបន់​ដែលមា​នត​ម្លៃដី​ទាប​ជា​ងគេក្នុង​ខណ្ឌបឹង​កេង​កង​ ​ក៏​​មាន​តម្លៃ​ចន្លោះពី ៣៥០០ដុល្លារ ដល់ ៦២០០​ដុល្លារ​អាម៉េរិក សម្រាប់​​​ដីជាប់​ផ្លូវ​ធំ ហើយចន្លោះពី​ ​២៣០០ដុល្លារដល់​ ៣៥០០ដុល្លារ​​អាម៉េ​រិក​ក្នុងមួយម៉ែត្រ​ការ៉េ សម្រាប់ទីតាំង​​នៅជាប់ផ្លូវ​តូច  ។

ដោយឡែក មក​ដល់ឆ្នាំ២០២៦នេះ តម្លៃដី​នៅ​តំបន់​ដដែលទាំង​នេះ បាន​ធ្លាក់​ចុះមួ​យ​កម្រិត​ទៀត ដូចជាតំបន់​​បឹង​កេងកង១ បាន​ធ្លាក់​ចុះម​កនៅ​ត្រឹម​​​ចន្លោះ​ពី ៤១០០ដុល្លារ​​ដល់​ ៧៨០០ដុ​ល្លារក្នុង​មួយ​ម៉ែត្រកា​រ៉េ សម្រាប់​ទីតាំង​​​នៅជា​ប់ផ្លូ​វធំ​ និង​​ចន្លោះ​ពី ៣៧០០ដុ​ល្លារ​ដល់ ៤៥០០​ដុល្លារអាម៉េរិ​ក​​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​​សម្រាប់​ទីតាំង​​នៅ​ជាប់​ផ្លូវ​​តូច ។​

ក្នុងពេលជាមួយគ្នានេះដែរ បើក្រឡេក​ទៅ​មើល​ដីធ្លីនៅតំបន់​​កណ្ដា​លក្រុង​​ភ្នំពេញ​មួយទៀត​​ គឺខណ្ឌ​​ដូន​ពេញ ក៏ឃើញថា​​បាន​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត​ដែរធៀប​​នឹ​ង​ឆ្នាំ ២០២៥ ​​កន្លងទៅនេះ ជាក់​ស្ដែង​​ កាលពី​អំឡុង​ឆមាសទី២​ ឆ្នាំ២០២៥ តម្លៃ​ដី​នៅក្នុង​សង្កាត់​​ផ្សារថ្មី​១, ផ្សារថ្មី២ និងផ្សារថ្មី​៣ ​ អាច​មានតម្លៃខ្ពស់​​ដល់ ១០ ៤០០ដុល្លារអា​ម៉េរិ​ក​ក្នុងមួយ​កា​រ៉េ តែដល់​ឆ្នាំ២០២៦ ក្នុងអំឡុង​ឆមាសទី១ តម្លៃ​នៅ​ក្នុងស​ង្កាត់​ទាំង​ ៣ នោះ បាន​ធ្លាក់​នៅ​ត្រឹម​​តែ ៨ ៨០០​ដុល្លារ​អាម៉េរិ​កក្នុ​ងមួយ​ម៉ែ​ត្រកា​រ៉េ ​។​

បើ​តាម​អ្នកស្រី​ អាន សុ​ធី​តា ​នា​យិ​កាក្រុ​​មហ៊ុ​ន​អ​ច​ល​ន​ទ្រ​ព្យ ​Prop​Nex Cambodia បាន​មាន​ប្រសាសន៍ថា​ មិនថា​តម្លៃដីធ្លី និងតម្លៃលំនៅឋាន​​ ឬ​ក៏​អចលន​ទ្រព្យ​​ផ្សេងទៀ​ត បើ​ធៀប​នឹង​ឆ្នាំ២​០១៩​​ ឃើញថា តម្លៃអចលនទ្រព្យក្នុងឆ្នាំ២០២៦នេះ ធ្លាក់ចុះច្រើន ដោយតំបន់ខ្លះ ធ្លាក់ចុះ ១៥​ភាគ​រ​​​យ ខ្លះ ២០ភាគរយ​ និងមានទ្រព្យ​ខ្លះទៀតធ្លាក់ចុះរហូតដល់ ៤០ភាគរយ ។

​អ្នកស្រីបន្តថា ការ​ធ្លា​ក់ចុះនៃ​ត​ម្លៃអ​​ចលនទ្រព្យ​នាពេល​បច្ចុប្បន្ន​នេះ វាជាឱកាស​សម្រាប់​អ្នកដែលមានតម្រូវការ​អចលនទ្រព្យប្រើប្រាស់ពិត​ប្រាកដ​ ដោយអាច​ជ្រើសរើស​រ​កទីតាំងល្អ និងមានអំណាច​ក្នុងការចរ​ចាជា​មួ​​យម្ចា​ស់អចលនទ្រព្យទាំង​នោះ ។​

អ្នកឧកញ៉ា​ សំ សុខនឿន ប្រធានក្រុម​ប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន​ SAM SN Group នៅថ្ងៃទី២ ខែវិច្ឆិកា នេះ បានឱ្យដឹងថា ការទិញដី​ទុក​​ចំណេ​ញ​នៅ​កម្ពុ​ជា​នាពេល​​បច្ចុប្បន្ននេះ នៅតែជា​ឱកាស​សម្រាប់អ្នកដែល​ឆ្លាត​ និងអត់ធ្មត់ ហើយបើសិនជាជ្រើសរើសទីតាំង​ត្រូវនឹង​ក្លាយជា​ឱកាស​ ប៉ុន្តែបើសិនជា​ជ្រើស​រើសខុស វា​នឹងក្លាយជា​បន្ទុក ។​

អ្នកឧកញ៉ា​បន្តថា​ ការទិញដីទុកចំណេញរយៈពេលវែង (Land Banking) នៅកម្ពុជា នៅតែមានឱកាសចំណេញ ប៉ុន្តែវាលែងជា ការទិញដីហើយរង់ចាំតម្លៃឡើងដូចមុនទៀតហើយ។ ទីផ្សារឥឡូវផ្លាស់ប្តូរទៅរកការវាយតម្លៃតាមហេដ្ឋារចនាសម្ព័ន្ធពិត តម្រូវការពិត និងកំណើនប្រជាជន ជាជាងការរំពឹងទុក ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា