ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

ឡាវ ​និង​ចិន ​ជំរុញ​ការ​តភ្ជាប់​ផ្លូវ​ដែក​និង​ច្រក​របៀង​សេដ្ឋកិច្ច​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ​AI

​បរទេស​៖ ឡាវ ​និង​ចិន​បាន​ព្រមព្រៀង​ពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ ការ​អភិវឌ្ឍ​ច្រក​របៀង​សេដ្ឋកិច្ច​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត ​(​AI​) ​ដើម្បី​ជំរុញ​ឱកាស​ពាណិជ្ជកម្ម ​និង​វិនិយោគ​ទ្វេ​ភាគី​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម ​និង​បច្ចេកវិទ្យា​ថ្មី​ៗ​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The ​Star ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​រវាង​ឧប​នាយករដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ ​លោក​ Thongsavan Phomvihane ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ​លោក​ ​Wang ​Yi ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ឡាវ​ទៅកាន់​ប្រទេស​ចិន ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ ​លើក​ទី​១១ ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា​។

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ឡាវ ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​ជំរុញ​ការ​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​ចិន​-​ឡាវ​-​ថៃ​ឱ្យ​កាន់តែ​រឹងមាំ​ ​ការ​បង្កើត​ច្រក​របៀង​សេដ្ឋកិច្ច​ឡាវ​-​ចិន ​និង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​ឧស្សាហកម្ម​ដែល​កំពុង​លេចធ្លោ​។ ការ​ពិភាក្សា​ក៏​បាន​គ្របដណ្តប់​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​សេដ្ឋកិច្ច​ឌីជីថល ​ឧស្សាហកម្ម​ផលិតកម្ម​ទំនើប​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ឆ្លង​ដែន​ផងដែរ​។

​រដ្ឋមន្ត្រី​ការ​បរទេស​ចិន ​លោក​ ​Wang ​Yi ​បាន​លើកឡើង​ថា​ ​ចិន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​សហការ​ជាមួយ​ឡាវ ​ដើម្បី​បន្ត​កសាង​សហគមន៍​ដែល​មាន​អនាគត​រួមគ្នា​។ ​លោក​បាន​ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​ប្រើប្រាស់​យន្តការ​គណៈកម្មាធិការ​រួម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​ច្រក​របៀង​សេដ្ឋកិច្ច​ចិន​-​ឡាវ​ឱ្យ​បាន​ពេញលេញ ពន្លឿន​ការ​អភិវឌ្ឍ​ផ្លូវ​ដែក​ចិន​-​ឡាវ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ​និង​ធនធាន​រ៉ែ​។

​ជាមួយគ្នា​នេះ​ ឧប​នាយករដ្ឋមន្ត្រី ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ឡាវ ​លោក​ Thongsavan Phomvihane ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ឡាវ​ក្នុង​ការ​ជំរុញ​ការ​កសាង​សហគមន៍​ឡាវ​-​ចិន​ដែល​មាន​អនាគត​រួមគ្នា​ ​ព្រមទាំង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​លើ​វិស័យ​តភ្ជាប់​ ថាមពល​ ​ធនធាន​រ៉ែ​ ​និង​បញ្ញា​សិប្បនិម្មិត​។

​ចាប់​តាំងពី​បើក​ដំណើរការ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​២០២១ ​ផ្លូវ​ដែក​ឡាវ​-​ចិន ​ដែល​តភ្ជាប់​រាជធានី​វៀង​ចន្ទន៍​ទៅកាន់​ទីក្រុង​គុន​មិញ​ ​ខេត្ត​យូណាន ​ប្រទេស​ចិន ​បាន​ក្លាយជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​។ យោង​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ ​China Railway ​Kunming ​Group ​ផ្លូវ​ដែក​នេះ​បាន​ដឹកជញ្ជូន​ទំនិញ​សរុប​ជាង​ ៩០ លាន​តោន ​ចាប់​តាំងពី​បើក​ដំណើរការ ក្នុង​នោះ​ទំនិញ​ជាង​ ២១ លាន​តោន​ត្រូវ​បាន​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​។

​ក្រៅ​ពី​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​វិស័យ​បញ្ញា​សិប្បនិម្មិត ​និង​សេដ្ឋកិច្ច​ឌីជីថល​ក៏​កំពុង​ក្លាយជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ឡាវ ​និង​ចិន​។ ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មាន​ផែនការ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​បច្ចេកវិទ្យា​អប់រំ ​និង​ការ​សិក្សា​ឌីជីថល ​ដើម្បី​លើកកម្ពស់​សមត្ថភាព​របស់​មន្ត្រី​សាធារណៈ​ ​និង​ប្រជា​ពលរដ្ឋ​។

ផ្អែក​លើ​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ឡាវ ​លោក​ Thongloun Sisoulith ​ទៅកាន់​ប្រទេស​ចិន​កាលពី​ខែ​មិថុនា​កន្លងទៅ​ ​ចិន​បាន​ប្តេជ្ញា​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​រដ្ឋាភិបាល​ ​អ្នក​ជំនាញ ​និង​បុគ្គលិក​បច្ចេកទេស​ឡាវ​ចំនួន​ ៣​.​០០០ ​នាក់​ ​ព្រមទាំង​ផ្តល់​អាហារូបករណ៍​ដល់​ប្រជា​ពលរដ្ឋ​ឡាវ​រហូតដល់​ ១ ​ម៉ឺន​នាក់​ ​ឱ្យ​ចូល​សិក្សា​នៅ​គ្រឹះស្ថានអប់រំ​របស់​ចិន​ក្នុង​ឆ្នាំ​ខាង​មុខ​។

ទន្ទឹម​នឹង​នេះ​ ​ចិន ​និង​ឡាវ​ក៏​បាន​ព្រមព្រៀង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្រោម​យន្តការ​ ​«​៣​+​៣​» ​ដែល​រួមមាន​វិស័យ​ការ​បរទេស​ ការ​ពារ​ជាតិ​ ​និង​សន្តិសុខ​សាធារណៈ​ ​ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ថាមពល​ ​ធនធាន​រ៉ែ​ ​ការ​សម្រួល​ពាណិជ្ជកម្ម ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឆ្លង​ដែន​ផងដែរ​។

​គួរ​បញ្ជាក់​ថា​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ឡាវ ​និង​ចិន​បាន​ឈាន​ដល់​ ៩​,​៨២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥​ ​កើនឡើង​ ​១៩​,​៣​%​ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤​។ ​ចិន​ក៏​ជា​ប្រភព​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​របស់​ឡាវ ​ដោយ​បាន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ជា​ច្រើន ចាប់​ពី​វិស័យ​អាកាសចរណ៍​ ​និង​អវកាស ​រហូត​ដល់​គម្រោង​អភិវឌ្ឍន៍​នៅ​ថ្នាក់​មូលដ្ឋាន ​ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ឡាវ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា