ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ភ្នំពេញ ៖ ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម ។ ពន្ធនេះ ត្រូវបាន​កំណត់ឡើង​ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រង​ឆ្នាំ២០០៧ ( មាត្រា​៧ថ្មី ) និងត្រូវបានធ្វើវិសោធនកម្ម​បន្ថែមទៅជា​មាត្រា​៧ថ្មី (មួយ )​ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០១៩ ហើយនឹង​ផ្ដើម​អនុវត្ត​ចាប់ពីឆ្នាំ២០២៧​តទៅ ។

Advertisement

ពន្ធលើចំណេញមូល​ធន ជា​ប្រាក់ចំណូលជាប់ពន្ធ ​ដែលបានមកពីការយកចំណូល​ក្រោយការលក់​ ឬផ្ទេរ​មូល​ធន​ដក​ការ​កាត់កង​ចំណាយ​ផ្សេងៗដែលអនុញ្ញាត ។ អ្នកជាប់ពន្ធលើចំណេញមូលធន អាចជា​និវាសនជន ឬអនិវាសនជន​ ដែល​បានលក់​ ឬផ្ទេរ​មូលធនទៅ​បុគ្គល​ដទៃ ។​

តាម​អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ បានបញ្ជាក់ថា អត្រាពន្ធលើចំណេញមូលធន ត្រូវ​បានកំណត់​ដោយអត្រា​ថេរ​គឺ ២០% ។ អត្រាពន្ធ២០%នេះ មិនមែន​២០%នៃតម្លៃទ្រព្យនោះទេ ពោល គឺ ២០% នៃប្រាក់ចំណេញ ហើយបើសិនជា​ទ្រព្យនោះលក់​ ឬផ្ទេរ​ខាតដើម ពន្ធ​នេះ ក៏មិនត្រូវបានគិតដែរ ។​ ថ្លៃដើម​នៃទ្រព្យ​ មិនមែន​គិតត្រឹមតែប្រាក់ដែល​យកទៅទិញទ្រព្យនោះមកទុកនោះទេ សូម្បីតែ​ថ្លៃថែទាំ​ ជួសជុល និងចំណាយផ្សេងៗក៏ត្រូវ​បានបូក​បញ្ចូល ។

យោងតាមច្បាប់​បានកំណត់ថា ថ្លៃដើម​នៃទ្រព្យ សំដៅដល់​ថ្លៃដើមពេលទិញ ឬទទួលទ្រព្យ និងចំណាយ​ពាក់ព័ន្ធ ដូចជា ​ថ្លៃដើម​ពេលទិញ ឬទទួលទ្រព្យ ថ្លៃចំណាយកម្រៃជើងសា ថ្លៃចំណាយលើ​សេវា​ពិគ្រោះយោបល់ ថ្លៃចំណាយលើ​ការ​វាយតម្លៃទ្រព្យ ប្រាក់ពន្ធ​ប្រថាប់ត្រា​ ដែលបានបង់ពេលទិញ ឬទទួល​ទ្រព្យ ថ្លៃចំណាយ​លើ​សេវា​រដ្ឋបាល​លើការ​ខ្ចីប្រាក់​ដើម្បីទិញ ឬទទួលទ្រព្យ ថ្លៃប្រាក់​ពន្ធអចលនទ្រព្យ​ ឬពន្ធលើ​ដីធ្លីមិនបាន​ប្រើប្រាស់​ដែល​បានបង់ ថ្លៃចំណាយការ​ប្រាក់​ដែល​បាន​បង់ក្នុងអំឡុងពេលកាន់កាប់អចលនទ្រព្យ ថ្លៃលើសេវារដ្ឋបាលសុរិយោដី ឬភូមិបាល ថ្លៃចំណាយថែទាំ និងកែលម្អទ្រព្យ ថ្លៃចំណាយលើការផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ថ្លៃចំណាយ​ក្នុងការ​បង្កើត ឬរក្សា​ការពារនូវសិទ្ធិកាន់កាប់ទ្រព្យ ។​ ការ​គណនា​ពន្ធលើ​ចំណេញមូលធន គឺគេយក​ចំណេញ​មូលធន​គុណនឹង​អត្រាពន្ធ ( ២០% )​ ។​

ដូច្នេះ ដើម្បី​ឱ្យ​សាធារណជន​កាន់តែ​ងាយយល់ សូមលើកជាឧទាហរណ៍មួយថា លោក បូរ៉ា បានលក់ផ្ទះ​មួយល្វែងឱ្យ​ទៅលោក បូរី ក្នុងតម្លៃ ១០០លានរៀល ដោយមិនបាន​រក្សា​ទុក​ឯកសារ​លើការ​ចំណាយ​នានា​​ ។ ក្នុងករណីនេះ លោក​ បូរ៉ា អាច​ប្រើវិធីសាស្ត្រ​កាត់កងការចំណាយ​តាមកំណត់​ដើម្បីគណនាពន្ធលើ​ចំណូល​មូលធន ។ ដើម្បីរកថ្លៃ​ដើម​នៃទ្រព្យ គេប្រើ​វិធីសាស្ត្រងាយៗ គឺយក​ប្រាក់ដែល លោក បូរ៉ា​ លក់​ផ្ទះបាន ១០០លានរៀល គុណនឹង​អត្រា​ ៨០​%​ ដូច្នេះ នឹង​ឃើញ​ ៨០លានរៀល បន្ទាប់មកយកថ្លៃលក់ផ្ទះ ១០០លានរៀល​- ៨០លាន​រៀល (ថ្លៃដើមទ្រព្យ ) នោះនឹងឃើញ ២០លានរៀល ហើយ​២០លានរៀលនេះហើយគឺជា​ប្រាក់​ចំណេញ ។ ​វិធីគណនារក​ពន្ធលើ​ចំណេញមូលធន​ ត្រូវ​យក​ ២០លានរៀល គុណ​២០% នោះនឹងឃើញ ៤លានរៀល ដូច្នេះ ៤លានរៀលនេះហើយ ​គឺជាប្រាក់ដែលត្រូវ​បង់ពន្ធលើ​ចំណេញមូលធន ។

ក្នុងករណី​ម្ចាស់ទ្រព្យដែលបានទិញទ្រព្យមក​ហើយបានចំណាយនានា​ដោយមានឯកសារ​បញ្ជាក់​ច្បាស់លាស់ ដូច្នេះ ថ្លៃដើមនៃទ្រព្យ​ ត្រូវបូក​បញ្ចូល​ទាំងអស់ រួចហើយអាច​គណនា​ដូចវិធីសាស្ត្រ​ខាង​លើ​ដើម្បីរកប្រាក់ពន្ធ​ចំណេញ​មូលធនដែលត្រូវបង់ ។ ក្នុងករណីដែល​ម្ចាស់ទ្រព្យបានចំណាយបន្ថែមអស់ច្រើនជាង​ប្រាក់ដែល​ខ្លួន​បាន​ទទួល​ក្រោយពេលលក់​ ឬផ្ទេរទ្រព្យ នោះ​ម្ចាស់ទ្រព្យមិនជាប់ពន្ធលើ​ចំណេញ​មូលធននោះទេ ។

ឧទាហរណ៍មួយទៀតថា បុរសម្នាក់​បានទិញភាគហ៊ុន​​របស់ក្រុមហ៊ុនមួយ​នៅកម្ពុជា ហើយលក់ភាគហ៊ុន​នោះវិញចំណេញបាន ១០០លានរៀល​ ។ អត្រា​គិតពន្ធគឺងាយខ្លាំងណាស់ គ្រាន់តែយក​ប្រាក់ចំណេញគុណនឹង​២០% នោះនឹងឃើញ​ទឹកប្រាក់ដែលត្រូវ​បង់ពន្ធលើចំណេញមូលធនហើយ ។​

សម្រាប់ការដាក់លិខិតប្រកាស​ពន្ធ និងការ​បង់ប្រាក់ពន្ធ អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាស​ពន្ធតាមទម្រង់​ដែល​កំណត់ដោយរដ្ឋបាលសារពើ​ពន្ធ និង​បង់ប្រាក់ពន្ធក្នុងអំឡុងពេល​មិនលើស​ពី ៣ខែ បន្ទាប់ពីសម្រេច​ចំណេញមូលធន ។ ចំពោះទ្រព្យ​ដែលស្ថិតនៅ​រាជធានីភ្នំពេញ ត្រូវដាក់លិខិត​ប្រកាស​ និង​បង់ពន្ធ​នៅអគ្គនាយកដ្ឋានពន្ធដារ ដោយឡែក ចំពោះទ្រព្យ​ដែលស្ថិតនៅតាមបណ្ដាខេត្ត ត្រូវដាក់លិខិតប្រកាស​បង់ពន្ធនៅសាខាពន្ធដារខេត្ត ដែលទ្រព្យស្ថិតនៅ ឬនៅអគ្គនាយក​ដ្ឋានពន្ធដារ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា