ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

ស្វែងយល់ពីភាពខុស​គ្នា​ និងលក្ខណៈពិសេស​រវាង ​​ហ៊ីប៉ូតែក​ និង​ ​បញ្ចាំ

ភ្នំពេញ ៖ ហ៊ីប៉ូតែក និង​​ បញ្ចាំ គឺសំដៅ​លើ​ការយក​អចលនវត្ថុទៅដាក់​ធានា​ដើម្បីទទួលបានកម្ចីមក​ប្រើប្រាស់ ប៉ុន្តែ​លក្ខណៈពិសេស​របស់​ហ៊ីប៉ូតែក និង​បញ្ចាំ ​មានភាពខុស​គ្នា​បើទោះបីជា​ទាំងពីរនេះ សំដៅលើការ​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នាក៏ដោយ ។

Advertisement

ហ៊ីប៉ូតែក​ គឺជាពាក្យបច្ចេកទេស​ច្បាប់ និងហិរញ្ញវត្ថុ​ (ពាក្យកម្ចីពីភាសាបារាំង) សំដៅ​ការ​ដាក់បញ្ចាំ ឬការ​ដាក់ធានា​កាតព្វកិច្ច​ការ​ខ្ចីប្រាក់ដោយប្រើប្រាស់អចលនទ្រព្យ​ដូចជា​ ដីធ្លី ផ្ទះសម្បែង ឬអគារ​ជាដើម​ប៉ុន្តែម្ចាស់​អចលនវត្ថុ ដែលជាកូនបំណុល​​នៅតែមានសិទ្ធិ​អាស្រ័យផល ​និងកាន់កាប់​អចលនវត្ថុ​នៃ​ហ៊ីប៉ូតែក​នោះដដែលបាន ។

ហ៊ីប៉ូតែក គេអាច​បង្កើត​បានច្រើន​ដង​ ដោយយក​អចលនវត្ថុតែមួយនោះមកធ្វើជាកម្មវត្ថុ​ធានា​ ហើយកូនបំណុលដែលជា​ម្ចាស់អចលនវត្ថុនោះ នៅតែមានសិទ្ធិកាន់​កាប់​ និងអាស្រ័យ​លើ​អចលនវត្ថុ​ដែលជាកម្មវត្ថុនៃហ៊ីប៉ូតែកដដែល ។​ មានន័យថា ​ម្ចាស់​បំណុល​មិនអាចយក​អចលនវត្ថុ​ដែលបង្កើតហ៊ីប៉ូតែកនោះមក​កាន់​កាប់​ ឬអាស្រ័យផល​បានឡើយ ។ ម្ចាស់​បំណុល​មានការធានា​តាមរយៈការ​ចុះបញ្ជី ។

ចំណែក​ការ​បញ្ចាំវិញ  ក៏ជាការ​យក​អចលនវត្ថុ​មក​ដាក់ធានា​ដើម្បីទទួល​បានប្រាក់កម្ចីដូចគ្នា ប៉ុន្តែ​ម្ចាស់​សិទ្ធិ​នៃការ​បញ្ចាំ ពោលគឺម្ចាស់​បំណុល មានសិទ្ធិ​ មានឱកាស​ក្នុងការ​កាន់កាប់គ្រប់គ្រង​ និង​អាស្រ័យផល​លើ​អចលនវត្ថុ​ ឬចលនវត្ថុនោះ ។ ក្នុងន័យ​នេះ ការ​បញ្ចាំ​ តម្រូវ​ឱ្យកូន​បំណុលត្រូវផ្ទេរ​ការកាន់កាប់​វត្ថុដែលជា​កម្មវត្ថុ​នៃសិទ្ធិលើការ​បញ្ចាំទៅឱ្យម្ចាស់​បំណុល ដែល​ម្ចាស់​បំណុល​មានសិទ្ធិ​គ្រប់គ្រង និងកាន់កាប់​​ និងអាស្រ័យផល​លើ​កម្មវត្ថុ​នៃសិទ្ធិលើការ​បញ្ចាំ​ ។ ចំពោះការ​ប្រើប្រាស់អាស្រ័យផល អាច​ជាការទូទាត់គ្នា​តាមរយៈការ​ប្រាក់​​អាស្រ័យទៅលើ​ការព្រមព្រៀងគ្នារវាង​ម្ចាស់​បំណុល​ និងកូន​បំណុល ឧទាហរណ៍ជាក់ស្ដែង​ថា កូនបំណូល​ម្នាក់​បានយក​ដីស្រែមួយកន្លែង​ ទៅដាក់បញ្ចាំ ក្នុងរយៈពេល​១ឆ្នាំ២ឆ្នាំ ឬរយៈណាមួយតាមការព្រមព្រៀង ហើយក្នុងមួយឆ្នាំ ដីស្រែនោះអាច​ផ្ដល់ទិន្នផលជាស្រូវបាន​មួយចំនួន ដែល​លក់​បានទឹកប្រាក់មួយចំណែក​ អាចទូទាត់ជា​ការ​ប្រាក់​ ឬប្រាក់ដើម តាមការព្រមព្រៀងគ្នាមុនពេលមាន​ដាក់បញ្ចាំ ។

សរុប​សេចក្ដីមក ​ភាពខុស​គ្នា​រវាង​ហ៊ីប៉ូតែក និង​បញ្ចាំ គឺត្រង់​ហ៊ីប៉ូតែក ​មិនត្រូវបានផ្ទេរ​ការ​កាន់កាប់ទេ ដូច្នេះ វត្ថុ​ដែល​ម្ចាស់អចលនវត្ថុជាកូន​បំណុល​បានយកទៅធ្វើហ៊ីប៉ូតែក​នៅតែមានសិទ្ធិគ្រប់គ្រងកាន់កាប់​ និងអាស្រ័យផល​ដដែល ។

បើតាម លោក​ ​សៅ វ៉ារី ប្រធាន​នាយកដ្ឋានអភិរក្ស​សុរិយោដី នៃក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា បើទោះបីជា​ម្ចាស់បំណុល​មិន​មានសិទ្ធិកាន់កាប់​លើ​អចលនវត្ថុ​ដែល​ធ្វើហ៊ីប៉ូតែកនោះក៏ដោយ តែម្ចាស់​បំណុល​អាច​យកទៅតតាំង​ ក្នុងនោះ​កូន​បំណុលបាន​យកអចលនវត្ថុ​ដែលជា​កម្មវត្ថុ​នៃហ៊ីប៉ូតែក​នោះ ផ្ទេរទៅ​តតិយជន​ ។ ឧទាហរណ៍ថា​ ក្នុងពេលអចលនវត្ថុ​ដែល​ជាកម្មវត្ថុនៃហ៊ីប៉ូតែក​ ត្រូវ​បាន​កូន​បំណុលយកទៅលក់​ ដោយផ្ទេរ ឬធ្វើអនុប្បទាន​ទៅឱ្យ​តតីយជន​​ ម្ចាស់បំណុល​នៃហ៊ីប៉ូតែកនោះ នៅតែមាន​សិទ្ធិ​ប្រតិភោគនៅលើ​វត្ថុនោះដដែល​ ដោយម្ចាស់បំណុល​មានអានុភាពមួយដែល​គេហៅថា​អានុភាពតាម​ ។ ដូច្នេះ អ្នកទទួល​បានការ​ផ្ទេរ​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​នោះ គឺត្រូវ​ទទួលខុស​ត្រូវចំពោះ​បំណុល​ដែល​ម្ចាស់អចលនវត្ថុ​ដើម​បានខ្ចីពីម្ចាស់​បំណុល ​។

លោកបន្តថា ក្នុងករណីនេះ បើសិនជា​អ្នកទទួល​បានការផ្ទេរ​មិនអនុវត្តសង​បំណុលទៅតាម​កិច្ចសន្យា​ក្នុងរយៈពេលណាមួយ ម្ចាស់​បំណុល​ ដូចជាធនាគារ ឬមីក្រូហិរញ្ញវត្ថុស្រប​ច្បាប់ អាច​មានសិទ្ធិ​លក់ឡៃឡុង​ទ្រព្យនៃកម្មវត្ថុហ៊ីប៉ូតែក​នោះដើម្បីយក​ប្រាក់​កម្ចីរបស់ខ្លួន​ត្រលប់មក​វិញ​ សល់​ប៉ុន្មាន​គឺប្រគល់ជូនទៅម្ចាស់​កម្មសិទ្ធិអចលនទ្រព្យនោះ ៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា