ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ការផ្គត់ផ្គង់ជ្រូករស់កើនដល់ ៩,៥០០ ក្បាលក្នុងមួយថ្ងៃ នៅថ្ងៃសែនក្បាលទឹក

ភ្នំពេញ៖ ការផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារកម្ពុជាក្នុងថ្ងៃសែនក្បាលទឹក ឆ្នាំ២០២៦ ត្រូវបានធានាថាមានគ្រប់គ្រាន់ ដោយការផ្គត់ផ្គង់ជ្រូករស់បានកើនពីប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃនៅថ្ងៃធម្មតា ដល់ប្រមាណ ៩,៥០០ ក្បាលក្នុងមួយថ្ងៃក្នុងរដូវបុណ្យនេះ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា តម្លៃជ្រូករស់ដែលចិញ្ចឹមក្នុងស្រុកបច្ចុប្បន្នមានប្រមាណ ១០,៥០០ រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមួយសប្ដាហ៍មុន តម្លៃមានប្រមាណជាង ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

លោកបន្តថា ទោះបីតម្លៃជ្រូករស់មានការធ្លាក់ចុះបន្តិចក៏ដោយ ការផ្គត់ផ្គង់ទៅទីផ្សារមិនបានកើនឡើងខ្លាំងនោះទេ។ នៅថ្ងៃធម្មតា ជ្រូករស់ដែលផ្គត់ផ្គង់ទៅទីផ្សារមានប្រមាណ ៩,០០០ ក្បាលក្នុងមួយថ្ងៃ ប៉ុន្តែក្នុងរដូវសែនក្បាលទឹកនេះ បានកើនឡើងដល់ប្រមាណ ៩,៥០០ ក្បាល ឬប្រមាណ ៩០ ម៉ឺនគីឡូក្នុងមួយថ្ងៃ។

លោក ស្រ៊ុន ពៅ បានពន្យល់ថា ការធ្លាក់ចុះបន្តិចនៃតម្លៃជ្រូករស់បណ្ដាលមកពីការចិញ្ចឹមរបស់កសិករ និងកសិដ្ឋានមានការកើនឡើង ខណៈតម្រូវការទីផ្សារមិនទាន់កើនឡើងខ្លាំង ដោយសារស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅមានកម្រិត។

ទោះជាយ៉ាងណា តម្លៃលក់រាយសាច់ជ្រូកនៅតាមទីផ្សារមួយចំនួន ដូចជា ផ្សារទួលគោក និងផ្សារសំណង់១២ បានកើនឡើងបន្តិច ដែលលោកថា ជារឿងធម្មតាក្នុងរដូវបុណ្យទាន។

លោកស្រី ស៊ីវ អ្នកលក់សាច់ជ្រូករាយនៅផ្សារទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា សាច់សុទ្ធ និងសាច់បីជាន់មានតម្លៃ ២២,០០០រៀលក្នុងមួយគីឡូក្រាម ខណៈឆ្អឹងជំនីមានតម្លៃ ២០,០០០រៀល និងឆ្អឹងជំនីខ្ចី ២៥,០០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃទាំងនេះខ្ពស់ជាងថ្ងៃធម្មតា ដែលសាច់ជ្រូកមានតម្លៃប្រមាណ ១៨,០០០ ទៅ ២០,០០០រៀលក្នុងមួយគីឡូក្រាម។

លោកស្រី ស៊ីវ បានបន្ថែមថា ក្នុងរដូវសែនក្បាលទឹកនេះ សាច់ជ្រូកដែលគាត់ទទួលយកមកលក់មានតម្រូវការខ្ពស់ ដោយអាចលក់បានជាង ១៧០គីឡូក្រាមក្នុងមួយថ្ងៃ ខណៈថ្ងៃធម្មតាលក់បានត្រឹមប្រមាណ ៦០ ទៅ ៨០គីឡូក្រាមប៉ុណ្ណោះ។

សម្រាប់ជ្រូកខ្វៃ ដែលមានប្រជាប្រិយភាពខ្ពស់ក្នុងពិធីសែន លោក ស្រ៊ុន ពៅ បានឱ្យដឹងថា តម្រូវការសរុបមានប្រមាណ ៣,០០០ក្បាល។ តម្លៃសាច់ជ្រូកខ្វៃមានចន្លោះពី ៥០,០០០ ទៅ ៦០,០០០រៀលក្នុងមួយគីឡូក្រាម ខណៈជ្រូកខ្វៃទាំងមូលដែលមានទម្ងន់ប្រមាណ ៥ ទៅ ៨គីឡូក្រាម មានតម្លៃចាប់ពី ១៣០ដុល្លារ រហូតដល់ជិត ២០០ដុល្លារ។

ដោយឡែក នៅខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការផ្គត់ផ្គង់ជ្រូករស់នៅក្នុងខេត្តមានចន្លោះពី ៣០០ ទៅ ៤០០ក្បាលក្នុងមួយថ្ងៃ ខណៈជ្រូកខ្វៃមានការបញ្ជាទិញរហូតដល់ជិត ១,០០០ក្បាល។ លោកបញ្ជាក់ថា ការផ្គត់ផ្គង់ក្នុងមូលដ្ឋានមានគ្រប់គ្រាន់ និងមិនមានការខ្វះខាតឡើយ។

ទន្ទឹមនឹងនេះ លោក ស្រ៊ុន ពៅ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ឱ្យយកចិត្តទុកដាក់លើសុខភាពជាចម្បង ដោយជ្រើសរើសទិញសាច់សត្វដែលមានអនាម័យ និងសុវត្ថិភាព ដើម្បីយកទៅបរិភោគ និងរៀបចំពិធីសែនព្រេនក្នុងគ្រួសារ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា