អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ភ្នំពេញ ៖ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បាន និងកំពុងបង្កើនល្បឿនពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាម​ផ្លូវទឹកយ៉ាងសកម្ម ដោយបានបន្ថែមចំណតផែចំនួន ៧ ទីតាំងថ្មីនៅតាមបណ្តោយដងទន្លេក្នុងឆ្នាំ២០​២៦​នេះ។ យុទ្ធសាស្ត្រនេះធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនតម្រូវការប្រកបដោយចីរភាព និងជំរុញការផ្លាស់ប្តូរទម្រង់ដឹកជញ្ជូន (Modal Shift) ពីផ្លូវគោកមកផ្លូវទឹក ដែលអាចជួយធុរជនកាត់បន្ថយថ្លៃដើមប្រតិបត្តិការបានចន្លោះពី ៣០% ទៅ ៤០%។

ថ្លែងក្នុង «វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៦» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCIC ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានគូសបញ្ជាក់ពីសមិទ្ធផលលេចធ្លោនៃភាពរីកចម្រើនផ្នែកសមត្ថភាពផ្ទុកទំនិញ ដែលបានកើនឡើងរហូតដល់១០ដង ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។

ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា ៖

«នៅឆ្នាំ២០១២ កំពង់ផែភ្នំពេញមានសមត្ថភាពត្រឹមតែ ៦ ម៉ឺន​ TEUs ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២៥ កន្លងទៅនេះ កំពង់ផែបានផ្ដល់សេវាជូនអ្នកប្រើប្រាស់ប្រមាណ ៦០ ម៉ឺនTEUs។​ ដូច្នេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែលកើនឡើង កំពង់ផែស្វយ័តភ្នំពេញបាន និងកំពុងពង្រីកសាខា និងបានដំណើរការផែស្ងួតចំនួនពីរបន្ថែម ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនរួមបញ្ចូលគ្នា ជាមួយនឹងគម្រោង​បង្កើតផែចម្បងថ្មីចំនួនពីរផ្សេងទៀតនៅខេត្តក្រចេះ និងកំពង់ឆ្នាំង»។

សូមជម្រាបថា ផែចម្បងទី១ នៅខេត្តក្រចេះ នឹងជួយគាំទ្រដល់ការដឹកជញ្ជូនសម្រាប់ភូមិភាគឦសាន រួមមាន ក្រចេះ ស្ទឹងត្រែង និងរតនគិរី ដែលនឹងអាចគ្រប់គ្រងទំនិញប្រមាណ ៣០ ទៅ ៤០ ម៉ឺន TEUs បន្ទាប់ពីដំណើរការបាន ២ ទៅ ៣ ឆ្នាំ ស្មើនឹង ១​ ភាគ ៥ (ប្រមាណ ២០% នៃសមត្ថភាពផែភ្នំពេញបច្ចុប្បន្ន) ។

ផែចម្បងទី២ ស្ថិតនៅស្រុងកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់កសិកម្មដ៏សំខាន់ ដើរតួនាទីប្រមូលផលកសិកម្មជុំវិញបឹងទន្លេសាប និងសម្របសម្រួលរំហូរពាណិជ្ជកម្មកសិផលទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញផលិតផលទាំងនោះទៅកាន់ក្រៅប្រទេស។ ​

ឯកឧត្តម ហ៊ឺ បាវី បានលើកទឹកចិត្តឱ្យផ្នែកឯកជនបង្វែរការដឹកជញ្ជូនពីផ្លូវគោកមកប្រើប្រាស់ផ្លូវទឹកវិញ ដោយសារអត្ថប្រយោជន៍នៃទំហំពាណិជ្ជកម្ម (Economy of Scale) លើសមត្ថភាពដឹកជញ្ជូនផ្លូវទឹកទទួលបានច្រើន ដូចជា កប៉ាល់ដឹកទំនិញតាមផ្លូវទឹក ១ គ្រឿង អាចដឹកកុងតឺន័របានចន្លោះពី ២០០ ទៅ ៣៦០ TEUs ក្នុងមួយជើង ខណៈរថយន្តដឹកជញ្ជូនតាមផ្លូវគោកភាគច្រើនដឹកបានត្រឹមតែ ១ កុងតឺន័រប៉ុណ្ណោះ ពោលគឺអាច​ជួយកាត់បន្ថយថ្លៃដើមពី ៣០% ទៅ ៤០%។


ទាក់ទិននឹងការ​បង្កើនចំនួនកំពង់ផែនៅខេត្តសក្តានុពលនេះ ឧកញ៉ាបណ្ឌិត ស៊ិន ​ចន្ធី​ អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស បានប្រាប់បណ្តាញព័ត៌មាន AMS ​ថា ការ​ងារនេះ បានបង្ហាញថា កំពង់ផែស្វយ័តស្វយ័តភ្នំពេញ ដែលមានបំណងពង្រីកកំពង់ផែខេត្តសក្តានុពល ជារឿងដ៏ល្អប្រសើរដែលកម្ពុជាត្រូវការចាំបាច់នូវការដឹកជញ្ជូនតាមផ្លូវទឹកនេះ។

ឧកញ៉ាបណ្ឌិត បានបន្ថែមថា ៖

«វិស័យដឹកជញ្ជូនតាមផ្លូវទឹក អាចជួយកាត់បន្ថយចំណាយឱ្យមានថ្លៃដើមទាបជាងការចំណាយលើផ្លូវគោក ខណៈដែលភូមិសាស្ត្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹករបស់យើងមានអំណោយផលល្អ ពិសេសយើងមានទន្លេមេគង្គ ទន្លេសាប ទន្លេតូច និងដៃទន្លេ ដែលជាផ្លូវទឹកខ្វាត់ខ្វែង ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន។ ដូច្នេះ ប្រសិនបើយើងសិក្សាបន្ថែមទៀតទៅលើគម្រោងនៃការពង្រីកកំពង់ផែបន្ថែមទៀតដែលជាវិស័យភស្តុភាកម្មដឹកជញ្ជូនតាមផ្លូវទឹកវាជារឿងសំខាន់ និងចំណេញច្រើន» ។

យោងតាមរបាយការណ៍របស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ​ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមានចំនួន ៣៣៩ ៦០៦ TEUs កើនឡើង ៣១,៥៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា