លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន និងសហគ្រិននៅតាមបណ្តាខេត្ត ដោយមិនកម្រិតត្រឹមតែក្នុងរាជធានី ឬអាជីវកម្មធំៗនោះឡើយ។

ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា សម្រាប់ក្រសួងពាណិជ្ជកម្ម ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលមិនមែនផ្តោតតែលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែគឺជាការតភ្ជាប់បច្ចេកវិទ្យាទៅនឹងអាជីវកម្ម ទីផ្សារ ទំនុកចិត្ត ជំនាញ និងឱកាសរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដើម្បីប្រែក្លាយការធ្វើឌីជីថលរូបនីយកម្មឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។​ លើសពីនេះ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដូចជា AI ត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សុវត្ថិភាពប្រព័ន្ធ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីធានានូវចីរភាព និងការចូលរួមដោយជឿជាក់។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា ចំណុចសំខាន់ៗក្នុងកម្មវិធី TEDxPhnom Penh Salon គឺដើម្បីស្វែងយល់ពីកត្តាជំរុញឱ្យកម្ពុជាឈានទៅមុខបានយ៉ាងឆាប់រហ័សក្នុងសេដ្ឋកិច្ចឌីជីថល ជំរុញឱកាសដល់សហគ្រិន និងយុវជននៅតាមបណ្តាខេត្ត និងតំបន់ជនបទ ការពិភាក្សាលើឥទ្ធិពលនៃ AI និងការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពខ្ពស់ ព្រមទាំងការតភ្ជាប់សហគ្រិនទៅអតិថិជន ផលិតផលទៅទីផ្សារ និងការតភ្ជាប់កម្ពុជាទៅសេដ្ឋកិច្ចតំបន់ និងពិភពលោក។

សូមជម្រាបជូនថា កម្មវិធីនេះ ក៏បានរៀបចំឱ្យមានការបោះឆ្នោតលើគំនិតអាទិភាពចំនួន ៥ សំដៅរួមគ្នាកសាងទិសដៅយុទ្ធសាស្ត្រឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងពាណិជ្ជកម្មឌីជីថលមុនឆ្នាំ២០៣៥ ហើយក្រសួងពាណិជ្ជកម្ម ប្តេជ្ញាចិត្តប្រែក្លាយរាល់កិច្ចសន្ទនា និងគំនិតផ្តួចផ្តើមទាំងនេះ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ការសាកល្បង ការផ្សារភ្ជាប់ទីផ្សារ និងការបង្កើតប្រតិបត្តិការពាណិជ្ជកម្មពិតប្រាកដ ក្នុងគោលបំណងកសាងប្រព័ន្ធអេកូស៊ីស្ទឹមពាណិជ្ជកម្មឌីជីថលកម្ពុជាប្រកបដោយភាពប្រកួតប្រជែង បរិយាបន្ន និងទំនុកចិត្តខ្ពស់៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា