លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។

ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «ស្ត្រីក្នុងវិស័យពាណិជ្ជកម្មឌីជីថល (Women in Digital Trade)» ដែលជាកម្មវិធីអមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ នៅក្នុងកម្មវិធីនេះក៏មានការចូលរួមពី លោកជំទាវបណ្ឌិត អេង លីគួង ទីប្រឹក្សាសកម្ម នៃបណ្តាញសហគ្រិនស្ត្រីកម្ពុជា (CAMWEN) លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ព្រមទាំងតំណាងក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំសមាគមសហគ្រិនស្ត្រី ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងសហគ្រិនស្ត្រីជាច្រើនរូបផ្សេងទៀត។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមថា ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ មិនមែនត្រឹមតែជាការមានទូរស័ព្ទឆ្លាតវៃ ឬទំព័របណ្តាញសង្គមនោះទេ ប៉ុន្តែទាមទារនូវជំនាញ ប្រព័ន្ធទូទាត់ប្រកបដោយទំនុកចិត្ត ប្រព័ន្ធដឹកជញ្ជូន ហិរញ្ញប្បទាន និងសមត្ថភាពបម្លែងបច្ចេកវិទ្យាឱ្យទៅជា «លទ្ធផលអាជីវកម្មជាក់ស្តែង»។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវ តឹករ៉េត កំរង បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវបានបន្ថែមថា ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ មិនមែនត្រឹមតែជាការមានទូរស័ព្ទឆ្លាតវៃ ឬទំព័របណ្តាញសង្គមនោះទេ ប៉ុន្តែទាមទារនូវជំនាញ ប្រព័ន្ធទូទាត់ប្រកបដោយទំនុកចិត្ត ប្រព័ន្ធដឹកជញ្ជូន ហិរញ្ញប្បទាន និងសមត្ថភាពបម្លែងបច្ចេកវិទ្យាឱ្យទៅជា «លទ្ធផលអាជីវកម្មជាក់ស្តែង»។

ជាមួយគ្នានេះ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្មដឹកនាំដោយស្ត្រី លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងនូវ ៤ ចំណុចសំខាន់ៗ រួមមាន៖

១. គោលនយោបាយ និងបរិយាកាសអំណោយផល បង្កើនលទ្ធភាពទទួលបានព័ត៌មាន សេវាសាធារណៈឌីជីថល ការចុះបញ្ជីអាជីវកម្ម និងការចូលទីផ្សារ ប្រកបដោយភាពងាយស្រួល តម្លាភាព និងទំនុកចិត្ត។

២. លទ្ធភាពទទួលបានហិរញ្ញប្បទាន ជំរុញឱ្យសហគ្រិនស្ត្រីមានលទ្ធភាពទទួលបានទុនសម្រាប់ពង្រីកអាជីវកម្ម វិនិយោគលើបច្ចេកវិទ្យា និងពង្រីកទីផ្សារ។

៣. បច្ចេកវិទ្យា និងជំនាញឌីជីថល លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព វិភាគទីផ្សារ គ្រប់គ្រងអតិថិជន និងអភិវឌ្ឍអាជីវកម្ម។

៤. ការពង្រីកទីផ្សារ បំប្លែងវត្តមានរបស់ផលិតផលលើបណ្តាញឌីជីថល ទៅជាការបញ្ជាទិញ ការលក់ និងប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង ព្រមទាំងបង្កើនសមត្ថភាពចូលទីផ្សារក្រៅប្រទេស។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខាធិការ ក៏គូសបញ្ជាក់ដែរថា «បេសកកម្ម ៥០០ ប្រតិបត្តិការ» លើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកជាតិ CambodiaTrade.com គឺជាឧទាហរណ៍មួយនៃការផ្តោតលើលទ្ធផលជាក់ស្តែង ដោយជំរុញឱ្យការផ្សព្វផ្សាយផលិតផលកម្ពុជា ប្រែក្លាយពីការមើល ការចូលចិត្ត និងការចែករំលែក ទៅជាការបញ្ជាទិញ និងប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង។

លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា គោលដៅរបស់យើងមិនមែនត្រឹមតែឱ្យស្ត្រីចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថា សហគ្រិនស្ត្រីកម្ពុជាមានសមត្ថភាព និងឱកាសគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកបង្កើតផលិតផល អ្នកបង្កើតម៉ាក អ្នកនាំចេញ និងអ្នកដឹកនាំអាជីវកម្មក្នុងយុគសម័យឌីជីថល។​ លើសពីនេះ ការពង្រឹងសមត្ថភាពសហគ្រិនស្ត្រីទាមទារកិច្ចសហការពីគ្រប់ភាគី រួមមានស្ថាប័នរដ្ឋ វិស័យឯកជន ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា សមាគមអាជីវកម្ម និងដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មឌីជីថលដែលមានភាពបើកចំហ បរិយាបន្ន និងមានភាពប្រកួតប្រជែង។

សូមជម្រាបជូនថា ក្នុងឱកាសនោះ ក៍មានរៀបចំកម្មវិធីដ៏មានសារៈសំខាន់ចំនួន២ សម្រាប់ធុរជន សហគ្រិន និងសាធារណជន ដែលមានចំណាប់អារម្មណ៍លើការធ្វើពាណិជ្ជកម្មក្នុងយុគសម័យឌីជីថលផងដែរ រួមមាន៖

១. កិច្ចពិភាក្សាពិគ្រោះយោបល់ លើប្រធានបទ៖ «ការពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្មដឹកនាំដោយស្ត្រីក្នុងយុគសម័យឌីជីថល៖ ពីគោលនយោបាយ និងហិរញ្ញវត្ថុ ទៅកាន់បច្ចេកវិទ្យា និងការពង្រីកទីផ្សារ»

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិនកិត្តិយសជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនធំៗរួមមាន៖

– កញ្ញា ស៊ូ មុន្នីពេជ្រ សហស្ថាបនិក និងជាអគ្គនាយិកា នៃក្រុមហ៊ុន Tube Coffee និងជាសមាជិកា ក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអង់គ្លេសប្រចាំកម្ពុជា

– លោកស្រី Nancy Zhang ប្រធានផ្នែកទំនាក់ទំនង នៃក្រុមហ៊ុន Huawei ប្រចាំកម្ពុជា

– លោកស្រី Mila Jivkova Kusheva នាយិកាផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Smart Axiata Co., Ltd.

– លោកស្រី ធាម រមណីយ អគ្គនាយករងប្រតិបត្តិ និងជានាយិកាទំនាក់ទំនងគូភាគី–ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA និងសម្របសម្រួលដោយ៖ លោក ជិន ថូមីត នាយកប្រតិបត្តិ នៃក្រុមហ៊ុន iDEN Creatives។

២. វគ្គបណ្តុះបណ្តាល (Master Class) ដែលចែកចេញជាពីរប្រធានបទរួមមាន៖ ប្រធានបទទី១៖ «យុទ្ធសាស្ត្រទីផ្សារឌីជីថលដោយប្រើប្រាស់ឧបករណ៍ AI» ឧទ្ទេសនាមដោយ កញ្ញា មេ សុខគន្ធារី ទីប្រឹក្សាយុទ្ធសាស្ត្រទីផ្សារ និងបរិវត្តកម្មឌីជីថល និងប្រធានបទទី២៖ «នវានុវត្តន៍ឌីជីថល និងពហុបច្ចេកវិទ្យា សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពរបស់កម្ពុជា» ឧទ្ទេសនាមដោយ លោក កែវ វឌ្ឍនៈ នាយកចាត់ការទូទៅផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងសម្របសម្រួលកម្មវិធីដោយ៖ ឌីជេ ណាណា (DJ Nana) អ្នកបង្កើតមាតិកា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា