ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

ប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីចេញវិធានការបណ្តោះអាសន្នក្នុងគ្រាតម្លៃប្រេងយន្តហោះឡើងថ្លៃខ្ពស់

បរទេស៖ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំ២នៅក្នុងតំបន់អាស៊ីជាច្រើនបានចេញវិធានការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ផលប៉ះពាល់ដល់វិស័យអាកាសចរណ៍ពីការឡើងថ្លៃនៃតម្លៃប្រេងយន្តហោះ នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

Advertisement

ចាប់តាំងពីមានសង្គ្រាមនៅមជ្ឈិមបូព៌ាតាំងតែពីចុងខែកុម្ភៈរហូតមក តម្លៃប្រេងឆៅបានឡើងថ្លៃជាង ៥០% ខណៈដែលតម្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោកបានឡើងថ្លៃខ្ពស់ជាងទ្វេដង។

លោក Tan Chi Siang មកពីក្រុមហ៊ុនប្រឹក្សា PwC Singapore បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅលើពិភពលោកបានអនុម័តវិធីសាស្រ្តគ្រប់គ្រងគ្រាមានអាសន្នស្រដៀងៗគ្នា ដើម្បីអាចការពារអាជីវកម្មរបស់ពួកគេ។ ដោយឡែក សម្រាប់បណ្តាក្រុមហ៊ុនអាកាសចរណ៍នោអាស៊ីក៏កំពុងរងផលប៉ះពាល់ខ្លាំងពីការឡើងថ្លៃតម្លៃប្រេងពិភពលោក និងការខ្វះខាតប្រេងឥន្ធនៈនៅក្នុងតំបន់ផងដែរ។

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងងាយរងគ្រោះដោយសារពឹងផ្អែកខ្លាំងលើប្រេងនាំចូលពីមជ្ឈិមបូព៌ា។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Korean Air, Asiana Airlines និង Busan Air បានចេញវិធានការក្នុងគ្រាអាសន្នមួយចំនួន ដោយភាគច្រើនកាត់បន្ថយចំណាយ ដូចជាការកាត់បន្ថយចំនួនជើងហោះហើរជាដើម។

លោក Woo Ki-hong អនុប្រធាន Korean Air បានលើកឡើងថា ក្រុមហ៊ុនកំពុងរៀបចំផែនការលើការចំណាយសម្រាប់ប្រេងឥន្ធនៈ ដោយវិធានការនេះក៏ជាវិធីសាស្ត្រមួយ ដើម្បីពង្រឹងគ្រឹះរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឲ្យរឹងមាំជាងមុនផងដែរ។

ចិនដីគោក និងហុងកុង៖ ថ្វីត្បិតតែចិនជាប្រទេសផលិតថាមពលដ៏សំខាន់ក៏ដោយ ប៉ុន្តែក៏ជាអ្នកនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោកដូចគ្នា ដែលធ្វើឲ្យឧស្សាហកម្មអាកាសចរណ៍របស់ចិនងាយរងគ្រោះទៅនឹងការប៉ះទង្គិចនៃថាមពលពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្ហាញក្តីបារម្ភថា ការរំខានជាសកល ជាពិសេស លក្ខខណ្ឌពាណិជ្ជកម្ម និងជម្លោះភូមិសាស្ត្រនយោបាយ អាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ខ្លួននៅឆ្នាំនេះ។ ជាក់ស្ដែង ចាប់តាំងពី​មានសង្គ្រាម​មក ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ជាច្រើន​បាន​ដំឡើង​ថ្លៃ​ប្រេង​បន្ថែម​នៅលើ​សំបុត្រយន្តហោះ​​។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបញ្ជាឱ្យរោងចក្រចម្រាញ់ប្រេងក្នុងស្រុកបញ្ឈប់ការនាំចេញប្រេងឥន្ធនៈក្នុងគោលបំណងរក្សាតម្លៃក្នុងស្រុក។ ដោយឡែក នៅទីក្រុងហុងកុងវិញ ក្រុមហ៊ុន Cathay Pacific បានដំឡើងថ្លៃប្រេងឥន្ធនៈលើជើងហោះហើរទាំងអស់ ដែលធ្វើឲ្យតម្លៃសំបុត្រកាន់តែថ្លៃ។

ជប៉ុន៖ ជប៉ុន​គឺជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​អន្តរជាតិ និងជា​អ្នក​ផលិត​គ្រឿង​បន្លាស់​យន្តហោះ​យ៉ាង​សំខាន់។ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) អះអាងថានឹងមិនដំឡើងថ្លៃប្រេងឥន្ធនៈលើសំបុត្រយន្តហោះដែលបានចេញក្នុងខែមេសា និងឧសភានោះទេ។ អ្នកនាំពាក្យរបស់ ANA បានលើកឡើងថា ផលប៉ះពាល់ភ្លាមៗនៃការឡើងថ្លៃថាមពលនាពេលនេះនោមានកម្រិត​​ ដោយសារពួកគេបានរៀបចំផែនការត្រៀមខ្លួនទុកជាមុន។ ចំពោះក្រុមហ៊ុន Japan Airlines វិញ​ មិនទាន់បានចាត់វិធានការជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែតម្លៃសំបុត្រយន្តហោះមួយចំនួនឡើងថ្លៃដោយសារតែការកើនឡើងនៃតម្រូវការ បន្ទាប់ពីក្រុមហ៊ុនបិទផ្លូវហោះហើរទៅមជ្ឈិមបូព៌ា។

ឥណ្ឌា៖ ឧស្សាហកម្មអាកាសចរណ៍របស់ឥណ្ឌារងការវាយប្រហារយ៉ាងខ្លាំងដោយការលុបចោលជើងហោះហើរទៅកាន់មជ្ឈិមបូព៌ា ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន។ យ៉ាងណាមិញ ឥណ្ឌានៅតែមានតម្រូវការសម្រាប់ជើងហោះហើរទៅកាន់មជ្ឈិមបូព៌ា ដោយក្រុមហ៊ុនអាកាសចរណ៍ Air India ធ្វើបច្ចុប្បន្នភាពរៀងរាល់ថ្ងៃលើជើងហោះហើរទៅកាន់តំបន់នេះ។ កាលពីថ្ងៃទី ២៣ ខែមីនា រដ្ឋាភិបាលបានដកច្បាប់កំណត់តម្លៃសំបុត្រយន្តហោះជាបណ្ដោះអាសន្ន ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងតម្លៃបាន។ ជាក់ស្តែង ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌាត្រូវបានហាមឃាត់ពីដែនអាកាសប៉ាគីស្ថានរួចទៅហើយកាល់ពីឆ្នាំមុន ដោយសារតែភាពតានតឹងរវាងប្រទេសទាំងពីរ។ គេព្យាករណ៍ថា ជើងហោះហើរក្នុងស្រុកនឹងមានតិចជាង ១០% នៅចន្លោះខែមីនាដល់ខែតុលា ដោយសារបញ្ហាប្រឈមទាំងនេះ។

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានបង្ហើបថា ការឡើងថ្លៃតម្លៃប្រេងឥន្ធនៈបានក្លាយជាខ្ទង់ចំណាយដ៏ធំបំផុតរបស់ខ្លួន ដែលមានចំណែករហូតដល់ប្រមាណ ៣០% នៃការចំណាយសរុប។ ថ្មីៗនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់សិង្ហបុរី បានលើកឡើងថា ខ្លួនកំពុងពន្យារពេលយកពន្ធថ្លៃឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព ឬ ឥន្ធនៈកកើតឡើងវិញ (SAF) ខណៈដែលវិស័យអាកាសចរណ៍គឺជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ច និងមានចំណែកប្រហែល ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។

ក្រៅពីនេះ នៅមានក្រុមហ៊ុនអាកាសចរណ៍របស់ហ្វីលីពីន និងវៀតណាម ក៏កំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈខ្លាំង រហូតផ្អាកជើងហោះហើរមួយចំនួនក្នុងស្រុក។ អ្នកជំនាញព្រមានថា ក្រុមហ៊ុនអាកាសចរណ៍ធំៗមានជម្រើសកាន់តែច្រើន និងដោះស្រាយគ្រប់គ្រាន់សម្រាប់ទប់ទល់ពីផលប៉ះពាល់នៃវិបត្តិថាមពល ប៉ុន្តែក្រុមហ៊ុនខ្នាតតូចនឹងប្រឈមផលលំបាកខ្លាំងដោយសារការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈជាសកល៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា