ធនាគារកណ្តាលជាច្រើន គ្រោងកាត់បន្ថយការកាន់កាប់លុយដុល្លារអាម៉េរិក ហើយងាកទៅទិញមាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារកណ្តាលជាច្រើន គ្រោងកាត់បន្ថយការកាន់កាប់លុយដុល្លារអាម៉េរិក ហើយងាកទៅទិញមាស

ធនាគារកណ្តាលជាច្រើន គ្រោងកាត់បន្ថយការកាន់កាប់លុយដុល្លារអាម៉េរិក ហើយងាកទៅទិញមាស

បរទេស៖ នេះគឺជាលើកដំបូង ដែលធនាគារកណ្តាលជាច្រើន មានផែនការកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារអាម៉េរិក ជាជាងការបង្កើនចំនួនប្រាក់ដុល្លារអាម៉េរិកនៅក្នុងធនាគារកណ្តាលរបស់ពួកគេនៅក្នុងទសវត្សរ៍ខាងមុខ ដោយសារការកើនឡើងនៃហានិភ័យនយោបាយ ភ្ជាប់ជាមួយនឹងរូបិយប័ណ្ណដុល្លារអាម៉េរិក។ នេះបើយោងតាមការរាយការណ៍ពី CNN Business។

Advertisement

ស្ថានភាពនេះកើតឡើងចំពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប៉ះពាល់ដល់ទីផ្សារថាមពលសកល រួមផ្សំជាមួយនឹងការដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការដាក់ពន្ធគយ។ ការរួមបញ្ចូលគ្នានៃបញ្ហាទាំងនេះបង្ហាញថា គោលនយោបាយការបរទេសរបស់អាម៉េរិកមានភាពមិនទៀងទាត់។

កាលពីថ្ងៃអង្គារកន្លងទៅនេះ វេទិកាស្ថាប័នហិរញ្ញវត្ថុ និងរូបិយវត្ថុផ្លូវការ (OMFIF) ដែលជាក្រុមស្រាវជ្រាវឯករាជ្យមានទីស្នាក់ការកណ្ដាលនៅទីក្រុងឡុងដ៍ ចេញផ្សាយទិន្នន័យពីការស្ទង់មតិលើធនាគារកណ្ដាលចំនួន ៧៤ នៅជុំវិញពិភពលោក ដែលធ្វើឡើងចន្លោះពីខែមីនា ដល់ខែឧសភា។

ការស្ទង់មតិ បានរកឃើញថា នេះជាលើកទីមួយហើយដែលធនាគារកណ្តាលជាច្រើនមានបំណងកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារជាជាងការបង្កើនចំនួនប្រាក់ដុល្លារក្នុងធនាគារកណ្តាលរបស់ពួកគេ។ លទ្ធផលទាំងនេះបង្ហាញពីនៃការផ្លាស់ប្ដូរជាសកលក្នុងការដើរចេញពីប្រាក់ដុល្លារអាម៉េរិក ឬ De-dollarization។

វិធីសាស្ត្រ De-dollarization នេះ ទាមទារឱ្យមានការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មសកល និងប្រតិបត្តិការហិរញ្ញវត្ថុ ដើម្បីឱ្យធ្លាក់ចុះនៃតម្រូវការ និងតម្លៃរបស់វា។

យោងតាមធនាគារ JPMorgan បានឱ្យដឹងថា កាលពីឆ្នាំ ២០២៥ ចំណែកនៃប្រាក់ដុល្លារអាម៉េរិកនៅក្នុងទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលនានា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

ទន្ទឹមនឹងនេះ របាយការណ៍របស់ OMFIF រកឃើញថា នៅឆ្នាំ ២០២៦ នេះ បញ្ហាភូមិសាស្ត្រនយោបាយបន្ថែមទៅលើបរិយាកាសនយោបាយផ្ទៃក្នុងរបស់អាម៉េរិក កាន់តែធ្វើឱ្យការវិនិយោគលើប្រាក់ដុល្លារកាន់តែធ្លាក់ចុះ។ នេះឆ្លុះបញ្ចាំងពីឥទ្ធិពលរបស់អាម៉េរិកក្នុងការបង្កើនហានិភ័យភូមិសាស្ត្រនយោបាយ។

យ៉ាងណាមិញ របាយការណ៍កត់សម្គាល់ថា ប្រាក់ដុល្លារអាម៉េរិកនៅតែដើរតួឈានមុខគេនៅក្នុងផលប័ត្រវិនិយោគ ហើយនឹងអាចបន្តរក្សាតួនាទីនេះក្នុងរយៈពេលវែងខាងមុខ។ ប្រាក់ដុល្លារអាម៉េរិកប្រមាណ ៥៨ ភាគរយស្ថិតនៅក្នុងក្រោមការបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលនានាក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

ឥឡូវនេះ ធនាគារកណ្តាលនានាកំពុងងាកទៅរកប្រាក់អឺរ៉ូ និងប្រាក់យ័នចិន។ ស្ទើរតែគ្រប់ធនាគារកណ្តាលទាំងអស់ដែលបានផ្ដល់បទសម្ភាសន៍ យល់ឃើញថា ប្រាក់យ័នចិនផ្ដល់នូវការធ្វើពិពិធកម្ម ដែលអាចកាត់បន្ថយហានិភ័យ ខណៈដែលមួយចំនួនធំទៀត យល់ឃើញថា ប្រាក់អឺរ៉ូបានក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់ការប្រើប្រាស់ក្នុងពាណិជ្ជកម្មសកល។

អ្នកឆ្លើយសំណួរ ២៩ ភាគរយបង្ហាញពីបំណងចង់បង្កើនការកាន់កាប់ប្រាក់អឺរ៉ូក្នុងរយៈពេលវែង ដែលកើនឡើងពីអត្រា ២២ ភាគរយកាលពីឆ្នាំមុន។ ក្នុងពេលជាមួយគ្នានេះដែរ តម្រូវការសម្រាប់រូបិយប័ណ្ណជំនួសផ្សេងទៀតដូចជា ប្រាក់ដុល្លារសិង្ហបុរី ប្រាក់វ៉ុនកូរ៉េខាងត្បូង និងប្រាក់រ៉ង់អាហ្វ្រិកខាងត្បូង ក៏កំពុងមានការរីកចម្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃហានិភ័យភូមិសាស្ត្រនយោបាយកំពុងជំរុញឱ្យមានតម្រូវការមាសកាន់តែខ្លាំង។ ធនាគារកណ្តាលនានាបង្ហើបថា ពួកគេចង់បង្កើនការវិនិយោគលើមាស ទោះបីជាតម្លៃវាហក់ឡើងខ្ពស់ជាង ២០ ភាគរយ ធៀបនឹងឆ្នាំមុនក៏ដោយ។

បច្ចុប្បន្ននេះ មាសបានក្លាយជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រគ្រប់គ្រងទ្រព្យសម្បត្តិរបស់បណ្តាប្រទេសនានា។ ហេតុផលនេះត្រូវបានជំរុញដោយតម្រូវការការពារខ្លួនពីហានិភ័យភូមិសាស្ត្រនយោបាយ និងការកើនឡើងនូវមន្ទិលសង្ស័យអំពីស្ថិរភាពនៃប្រព័ន្ធរូបិយវត្ថុអន្តរជាតិ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា